Kun Khmer

លោក​គ្រូ សាន សៅយ៉ាន់​ថា​ សុខ ធី ប៉ះ Mongkolpetch អាច​ស៊ី​សងគ្នាបាន​

09/08/2020

ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​នៅ​សង្វៀន​បាយ័ន​ សុខ ធី ត្រូវ​​ធ្វើ​ការ​ងារ​ធ្ងន់​ទៀត​​ហើយ​ដើម្បី​ស្វែ​ង​រក​ជ័យជម្នះ​នៅ​ស្ថាប័ន​ប្រដាល់​ធំ​លំដាប់​ពិភព​លោក​ ONE Championship។

សុខ ធី ហ្វឹកហាត់​នៅ​ថៃ

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​​ត្រូវ​ប្រឈម​នឹង​​កីឡាករ​ម្ចាស់​ផ្ទះ​ជា​ជើង​ខ្លាំង​លំប្រដាប់​ប្រទេស​ថៃ​ Mongkolpetch Petchyindee នា​ថ្ងៃ​​សុក្រ ទី​​២១​​ ខែ​សីហា​​ ឆ្នាំ​២០២០​ ក្នុង​ព្រឹត្តិការណ៍​ ONE: NO SURRENDER III នៅ​​​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

ជុំ​វិញ​ការ​ជំនួប​ដ៏​សំខាន់​នេះ​​ លោក​ សាន​ សៅយ៉ាន់​ គ្រូ​បង្វឹក​ សុខ ធី​ នៅ​កម្ពុជា​បាន​ប្រាប់​ថា​ កូន​សិស្ស​របស់​លោក​​បាន​ហ្វឹក​ហាត់​​យូរ​​ដែរ​ហើយ​នៅ​​ប្រទេស​ថៃ។ ការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ជា​កន្លែង​ដែល​ឪពុក​ម្តាយ​របស់​​គេ​ធ្វើ​ការ​នៅ​ទី​នោះ។

លោក​ សាន សៅយ៉ាន​ ប្រាប់​ ៖«សុខ​ ធី​ ខំ​ប្រឹង​ហាត់​យូរ​ហើយ​ ហើយ​ពេល​មាន​ឈ្មោះ​វ៉ៃ​គេ​កាន់​តែ​ប្រឹង​ទ្វេ​ឡើង។ ខ្ញុំ​ជឿ​​ថា​ សមត្ថភាព​គេ​ល្អ​ជាង​មុន​ ​ព្រោះ​ហាត់​នៅ​ថៃ​ជាប់​លាប់​ល្អ»។

ប្រៀប​ធៀប​សមត្ថភាព​ជើង​ខ្លាំង​កម្ពុជា​ និង​ម្ចាស់​ផ្ទះ​​ត្រូវបាន​គ្រូ​បង្វឹក​​រូប​នេះ​លើក​ឡើង​ថា​ កីឡាករ​ម្ចាស់​ផ្ទះ​ Mongkolpetch មាន​ប្រៀប​ជាង​កូន​សិស្ស​របស់​លោក។

លោក សាន សៅយ៉ាន់ (កណ្តាល) សុខ ធី (ឆ្វេង) និង សុខ រិទ្ធ (ស្តាំ)

«​គេ​ល្អ​ជាង​យើង​ តែ​មិន​ដាច់​ឆ្ងាយ​ខ្លាំង​ទេ។ គ្រាន់​តែ​កាយ​សម្បទា​គេ​​មាន​ប្រៀប​ ហើយ​ទម្ងន់​គេ​លើ​យើង​ ព្រោះ​យើង​តម្លើង​គីឡូ​វ៉ៃ​ជា​មួយ​គេ។ ​និយាយ​ទៅ​ គេ​មិន​លើស​យើង​ខ្លាំង​ទេ។ គូ​នេះ​​ល្អ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ អាច​ស៊ី​សង​គ្នា​បាន»។​

សុខ ធី​ ដែល​មាន​កំណត់​​ត្រា​ប្រកួត​គុន​ខ្មែរ​ឈ្នះ​​២២៣​ដង ចាញ់​៣៧ និង​ស្មើ​១២​ដង​​ផ្តើម​ចេញ​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ពី​ប្រទេស​ថៃ​ បន្ទាប់​ពី​បាន​ឈ្នះ​​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​​នៅ​សង្វៀន​បាយ័ន​ឆ្នាំ​២០១៨​ និង​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​ដដែល។ សព្វ​ថ្ងៃ​រូប​គ​កំពុង​​ហ្វឹក​ហាត់​នៅ​ក្លឹប​ Paedminburi Gym ប្រទេស​ថៃ។ ​​

នៅ​ស្ថាប័ន​ ONE​ ជើង​ខ្លាំង​គុន​ខ្មែរ​ សុខ ធី បាន​ចាញ់​​​ពិន្ទុ​ខ្លា​ចាស់​ថៃ​ Lerdsila​ នៅ​ ONE: Pinnacle of Power ​ឆ្នាំ​២០១៨​នៅ​ទី​ក្រុង​ម៉ាកាវ​ ប្រទេស​ចិន និង​ចាញ់​លើក​ទី​២​ដោយ​ពិន្ទុ​​នៅ​ ONE: Warrior’s Dream ហើយ​លើក​ទី​៣​ចាញ់​ Rodtang នៅ​ប្រទេស​ថៃ​ឆ្នាំ​២០១៩។

Mongkolpetch ហ្វឹកហាត់​

Mongkolpetch Petchyindee ជា​ជើង​ខ្លាំង​ចាស់​វស្សា​ម្នាក់​ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​សង្វៀន​ក្នុង​ស្រុក និង​អន្តរជាតិ​ច្រើន។ ជា​មួយ​នឹង​កំណត់​​ត្រា​​ឈ្នះ​១១៣ និង​ចាញ់​៤០​ដង​ រូប​គេ​ធ្លាប់​​ឈ្នះ​ជើង​ឯក​​ខ្សែ​​ក្រវាត់​មួយ​ថៃ​ពិភព​លោក​​នៅ​សង្វៀន​ Lumpinee Stadium នៅ​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​ដដែល​នេះ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​មួយ​ថៃ​​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​សង្វៀន​ Channel 7 Boxing Stadium។ ​នៅ​ស្ថាប័ន​ ONE Championship ​រូប​គេ​បាន​ប្រកួត​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​គឺ​ឈ្នះ​កីឡាករ​ Alexi Serapisos នៅ​​​ឥណ្ឌូណេស៊ី​ ឆ្នាំ​២០១៩ និង​ឆ្នាំ​ដដែល​នេះ​ រូប​គេ​បាន​ឈ្នះ​​កីឡាករ​អ៊ីតាលី Joseph Lasiri នៅ​​វៀតណាម៕

អាន​បន្ថែម