Kun Khmer

មក​ស្គាល់​ឲ្យ​ច្បាស់​កីឡាការិនី​លេខ​១​ឥណ្ឌា​ Ritu ​ដៃ​គូ​របស់​ នៅ ស្រីពៅ​ ចុងខែនេះ​

19/10/2020

កីឡា​ការិនី​ចំបាប់​ជម្រើស​ជាតិ​ឥណ្ឌា​ Ritu Phogat បាន​ចូល​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ ONE​ Championship បន្ទាប់​ពី​នាង​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ព្រឹត្តិការណ៍​ ​Commonwealth​ Wrestling​ Championship​។

កីឡា​ការិនី​រូប​នេះ​ជា​កូន​ស្រី​របស់​គ្រួសារ​អ្នក​ចំបាប់​ឥណ្ឌា​ដែល​មាន​ឪពុក​ជា​អតីត​កីឡាករ​ចំបាប់​ពិភព​លោក​ Mahavir Singh Phogat។ នាង​បាន​ចាប់​ហ្វឹក​ហាត់​កីឡា​ចំបាប់​តាម​ឪពុក​របស់​ខ្លួន​តាំង​ពី​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ​ ដោយ​បាន​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ពេល​នាង​ចូល​រៀន​ដល់​ថ្នាក់​ទី​១០​ដើម្បី​ផ្តោត​លើ​កីឡា​ចំបាប់​ទាំង​ស្រុង​តែ​ម្តង។

Ritu Phogat បាន​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ឥណ្ឌា​២​លើក​ជាប់​គ្នា​ពោល​គឺ​នៅ​ឆ្នាំ​២០១៥​ និង​២០១៦​​។ បន្ទាប់​មក​ នាង​បាន​សាង​ស្នាដៃ​អន្តរជាតិ​ជា​ច្រើន​ជូន​ជាតិ​។ ​ឆ្នាំ​២០១៦​នាង​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ព្រឹត្តិការណ៍​ប្រកួត​ Commonwealth Wrestling Championship នៅ​ប្រទេស​សិង្ហបុរី។

នៅ​ឆ្នាំ​២០១៧​ នាង​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​ជើង​ឯក​ចំបាប់​អាស៊ី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​ឆ្នាំ​នេះ​ដដែល​ នាង​បាន​ឈ្នះ​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ជើង​ឯក​ចំបាប់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ (World U23 Championship)​នៅ​ប្រទេស​ប៉ូឡូញ។ នាង​បាន​ក្លាយ​ជា​កីឡា​ការិនី​ឥណ្ឌា​ទី​១​ដែល​បាន​ឈ្នះ​មេដាយ​​​ប្រាក់​ពី​ព្រឹត្តិការណ៍​ពិភព​លោក​នោះ។

ផ្អែក​តាម​បទ​ពិសោធ​ និង​សមិទ្ធផល​ដែល​នាង​បាន​នាំ​យក​ជូន​ជាតិ​គឺ​មាន​ន័យ​ថា​ គុណភាព​កីឡា​ចំបាប់​របស់​នាង​គឺ​ខ្ពស់​កម្រិត​ពិភព​លោក​ដែល​នឹង​​បង្ក​ហានិភ័យ​ដល់​អ្នក​លេង​គុន​ខ្មែរ​ នៅ​ ស្រីពៅ ដែល​​ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា ខាង​មុខ​នេះ​នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ក្នុង​ប្រទេស​សិង្ហបុរី។

កីឡា​ការិនី​កម្ពុជា​ នៅ ស្រីពៅ​ ក៏​ធ្លាប់​មាន​បទ​ពិសោធ​២​លើក​ដែរ​នៅ​សង្វៀន​ ONE Championship ក្នុង​នោះ​ឈ្នះ​ពិន្ទុ​កីឡា​ការិនី​ថៃ​  Rika​ “Tiny ​Doll”​ Ishige​  និង​ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌូណេស៊ី​ Priscilla​ Hertati​ Lumban​ Gaol​។ ថ្វី​បើ​កីឡាការិនី​កម្ពុជា​នេះ​ខ្វះ​បទ​ពិសោធ​ចំបាប់​ ប៉ុន្តែ​នាង​មាន​បទ​ពិសោធ​គុន​ខ្មែរ​ និង​ប្រដាល់​សកល​ច្រើន។

បន្ទាប់​ពី​ជោគជ័យ​ក្នុង​អាជីព​ចំបាប់​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ កីឡាការិនី​ Ritu Phogat បាន​សម្លឹង​ឃើញ​ឱកាស​ល្អ​ទៀត​គឺ​ចាប់​យក​អាជីព​ប្រដាល់​គុន​ចម្រុះ​។ ដូច្នេះ​ហើយ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នាង​បាន​ចុះ​កុងត្រា​ចូល​ស្ថាប័ន​ ONE​ Championship ជា​មួយ​នឹង​គោល​បំណង​ធំ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន។

Ritu Phogat បាន​ប្រាប់​ពី​គោល​បំណង​ធំ​របស់​ខ្លួន​ថា​ នាង​នឹង​ខិត​ខំ​គ្រប់​បែប​យ៉ាង​ក្នុង​អាជីព​គុន​ចម្រុះ​ដើម្បី​ក្លាយ​ជា​កីឡា​ការិនី​ឥណ្ឌា​ទី​១​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ ​ខណៈ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​កីឡា​ការិនី​គុន​ចម្រុះ​ឥណ្ឌា​ណា​ឈ្នះ​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​ចូល​ ONE ជា​ផ្លូវ​ការ​មក​ កីឡា​ការិនី​ឥណ្ឌា​រូប​នេះ​បាន​ឡើង​ប្រកួត​គុន​ចម្រុះ​ពីរ​ដង​ហើយ​ពោល​គឺ​ឈ្នះ​ទាំង​ពីរ​លើក។ ​លើក​ទី​១​នាង​ផ្តួល​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ Kim Nam Hee ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១​តាម​រយៈ​កណ្តាប់​ដៃ​នៅ​ប្រទេស​ចិន​ និង​លើក​ទី​២​ឈ្នះ​ពិន្ទុ​កីឡា​ការិនី​តៃវ៉ាន់​ Chiao​ Chen​ Wu​ នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០។

​ថ្ងៃ​សុក្រ​ ទី​៣០ ខែ​តុលា​ខាង​មុខ​នេះ ​Ritu ត្រូវ​ជួប​កីឡាការិនី​កម្ពុជា​នៅ​ប្រទេស​សិង្ហបុរី​ដែល​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​បង្ហាញ​ខ្លួន​ប្រកួត​លើក​ទី​៣​ដូច​គ្នា។ ប្រសិន​បើ​កីឡាការិនី​ឥណ្ឌា​រូប​នេះ​អាច​យក​ឈ្នះ​ នៅ ស្រីពៅ​បាន​នោះ​មាន​ន័យ​ថា ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​លើ​ឆាក​សង្វៀន​អន្តរជាតិ​នេះ។

ជា​ពិសេស​ទៀត​នោះ​ Ritu មាន​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ដែល​ជា​គោល​ដៅ​ធំ​បំផុត​របស់​នាង។ យ៉ាង​ណា វា​មិន​ងាយ​ស្រួល​នោះ​ទេ​ ខណៈ​ ស្រីពៅ ជា​កីឡា​ការិនី​ម្នាក់​ដែល​មាន​ជំនាញ​គុន​ខ្មែរ​ ប្រដាល់​សកល និង​គុន​ចម្រុះ​ ដូច្នេះ​ច្បាស់​ណាស់​ថា​ នឹង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​កីឡាការិនី​ឥណ្ឌា៕

អាន​បន្ថែម៖ ផ្លូវ​ការ! នារី​លេខ​១​កម្ពុជា​ នៅ​ ស្រីពៅ ប៉ះ​នារី​លេខ​​១​ឥណ្ឌា​ Ritu នៅ ONE