Mixed Martial Arts

មក​ដឹង​​ អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់​ Wakamatsu ដែល​គេ​​ចង់​ឲ្យ​ជួប​ ចាន់ រតនា​

20/07/2020

អ្នក​លេង​គុន​ចម្រុះ​ជប៉ុន​ Yuya Wakamatsu បាន​ចាប់​ប្រឡូក​ចូល​ក្នុង​អាជី​ប្រដាល់​គុន​ចម្រុះ​នៅ​ពេល​រូប​គេ​អាយុ​១៨​ឆ្នាំ។ ក្នុង​រយៈ​ពេល​៧​ឆ្នាំ​កន្លង​ទៅ​ ជើង​ខ្លាំង​​រូប​​នេះ​ធ្លាប់​ឡើង​សង្វៀន​គុន​ចម្រុះ​ច្រើន​​ហើយ​ពោល​គឺ​បាន​១៦​ដង ក្នុង​នោះ​ឈ្នះ​១២​ដង និង​ចាញ់​៤​ដង។ ក្នុង​ចំណោម​ជ័យជម្នះ​១២​​ដង​នេះ​ រូប​គេ​បាន​ផ្តួល​ដៃ​គូ​ប្រកួត​ឲ្យ​សន្លប់​រហូត​ដល់​​១០​ដង។

Yuya Wakamatsu វ៉ៃ​ទៅ​លើ​ Gej Eustaquio

Wakamatsu ជា​កីឡាករ​​កំពុង​ពេញ​កម្លាំង​ស្ថិត​ក្នុង​​វ័យ​២៥​ឆ្នាំ​ជា​មួយ​នឹង​កម្លាំង​ស៊ុហ្វ​ពេញ​ល្អ​ ចលនា​បំលាស់​ទី​លឿន​ និង​អាវុធ​ធ្ងន់​ល្អ។ អាវុធ​ប្រចាំ​ត្រកូល​ដែល​រូប​គេ​តែង​តែ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​គឺ​កណ្តាប់​ដៃ​ថ្ម​តែ​ម្តង។ ក្នុង​ចំណោម​ដៃ​គូ​សន្លប់​ចំនួន​១០​​​នាក់​​គឺ​​​មាន​៩​នាក់​ទៅ​ហើយ​បាន​សន្លប់​ដោយ​សារ​ទម្ងន់​កណ្តាប់​ដៃ​លឿន​របស់​គេ​ ខណៈ​ម្នាក់​ទៀត​សន្លប់​ដោយ​សារ​ជង្គង់។

ថ្វី​បើ​រូប​គេ​តាំង​ពី​ប្រឡូក​ចូល​ប្រដាល់​មក​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ ប៉ុន្តែ​សមត្ថភាព​​​ពូកែ​របស់​គេ​គឺ​របៀប​វ៉ៃ​ឈរ​។ ដោយ​មើល​ឃើញ​ពី​លក្ខណៈ​ពិសេស​នៃ​ការ​ប្រើ​កណ្តាប់​ដៃ​ដ៏​មាន​ប្រសិទ្ធភាព​នោះ​ហើយ​ទើប​ ON Championship បាន​ផ្គូផ្គង​ឲ្យ​រូប​គេ​ជួប​ជើង​ខ្លាំង​គុន​ខ្មែរ​ ចាន់ រតនា

Yuya Wakamatsu វ៉ៃ​ទៅ​លើ​ Gej Eustaquio

អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ​ជ្រាប់​ច្បាស់​ហើយ​ថា អ្នក​លេង​គុន​ខ្មែរ និង​ក្នុង​ទ្រុង ចាន់ រតនា​ ល្បី​ល្បាញ​​លើ​ឆាក​អន្តរជាតិ​​តាម​រយៈ​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​នៅ​សង្វៀន​ ON Championship ដោយ​ទទួល​បាន​​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​ ប៉ុន្តែ​ក្បាច់​ផ្តួល​ដៃ​គូ​រូប​នេះ​គឺ​កណ្តាប់​ដៃ​ និង​ទាត់​ ដែល​​របៀប​​វ៉ៃ​គុន​ខ្មែរ។

ទោះ​បី​ជា​យ៉ាង​ណា​ ការ​ផ្គូផ្គង​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​ឲ្យ​ជួប​គ្នា​មិន​បាន​កើត​ឡើង​តាម​ការ​គ្រោង​ទុក​ឡើយ​ដោយ​សារ​បញ្ហា​ជំងឺ​កូវិត-១៩​ទើប​ត្រូវ​បាន​រំសាយ​វិញ។ បែប​នេះ​ក្តី​នា​ពេល​ខាង​មុខ​ អ្នក​ទាំង​ពីរ​អាច​នឹងមាន​ឱកាស​​ជួប​គ្នា​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​ នៅ​ពេល​បញ្ហា​ជំងឺ​ឆ្លង​បាន​រលត់​ផុត​ពី​ផែន​ដី។

Yuya Wakamatsu ធ្លាប់​វ៉ៃ​នៅ​សង្វៀន​គុន​ចម្រុះ​ ONE Championship បាន​ចំនួន​៤​ដង​ហើយ​ បន្ទាប់​ពី​ចុះ​កុងត្រា​កាល​ពី​​ចុង​ឆ្នាំ​២០១៨។ ៤​ប្រកួត​នេះ​រូប​គេ​បាន​​ចាញ់​​២​ដង​គឺ​ចាញ់​ពិន្ទុ​ Danny Kingad ក្នុង​ព្រឹត្តិការណ៍​ ONE Championship: Conquest of Heroes ឆ្នាំ​២០១៨ និង​ចាញ់​ Demetrious Johnson នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ដដែល​​ រូប​គេ​បាន​​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​២​លើក​ជាប់​គ្នា​វិញ​តាម​រយៈ​ផ្តួល​ Geje Eustaquio ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ នៅ​ ONE Championship: Dawn of Heroes​ នៅ​ប្រទេស​ហ្វីលីពីន​ និង​ឈ្នះ​ពិន្ទុ​កីឡាករ​ Dae Hwan Kim ក្នុង​ព្រឹត្តិការណ៍​ ONE Championship: Century នៅ​ប្រទេស​កំណើត៕​

Yuya Wakamatsu វ៉ៃ​ទៅ​លើ​ Geje Eustaquio

​​