Kickboxing

តើ​​ចំណុច​ខ្សោយ​អ្វី​ដែល​ សុខ​ ធី រក​ឃើញ​ពី​​ Mongkolpetch មុន​ប៉ះ​គ្នា?

18/08/2020

បើ​ទោះ​ជា​អ្នក​លេង​មួយ​ថៃ​ Mongkolpetch Petchyindee ជា​ជា​ជើង​ខ្លាំង​ល្បី​លំដាប់​ប្រទេស​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​ សុខ ធី ក៏​បាន​សិក្សា​ឃើញ​​ពី​ចំណុច​ខ្សោយ​ខ្លះ​ៗ​របស់​ដៃ​គូ​នៅ​ពេល​អ្នក​ទាំង​ពីរ​ត្រូវ​ឡើង​អង្រួន​ឆាក​លំដាប់​ពិភព​លោក​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER III រាត្រី​​ថ្ងៃ​សុក្រ​ ទី​២១ ខែសីហា ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

សុខ ធី និង Rodtang

​កីឡាករ​ថៃ​ Mongkolpetch Petchyindee ជា​ជើង​ខ្លាំង​ចាស់​វស្សា​ម្នាក់​ដែល​មាន​ប្រវត្តិ​ឆ្លង​កាត់​សង្វៀន​ក្នុង​ស្រុក និង​អន្តរជាតិ​ច្រើន។ ជា​មួយ​នឹង​កំណត់​​ត្រា​​ឈ្នះ​ ១១៣ និង​ចាញ់​៤០​ដង​ រូប​គេ​​ធ្លាប់​​ឈ្នះ​ជើង​ឯក​​ខ្សែ​​ក្រវាត់​មួយ​ថៃ​ពិភព​លោក​​នៅ​សង្វៀន​ Lumpinee Stadium នៅ​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​ដដែល​នេះ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​មួយ​ថៃ​​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​សង្វៀន​ Channel 7 Boxing Stadium។ ជា​មួយ​គ្នា​នេះ​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ម៉ារ៉ាតុង​តូយូតា​​ឆ្នាំ​២០១៨។

អ្នក​លេង​គុន​ខ្មែរ​ សុខ ធី បាន​ប្រាប់​ថា​ កីឡាករ​ថៃ​​ជា​ដៃ​គូ​ម្នាក់​នេះ​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ និង​ចាស់​វស្សា​ជាង​ខ្លួន។ ដៃ​គូ​ម្នាក់​នេះ​​មាន​អាវុធ​វ៉ៃ​ចេញ​គ្រប់​ទាំង​អស់​ពោល​គឺ​កណ្តាប់​ដៃ​ ទាត់​លើ​-ក្រោម​ ជង្គង់ និង​កែង និង​មាន​កម្លាំង​ស៊ុហ្វ​ក៏​ល្អ​ថែម​ទៀត។

«បាទ​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ដែរ។ និយាយ​ទៅ​​គាត់​ខ្លាំង។​ គាត់​ល្បី​យូរ​ហើយ​មុន​ខ្ញុំ​ទៀត។​ គាត់​មាន​អាវុធ​គ្រប់​គ្រឿង»។ សុខ ធី បាន​និយាយ។

«គាត់​មាន​អាវុធ​គ្រប់​គ្រឿង​មែន​ តែ​​អាវុធ​គាត់​អត់​សូវ​ធ្ងន់​ខ្លាំង​ទេ។ ខ្ញុំ​គិត​ថា​ យើង​នឹង​វ៉ៃ​គ្នា​ល្អ​មើល»។ នេះ​ជា​ការ​លើក​ឡើង​របស់​ សុខ ធី។

Mongkolpetch ទាត់​លើ Joseph Lasiri

លោក សាន់ សៅយ៉ាន់ គ្រូ​បង្វឹក​​បាន​ប្រាប់​ថា​ សុខ ធី ខំ​ប្រឹង​ហាត់​យូរ​ហើយ ហើយ​ពេល​មាន​ឈ្មោះ​វ៉ៃ​គេ​កាន់​តែ​ប្រឹង​ទ្វេ​ឡើង។ ប្រៀប​ធៀប​សមត្ថភាព​ជើង​ខ្លាំង​កម្ពុជា​ និង​ម្ចាស់​ផ្ទះ​​ត្រូវបាន​គ្រូ​បង្វឹក​​រូប​នេះ​លើក​ឡើង​ថា​ Mongkolpetch មាន​បទ​ពិសោធ​ និង​ចាស់​វស្សា​​ច្រើន​ជាង​ សុខ ធី។

«​គេ​ល្អ​ជាង​យើង​ តែ​មិន​ដាច់​ឆ្ងាយ​ខ្លាំង​ទេ។ គ្រាន់​តែ​កាយ​សម្បទា​គេ​​មាន​ប្រៀប​ ហើយ​ទម្ងន់​គេ​លើ​យើង​ ព្រោះ​យើង​តម្លើង​​​គីឡូ​វ៉ៃ​ជា​មួយ​គេ។ ​គូ​នេះ​​ល្អ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ អាច​ស៊ី​សង​គ្នា​បាន»។​

សុខ ធី បាន​ចាញ់​​​៣​លើក​ជាប់​គ្នា​​នៅ​ស្ថាប័ន​ ONE Championship ប៉ុន្តែ​នៅ​តែ​មាន​​​មហិច្ឆតា​ស្វែង​រក​កំណត់​ត្រា​ជ័យជម្នះ​​លើក​ដំបូង​របស់​ខ្លួន​នៅ​សង្វៀន​កំពូល​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ។ រូប​គេ​ចាញ់​​​ពិន្ទុ​ខ្លា​ចាស់​ថៃ​ Lerdsila ​២​ដង​ និង​លើក​ទី​៣​ចាញ់​ Rodtang។ ជា​មួយ​នឹង​កំណត់​​ត្រា​ប្រកួត​គុន​ខ្មែ​រ ​​២២៣​-៣៧-១២ សុខ ធី​ មាន​មហិច្ឆតា​ស្វែង​រក​ជ័យជម្នះ​នៅ ONE៕

អាន​អត្ថបទ​ផ្សេង​ៗ

 

 

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។