Kun Khmer

ជ័យជម្នះ​​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​៣​លើក​របស់​ ចាន់ រតនា​ ​​នៅ​សង្វៀន​ ONE

ចាន់ ​រតនា​ ​​​បច្ចុប្បន្ន​គឺ​ជា​​​កំពូល​​កីឡាករ​​គុន​ចម្រុះ​ដែល​ទទួល​បាន​ការ​គោរព​ច្រើន​​ទាំង​​នៅ​ក្នុង​ស្រុក​ ​​និង ​ឆាក​អន្តរជាតិ​ជា​ពិសេស​ពេល​រូប​គេ​​ទទួល​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​ ONE Championship។ ​ជ័យជម្នះ​ ៣ ​លើក​ជាប់​គ្នា​​ចុង​ក្រោយ​បាន​បំបែក​កំណត់​ត្រា​របស់​កីឡាករ​កម្ពុជា​ដែល​បង្ហាញ​ខ្លួន​នៅ​សង្វៀន​ដ៏​ធំ​នេះ។ ​​ ​ក្នុង​​ចំណោម​ការ​បង្ហាញ​ខ្លួន​១០​លើក​​នៅ​សង្វៀន​​កម្រិត​ពិភព​លោក​ ONE ​​ក៏​មាន​ជ័យជម្នះ​​ល្អ​បំផុត​ចំនួន​៣​​ដែល​រូប​គេ​​ផ្ដួល​គូ​បដិបក្ខ​ឲ្យ​សន្លប់​នា​ពេល​កន្លង​មក។ ​

ចាន់ ​រតនា​ ​ផ្ដួល​ Fernandes ​ត្រឹម​ទឹក​ទី២​​មិន​អាច​បំភ្លេច​បាន​

​នេះ​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ​ក្នុង​​ទម្ងន់​ flyweight ​រវាង​​​កំពូល​​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា​ ​ និង​  Abro Fernandes ឬ ឈ្មោះ​​ក្រៅ​ “The Black Komodo”​ ក្រោម​ក្រសែ​ភ្នែក​របស់​​ទស្សនិកជន​​ដ៏​កុះករ​​នៅ​កម្មវិធី​ ONE: DESTINY OF CHAMPIONS ​កាល​ខែ​ ធ្នូ ឆ្នាំ ២០១៨ ​​​ជា​ពេល​​ដែល​​អ្នក​លេង​គុន​ចម្រុះ​របស់​កម្ពុជា​អាច​ផ្ដួល​​គូ​​បដិបក្ខ​​ឲ្យ​សន្លប់​នៅ​ទឹក​ទី២។ ​ ​
ចាន់ រតនា​ ​អាច​រក្សា​លំនឹង​បាន​ល្អ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​​នេះ​ទោះ​​​គូ​ប្រជែង​ខំ​ប្រើ​ក្បាច់​ចំបាប់​ដើម្បី​កាច់​​បំបាក់​ក៏​ដោយ។ ​ រតនា​ ​បាន​ផ្ដល់​​ផល​តប​ស្នង​​ឲ្យ​ Fernandes ​នូវ​កណ្ដាប់​ដៃ​ត្រលប់​ទៅ​វិញ​ភ្លាមៗ​តាម​របៀប​​គុន​ខ្មែរ​ និង យុទ្ធគុន​ខម។​ កីឡាករ​តំណាង​ឲ្យ​កម្ពុជា​​​​ការពារ​បាន​ល្អ​​​ពី​ការ​ចូល​ចាប់​របស់​ “The Black Komodo” ​នៅ​ទឹក​​ទី២។ ​បន្ទាប់​មក​ Fernandes ​​ក៏​បាន​​ព្យាយាម​ប្រើ​ក្បាច់​ឃ្លេ​ក​ ​​ប៉ុន្តែ ​​​មិន​អាច​ទៅ​រួច។ ​រតនា​ ​បាន​ដើរ​ចូល​ និង​ ​​ប្រើ​កណ្ដាប់​ដ៏​​មាន​ប្រសិទ្ធភាព ​ថែម​ទាំង​ទទួល​ផល​ពី​ចៅក្រម។ ​ ​រតនា​ ​​​បាន​ប្រើ​កណ្ដាប់​ដៃ​ខាវ​ឆ្វេង​ស្ដាំ​ និង​រក្សា​​ការ​គាប​សង្កត់​​របស់​​គូ​ប្រកួត​​ មុន​ពេល​​​ម៉ាត់​ និង​អុក​ជង្គង់​​ដើម្បី​យក​ឈ្នះ​តែ​ម្ដង។

 

ចុចអាន គុន​ខ្មែរ​គឺ​ជា​មោទនភាព​​ពី​​អតីត​កាល​ និង​ បច្ចុប្បន្ន​ ​របស់​កម្ពុជា​

​ចាន់ ​រតនា ​បញ្ចប់​​កីឡាករ​​ឥណ្ឌូណេស៊ី​ Rudy Agustian ​មិន​ឲ្យត​ដៃ​

Rudy Agustian ជា​​កីឡាករ​​ដែល​​​បញ្ចប់​ ខុន ស៊ីចាន់ ​ត្រឹម​ទឹក​ទី១ ប៉ុណ្ណោះ​​​កាល​ខែ​ ​កុម្ភៈ​ ឆ្នាំ ២០១៩។ ប៉ុន្តែ​គេ​ចាញ់​​ក្រោម​កណ្ដាប់​ដៃ​មហា​ទម្ងន់​របស់​ ចាន់​ រតនា ត្រឹម​​ទឹក​ទី២​នា​ឆ្នាំ​ដដែល​​នោះ។ ​​ការ​​ចាប់​ផ្ដើម ​រវាង​ Agustian ​និង រតនា ពិត​ជា​​ស្វាហាប់​មែន​​នៅ​ទឹក​ទី១​ ហើយ​កីឡាករ​​ឥណ្ឌូណេស៊ី​មាន​ប្រៀប​នៅ​ពី​លើ​​ រតនា​ នា​ដើម​​ទឹក​ដំបូង។ ​ Agustian ​​នៅ​ពី​លើ​ព្យាយាម​វ៉ៃ​​ម្ដង​ជា​ពីរ​ដង​ និង​ រត់​មក​​ឱប​ រតនា ឲ្យ​ដួល​រហូត​​ក្នុង​បំណង​​​ប្រុង​ឃ្លេ​បញ្ចប់ ប៉ុន្តែ ​កីឡាករ​កម្ពុជា​​អាច​ការពារ​ និង​ទប់​បាន​ល្អ​ណាស់។ ​​យ៉ាង​ណា​ក្ដី ​ចុង​ទឹក​​ទី ​១ ​​​កីឡាករ​​​មក​ពី​ក្លិប​សិល្បិៈ​​ អាច​រើ​រួច​និង​ប្រើ​​​កណ្ដាប់​ដៃ​គុន​ខ្មែរ​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​​ វិល​មុខ​​តិចៗ​​រហូត​ចប់​ទឹក​ដំបូង។

វិធី​ប្ដូរ​សម្លាប់​របស់​ ចាន់ រតនា ពិត​ជា​មាន​​ប្រសិទ្ធភាព​នៅ​ទឹក​ទី២​ ​ព្រោះ​ថា​មិន​ឲ្យ​គូ​ប្រកួត​ចាប់​បាន និង​​ដោះ​​ឃ្លេ​​ចេញ​​​​ដោយ​ប្រើ​ជំហរ​វ៉ៃ​ក្បាច់​គុន​ខ្មែរវិញ។ ​រតនា ​មាន​ឱកាស​​​​ម៉ាត់​កណ្ដាប់​ដៃ​​ចូល​ច្រើន​​ដង​ ​រួម​ទាំង​ការ​ទាត់​ជើង​​បញ្ឆោត​​បាន​ល្អ​ទៀត​ផង។ ​ទី​បំផុត​ ​Agustian ជា​អ្នក​ដួល​លើ​ក្ដារ​រេញ​ ហើយ​ ​រតនា​ ​បាន​ប្រើ​ដៃ​យ៉ាង​ញាប់​​វ៉ៃ​​នៅ​​ពី​លើ​រហូត​ដល់​អាជ្ញា​កណ្ដាប់​បញ្ឈប់​ការ​ប្រកួត​​​​ត្រឹម​ពាក់​កណ្ដាល​ទឹក​ទី២។ ​នេះ​ជាការ​សងសឹកជំនួសមិត្តរួម​ជាតិ​ ខុន​ ស៊ីចាន់

ចាន់ ​រតនា​ ប្រើ​កណ្ដាប់​ដៃ​​ផ្ដួល​ Ramon Gonzales ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១

នេះ​ជា​​ការ​ប្រកួត​ចេញ​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​​ ចាន់ រតនា​។ គ្រាន់​​តែ​ចាប់​ផ្ដើម​ប្រមាណ១០​ វិនាទី​​ Ramon ​​ប្រើ​ក្បាច់​ទាត់​រវែ​មួយ​ជើង​ ប៉ុន្តែ​ ​រតនា ​ចូល​ចាប់​ឲ្យ​ដួល​ និង​ អាច​​ប្រើ​ក្បាច់​វ៉ៃ​ពី​លើ​បាន​​ជា​បន្តបន្ទាប់​ទោះ​ Ramon ​ខំ​គាប​ក​ពី​លើ​មុន​ពេល​កីឡាករ​ហ្វីលីពីន​​គ្រប់គ្រង​ស្ថានការណ៍​វិញ។ ​ ​កីឡាករ​ទាំង​ពីរ​​ប្រទាញប្រទង់​គ្នា​នៅ​លើ​ក្ដារ​រេញ​​​​ និង​អាច​រើ​​វ៉ៃ​ឈរ​បាន​​​រយៈ​ពេល​ខ្លី​។ ​យ៉ាង​ណា​ក្ដី សល់​​ជាង​មួយ​នាទី​មុន​ចង់​ការ​ប្រកួត​ទឹក​ទី១​ ​រតនា​ មាន​ឱកាស​សំពង​ច្បាស់​ៗ​ដោយ​កណ្ដាប់​​ទោះ​ Ramon ​ចាប់​ជើង​ជាប់​ក្ដី។ ​មិន​យូរ​ប៉ុន្មាន​ ​កីឡាករ​កម្ពុជា​​ប្រើ​​កណ្ដាប់​ដៃ​ផង​ ​រួម​ទាំង​កែង​​ផង​ ​​រហូត​​​ដល់​អាជ្ញាកណ្ដាល​​បញ្ឈប់​ការ​ប្រកួត។ ​

​រតនា​ ​​បាន​ប្រើ​កណ្ដាប់​ដៃ​ដ៏​​មាន​ឫទ្ធិ​​និង​កែង​​សន្ធាប់​​ខ្លាំង​ៗ​​យក​​ឈ្នះ​កីឡាករ​ហ្វីលីពីន​ Ramon Gonzales ​ត្រឹម​​តែ​ ​៤​នាទី ​និង ​៤៨ ​វិនាទី​​ប៉ុណ្ណោះ​នៅ​ទឹក​ទី១​​ ក្នុង​កម្មវិធី​ ONE: Age of Champions ​កាល​ខែ​មីនា​ ឆ្នាំ ២០១៥។ ​​នេះ​ក៏​ជា​​ជ័យជម្នះ​លើ​កីឡាករ​បរទេស​ដំបូង​របស់​ ចាន់​ រតនា​​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​ខ្មែរ​ជា​បន្ត​បន្ទាប់។

ចុចអាន ចាន់ ​រតនា ​​ប៉ង​ជួប​​​​ Yuya Wakamatsu​ ​​ដើម្បី​​​បង្កើន​សមត្ថភាព​ដល់​​កម្រិត​ខ្ពស់

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង ​​ហ្វេសប៊ុកONEChampionship