News

ចាន់ ​រតនា ​​ប៉ង​ជួប​​​​ Yuya Wakamatsu​ ​​ដើម្បី​​​បង្កើន​សមត្ថភាព​ដល់​​កម្រិត​ខ្ពស់

ចាន់ រតនា ​មិន​​បាន​ហ្វឹកហាត់​​​​​ច្រើន​ដូច​រាល់​ដង​​ទេ​ ប៉ុន្តែ​រូប​​គេ​នៅ​តែ​​រក​វិធី​ខំ​ប្រឹង​ដើម្បី​បង្កើន​សមត្ថភាព​ដដែល​ក្នុង​វិស័យ​ក្បាច់​គុន​ចម្រុះ។ ​​កីឡាករ​វ័យ​៣៤ ឆ្នាំ​ទម្ងន់​ flyweight ​រូប​បាន​បិទ​ក្លិប​ «សិល្បៈ»​ ​របស់​ខ្លួន​ដោយ​សារ​តែ​​ការ​រីក​រាល​ដាល​នៃ​មេរោគ​ COVID-19។ ​ប៉ុន្តែ​រូប​គេ​នៅ​តែ​ហ្វឹកហាត់​ជា​មួយ​​លោក​ Lorenzo Lanzafame ​គ្រូ​បង្វឹក​ផ្នែក​កម្លាំង​ដើម្បី​​រក្សា​​ថាមពល​​ និង​ ​ពង្រឹង​​បច្ចេកទេស​របស់​ខ្លួន​តាម​តែ​អាច​ធ្វើ​​បាន។ ​ ​រតនា ​លើក​ទឹក​ចិត្ត​​​ដោយ​ខ្លួន​ឯង​ដើម្បី​ឈាន​ដល់​កម្រិត​កំពូល​មួយ​ទៀត ​និង​ប្រកួត​​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship។ ​​​​​គេ​កំពុង​ទន្ទឹង​រង់​ចាំ​ចំពោះ​​ការ​​ប្រកួត​ទល់​នឹង​​​កីឡាករ​ជំនាញ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​សញ្ជាតិ​ជប៉ុន​ Yuya Wakamatsu ឬ រហស្ស​នាម​ថា​ “Little Piranha”។ ​កីឡាករ​ជប៉ុន​រូប​នេះ​បង្ហាញ​ការ​​ប្រកួត​ដ៏​អស្ចារ្យ​​ និង​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង​នៅ​ឆ្នាំ​២០១៩។

Wakamatsu ​ធ្លាប់​ជួប​​ Demetrious Johnson ​ ឬ “Mighty Mouse” ​ ​​​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Flyweight World Grand Prix ​កាល​ខែ​មីនា​ឆ្នាំ​ ២០១៩ ​ហើយ​បន្ទាប់​មក​ទៀត​រូប​គេ​ផ្ដួល​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ Geje “Gravity” Eustaquio​ ឲ្យ​សន្លប់​ឈឹង​កាល​ខែ​សីហា។ ​មិន​ធម្មតា​​មែន​ ​កីឡាករ​ជប៉ុន​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​​ ​យក​ឈ្នះ​​កីឡាករ​​កូរ៉េខាងត្បូង​ “Ottogi” Dae Hwan Kim ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​ក្នុង​រយៈ​​ពេល​​​​ពីរ​ខែ​បន្ទាប់។ ​រតនា​ ដែល​​ឈ្នះ​ ៣ លើក​ជាប់​គ្នា​ជា​ប្រវត្តិសាស្ត្រ​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​​​មួយ​​នេះ​បាន​បង្ហាញ​ការ​គោរព​ដល់​Little Piranha” និង​​ទន្ទឹង​រង់​ចាំ​ជួប​គ្នា​​យ៉ាង​អន្ទះសា។ ​​​ស៊ុពើ​ស្ដារ​របស់​កម្ពុជា​​​​​បាន​ជជែក​អំពី​រឿង​នេះ​​​តាម​រយៈ​​បទ​សម្ភាសន៍​ផ្ដាច់​មុខ​ដូច​​ខាង​ក្រោម៖

ONE Championship: ​ដោយ​សារ​តែ​មេរោគ​រាតត្បាត​ COVID-19 ​​ទូ​ទាំង​ពិភព​លោក​ក៏​ដូច​​កម្ពុជា ​តើ​មាន​​ផល​​​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ក្លិប​របស់​ រតនា ​ហើយ​ ​ការ​ហ្វឹកហាត់​​​យ៉ាង​ដូច​ម្ដេច​ដែរ?

ចាន់ រតនា: ​​ខ្ញុំ​កំពុង​តែ​​ចូល​រួម​​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ Covid-19 នៅ​កម្ពុជា​​ដែរ។ ​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ ​​​កាល​ដើម​ខែ​មីនា​ ​ខ្ញុំ​បាន​បិទ​ក្លិប​ហ្វឹកហាត់​​ «សិល្បៈ» ​របស់​ខ្ញុំ ​ប៉ុន្តែ​ខ្ញុំ​នៅ​រក្សា​កម្លាំង​​​របស់​ខ្ញុំ​ឲ្យ​នៅ​​ល្អ។ ​ខ្ញុំ​មាន​គ្រូ​បង្វឹក​ផ្សេង​គ្នា​ច្រើន​ ​ប៉ុន្តែ​ពេល​នេះ ​មាន​តែ​​​​លោក​ Lorenzo Lanzafame ​គ្រូ​បង្វឹក​បង្វឹក​​ផ្នែក​កម្លាំង​មួយ​ប៉ុណ្ណោះ​​​កំពុង​ជួយ​​​បង្ហាត់​និង​រក្សា​កម្លាំង​ដល់​​ខ្ញុំ​។ ​ព្រោះ​ផ្ទះ​របស់​គាត់​នៅ​ជិត​ផ្ទះ​ខ្ញុំ​ដែរ​ ​ដូច្នេះ​វា​​ការ​ជួយ​ដ៏​សំខាន់​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ។ ​​ខ្ញុំ​ផ្ដោត​​លើ​ការ​ហាត់​កម្លាំង​ច្រើន​ជាង​ការ​​ហាត់​ក្បាច់​ប្រយុទ្ធ។ ​ដរាប​ណា​ខ្ញុំ​មាន​កម្លាំង​ល្អ ​នោះ​ខ្ញុំ​អាច​បត់​បែប​បាន​លឿន​ និង​ប្រើ​​បច្ចេកទេស​បាន​ល្អ។​ ​​មាន​កម្លាំង​ល្អ​ ​ខ្ញុំ​ក៏​អាច​ហាត់​ក្បាច់​ប្រយុទ្ធ​ និង​ ​ការ​ប្រកួត​​លើ​ជំហរ​ដេក​​បាន​ល្អ​ដូច​គ្នា។

Cambodian mixed martial artist Chan Rothana throws a punch

 

ONE: ​​ក្បាច់​អ្វី​ដែល​ រតនា ​ចង់​បង្កើន​សមត្ថភាព​ខ្លាំង?

ចាន់ រតនា: ​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​​​ខ្ញុំ​លំបាក​បន្តិច ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​បង្កើន​ខ្លាំង​គឺ​ ក្បាច់​ប្រកួត​ក្នុង​ជំហរ​ដេក(Ground Game)។ ​ខ្ញុំ​ត្រូវ​បង្កើន​​​​ការ​ប្រកួត​​ជំហរ​ដេក​រហូត​ដល់​ការ​ពេញ​ចិត្ត​របស់​ខ្ញុំ។ ​ខ្ញុំ​ទទួល​ស្គាល់​ថា​ ខ្ញុំ​មិន​ពូក​ខាង​ប្រកួត​​លើ​​ក្ដារ​រេញ​​នោះ​ទេ ​ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ច្រើន​អំពី​វិធី​​មិន​ឲ្យ​គេ​ចាប់​ផ្ដួល​ងាយៗ​ដើម្បី​ចូល​ឃ្លេ។ ​ក្នុង​នោះ​ខ្ញុំ​បាន​រៀន​​តិកនិក​​ដោះ​​ឃ្លេ​ ​ ​មិន​ឲ្យ​ចូល​ក្បាច់​ឃ្លេ​ដៃ ​និង ​ឃ្លេ​ Americana ​​​ជា​ដើម។ ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​​ល្អ​​ប្រសើរ​ក្នុង​ការ​ប្រកួត​លើ​ក្ដារ​​រេញ​ណាស់​និង​ចង់​ឈ្នះ​​ដោយ​ប្រើ​បច្ចេកទេស​នេះ​ទៀត​ផង។ ​ព្រោះ​កន្លង​ទៅ​ខ្ញុំ​ផ្ដួល​​គូ​ប្រកួត​ដោយ​ប្រើ​គុន​ខ្មែរ និង យុទ្ធ​គុន​ខម។

ONE: ​តើ​ រតនា អន្ទះសា​កម្រិត​ណា​ដែល​ចង់​ត្រលប់​មក​សង្វៀន​វិញ?

ចាន់ រតនា: ​​​ពិត​ណាស់!​ ​ខ្ញុំ​អន្ទះសា​ឡើង​​ប្រកួត​​ដើម្បី​អ្នក​​គាំទ្រ​ និង​តំណាង​​ទង់​ជាតិ​ខ្មែរ។ ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សួរ​តាម​​ផេក​ Facebook ​របស់​ខ្ញុំ និង​សួរ​ថា “​ពេល​ណា​​ខ្ញុំ​ឡើង​​​ប្រកួត​វិញ?” ​ខ្ញុំ​គ្រាន់​តែ​ឆ្លើយ​ថា​ “​ឆាប់ៗ” ​ឬ​ “រង់​ចាំ​បន្តិច​ជា​ដើម។ ​ការ​ប្រកួត​គឺ​ជា​​​ការ​កម្សាន្ត​ដ៏​ធំ​បំផុត​​សម្រាប់​ខ្ញុំ​ តែ​ខ្ញុំ​មិន​ភ្លេច​ចំពោះ​​ការ​ហ្វឹកហាត់ និង​បង្កើន​សមត្ថភាព​នោះ​ទេ។

ONE: ​តើ​កីឡាករ​រូប​ណា​ដែល​ រតនា ចង់​​​ប្រឈម​នា​ពេល​បន្ទាប់?

ចាន់ រតនា: ​​គេ​គឺ​ Yuya Wakamatsu។ ​Yuya ​ជា​កីឡាករ​​ម្នាក់​​ដែល​​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្ពស់​ និង​ ​បង្កើន​សមត្ថភាព​កាន់​តែ​​រឹងមាំ។ ​ ​​​ពេល​ប្រកួត​ទល់​​កីឡាករ​កម្រិត​ខ្ពស់​ធ្វើ​ឲ្យ​ខ្ញុំ​​ប្រឹងប្រែង​ខ្លាំង ​និង​​ធ្វើ​ឲ្យ​ខ្ញុំ​​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​ដែរ។

Cambodia's Chan Rothana blasts Gustavo Balart with a knee

ONE: ​ក្នុង​មតិ​របស់​ រតនា​ ​ហេតុ​​អ្វី​បាន​គិត​ថា​​ Yuya Wakamatsu ជា​កីឡាករ​ប្រកួត​ប្រជែង​ខ្ពស់​សម្រាប់​​ខ្លួន?

ចាន់ រតនា: Yuya ​មិន​ត្រឹម​​​ល្អ​ទាំង​ប្រយុទ្ធ​​ប៉ុន្តែ​​​ល្អ​ខាង​ក្បាច់​គុន​លើ​​ក្ដារ​រេញ​ផង។ ​គេ​​ប្រកួត​បាន​ល្អ​​ទល់​នឹង Demetrious Johnson ​ម្ចាស់​ខ្សែ​ក្រវាត់​​ ​ ONE Flyweight World Grand Prix និង​ ​​ម៉ាត់​ Geje Eustaquio ​ឲ្យ​សន្លប់​ដោយ​ប្រើ​កណ្ដាប់​ដៃ។ ​ ខ្ញុំ​បាន​មើល​វីដេអូ​​ជា​ច្រើន​របស់​គេ។ ​គេ​​អាយុ​ក្មេង​ជាង​ខ្ញុំ​ ​និង​មាន​បទ​ពិសោធន៍​គុន​ចម្រុះ​ច្រើន​ជាង​ខ្ញុំ។ ​ Yuya​ ​ប្រកួត​បាន​​ ១៦ ​លើក​ ​ប៉ុន្តែ​​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​រហូត​ដល់​ ១០ ​ដង។ ​​កំណត់​ត្រា​នេះ​វា​ពិត​ជា​អស្ចារ្យ​និង​គួរ​ឲ្យ​ខ្លាច។ ​​ខ្ញុំ​ចាស់​​ជាង Yuya ប៉ុន្តែ​ ខ្ញុំ​មាន​កំណត់​ត្រា​ប្រកួត​តិច​ជាង។ ​ដល់​​ឥឡូវ​នេះ​ ខ្ញុំ​ទើប​ប្រកួត​បាន​ ១០ ​ដង​​ក្នុង​អាជីព​គុន​ចម្រុះ។ ​​ដូច្នេះ​ការ​ប៉ះ​​ដៃ​គូ​ក្មេង​​ជាង​ពោរពេញ​ដោយ​​​បទ​ពិសោធន៍​ខ្ពស់​ គឺ​ជា​រឿង​ល្អ​ឥត​ខ្ចោះ​សម្រាប់​[អាជីព​របស់​​ខ្ញុំ]

ONE: ​សំណួរ​ចុង​ក្រោយ​ ​អ្វី​ដែល​​ត្រូវ​រៀប​ចំ​ខ្លះ​​បើ​សិន​ឡើង​ប្រកួត​​ប៉ះ​ ​Yuya មែន?

ចាន់ រតនាខ្ញុំ​ត្រូវ​ប្រយ័ត្ន​គ្រប់​វិនាទី​នៅ​លើ​សង្វៀន។ ​កណ្ដាប់​ដៃ​ និង​ ​ការ​ប្រយុទ្ធ​របស់​គេ​អាច​បញ្ចប់​ខ្ញុំ​គ្រប់​ពេល​​​វិនាទី​ ​ដូច​ដែល​​ផ្ដួល​ Eustaquio ​ឲ្យ​សន្លប់​អីចឹង។ ​​ខ្ញុំ​ត្រូវ​​ចេះ​បត់​បែប​​​តាម​នោះ​ ហើយ​​ប្រើ​ក្បាច់​​យក​ឈ្នះ ឬ ​មើល​ស្ថានភាព​ជាក់​ស្ដែង​​​តាម​តែ​អាច​ទៅ​រួច។ ​ខ្ញុំ​​ត្រូវ​រៀប​ចំ​ផែន​ការ​ឲ្យ​បាន​ល្អ​ពេល​ជួប​ Yuya ​នៅ​លើ​សង្វៀន។

Chan Rothana poses with the Cambodian flag after his defeat of Gustavo Balart at ONE DREAMS OF GOLD

ចុចអាន: គុន​ខ្មែរ​គឺ​ជា​មោទនភាព​​ពី​​អតីត​កាល​ និង​ បច្ចុប្បន្ន​ ​របស់​កម្ពុជា​