Kun Khmer

ចាន់ សំអាត មាន ឬក្រ ក៏មិនបន្ទោសគុនខ្មែរ

03/07/2020

អ្នកលេងគុនខ្មែរដែលធ្លាប់វ៉ៃនៅសង្វៀន ONE Championship ចាន់ សំអាត ក្នុងមួយជីវិតនេះមិនភ្លេចទេគុនខ្មែរ បើទោះជាជីវិតរស់នៅរបស់គេមានជីវភាព​ធូរធារ ឬក្រលំបាកយ៉ាងណាក៏ដោយ ហើយរូបគេនៅតែរក្សាគុនតម្លៃក្បាច់គុនប្រដាល់ខ្មែរជារៀងរហូត។

អ្នក​លេង​គុន​ខ្មែរ ចាន់ សំអាត

ចាន់ សំអាត បាននិយាយថា ៖«ទោះជាខ្ញុំមិនមែនជាកីឡាករល្បីជួរមុខ តែសម្រាប់គុនខ្មែរពិតជាមានន័យណាស់សម្រាប់ជីវិតខ្ញុំ។ ប្រដាល់បានផ្តល់ឲ្យខ្ញុំមានតម្លៃក្នុងសង្គម ផ្តល់ឲ្យខ្ញុំមានជីវភាពរស់នៅសមរម្យដូចគេឯង។ ប្រដាល់ជួយខ្ញុំមានសុខភាពល្អមាំមាំ។ ទោះជាខ្ញុំក្រ ឬមានគឺក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រដាល់គុនខ្មែរមានតម្លៃសម្រាប់ខ្ញុំបំផុត»។

«ទោះបាន​លុយ​តិចក្តី ច្រើនក្តីពីការប្រកួតគឺយើងត្រូវចេះសន្សំទុកដាក់។ ខ្ញុំនិងប្រពន្ធបានយកលុយទៅចងការគេដើម្បីទុកទៅថ្ងៃក្រោយ ក៏ដូចជាសន្សំប្រើប្រាស់ផ្សេងៗ។ ខ្ញុំមិនហ៊ានយកលុយពីប្រដាល់ទៅចាយសប្បាយហួសហេតុ ប្រើប្រាស់សម្ភារៈទំនើប ហឺហារទេ»។ នេះជាការលើកឡើងរបស់ ចាន់ សំអាត និងបានបញ្ជាក់ថា ទោះជារកចំណូលបានច្រើនយ៉ាងណាក៏ដោយ បើមិនចេះសន្សំទុកដាក់ទេគឺគ្មានសល់ទេ។

ចាន់ សំអាត (ឈរ)​ពេល​វ៉ៃ ONE Warrior Series

កីឡាករប្រដាល់ ចាន់ សំអាត បានប្រឡូកចូលក្នុងពិភពប្រដាល់រយៈពេលជាង១០ឆ្នាំហើយដែលធ្វើឲ្យរូបគេមានគំនិតភ្លឺស្វាង និងជីវិតរស់នៅក៏សមរម្យ ថ្វីបើរូបគេមិនមែនស្ថិតក្នុងចំណោមកីឡាករប្រដាល់ល្បីៗឈានមុខក៏ដោយ។

អ្នកលេងគុនខ្មែរអន្តរជាតិរូបនេះធ្លាប់មានមុខប្រកួតនៅសង្វៀនធំអន្តរជាតិ ONE Championship បាន៤ដងគឺឈ្នះ១ និងចាញ់៣ក្នុងនោះធ្លាប់ប្រកួតគុនចម្រុះបាន១ដង និងប្រកួតកម្មវិធី ONE Warrior Series បាន៣ដង។ ចំពោះការប្រកួតគុនខ្មែរវិញគឺឈ្នះ៨០ ចាញ់៣៨ និងស្មើ១២ដង៕

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionshipនិង ​​ហ្វេសប៊ុកONEChampionship