Kun Khmer

គ្រូ​​ជម្រើស​ជាតិ​​លោក​​ ជា​ រិទ្ធ ​​​​បង្ហាញ​​ក្ដី​ស្រលាញ់​​ចំពោះ​​សង្វៀន​លំដាប់​ពិភព​លោក

លោក​ ជា រិទ្ធ ​គឺ​ជា​គ្រូ​បង្វឹក​ដ៏​លេច​ធ្លោ​ម្នាក់​មួយ​រយៈ​ចុង​ក្រោយ​នេះ​ជា​ពិសេស​​​កាល​​ចុង​ឆ្នាំ​២០១៩​ ​​​ពេល​​លោក​​ទទួល​ពាន​​អាជ្ញាកណ្ដាល​ឆ្នើម​​ក្នុង​ការ​កាត់​ក្ដី​នៅ​​ព្រឹត្តិការណ៍​​ស៊ីហ្គេម​ ​ឯ​ប្រទេស​ហ្វីលីពីន​ក្នុង​ឆាក​ជីវិត​ និង​ជា​អាជ្ញា​​កណ្ដាល​ល្អ​​​បំផុត​ដំបូង​​គេរបស់​កម្ពុជាពី​ព្រឹត្តិការណ៍​តំបន់​អាស៊ីអាគ្នេយ៍។ ​ភ្ជាប់​ជា​មួយ​គ្នា​ ​លោក​បាន​រំលឹក​អំពី​ការ​ដឹក​នាំ​​កីឡាករ​ទៅ​ប្រកួត​សង្វៀន​ ONE Championship ​កាល​​ដើម​ឆ្នាំ​ ២០១៩​ ជា​ពេល​ដែល​លោក​ឈានជើងជាន់​សង្វៀន​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ីលើកដំបូង ​និង​​បង្ហាញ​ភាព​​រំភើប​ចិត្ត​មួយ​​ពេល​បាន​​ឃើញ​ការ​រៀប​ចំ​កម្រិត​អន្តរជាតិ ​ឬ ​កម្រិត​ពិភពលោក។

ចុចអាន ជ័យជម្នះ​​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​៣​លើក​របស់​ ចាន់ រតនា​ ​​នៅ​សង្វៀន​ ONE

មន្ត្រី​ចៅ​ក្រម​​​សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​​បាន​​​ថ្លែង​អំពី​សង្វៀន​ ONE ​ដូច្នេះ​​ ៖«​ ONE Championship ​គឺ​រៀប​ចំ​មាន​លក្ខណៈ​ស្ដង់ដារ​ និង​ស្មើ​ភាព​គ្នា។ ​គេ​យក​ចិត្ត​​​ទុក​ដាក់​ខ្ពស់​ចំពោះ​កីឡាករ​និង ​ប្រតិភូ​ដែល​នាំ​ទៅ​​ប្រកួត​តែ​ម្ដង។ ​មួយ​ទៀត​ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​អំពី​ភាព​ហ្មត់ចត់​​មុន​ការ​ប្រកួត​​ពី​ក្រុម​ការងារ​បច្ចេកទេស​​ជា​​លក្ខណៈ​អន្តរជាតិ, ​ការ​ប្រកួត​បែប​ម៉េច ​ឬ ​វ៉ៃ​​យ៉ាង​ម៉េច​ ជា​ពិសេស​ការ​ពិនិត្យ​​សុខភាព​ក៏​ច្បាស់​លាស់​តឹងរ៉ឹង​​មុន​ការ​ប្រកួត​ចាប់​ផ្ដើម។ បើមានបញ្ហាសុខភាពតិចតួចក៏មិនឲ្យប្រកួតដែរ»។ ​​​

ព្រឹត្តិការណ៍​ប្រកួត​​ ONE Championship ​នឹង​ត្រលប់​មក​វិញ​នា​ចុង​ខែ​កក្កដា​ ឆ្នាំ​ ២០២០​ ​នេះ​​នៅ​ប្រទេស​ថៃទោះស្ថិតនៅវិបត្តិ Covid-19 ​ដែល​គេ​ដាក់​ឈ្មោះ​ថា​ ONE: NO SURRENDER។ ​ក្នុង​នោះ​មាន​គូ​ដណ្ដើម​ខ្សែ​ក្រវាត់​រហូត​ដល់​ពីរ​គូ​ និង​ ​គូ​ខ្លាំង​​លំដាប់​ប្រទេស​​ថៃ​​ជា​ច្រើន​ទៀត។ ​ ​យ៉ាងណា​ក្ដី ការ​ប្រកួត​​មិន​អនុញ្ញាត​ឲ្យ​មាន​​អ្នក​ទស្សនា​ចូល​រួម​ទេ។

ចុចអាន  ក្រោយព្យាបាលជិត៣ខែ ឡៅ ចិត្រា របួសរើឡើងវិញត្រូវការពេលយូរទៀត

គ្រូ​បង្វឹក​វ័យ​​៣៨​ ឆ្នាំ​​ដដែល​នេះ​​​បន្ត​ថា​​ ៖«​​​ពេល​ ONE Championship ​បើក​​​ឡើង​វិញ​​ ខ្ញុំ​ពិតជា​រីករាយ​ក្នុង​ការ​សហការ​ព្រោះ​ឥឡូវ​នេះ​ខ្ញុំ​កាន់​កីឡាករ​កម្រិត​ A ​ និង​កម្រិត​ថ្នាក់​ជាតិ។ ​ខ្ញុំ​​គិត​ថា​ ​ទាំង​គុន​ខ្មែរ ​និង​​ ឃីកបុកសីង ​គឺ​យើង​អាច​ប្រកួត​បាន​ទាំង​អស់។ ​ខ្ញុំ​សប្បាយ​ចិត្ត​បើ​សិន​ ​ONE ទាក់​ទង​យក​​កីឡាករ​​ទៅ​ប្រកួត​សាជាថ្មី​ ហើយ​វា​ក៏​ជា​​ចំណែក​មោទនភាព​របស់​ជាតិ​យើង​​​ផង​ដែរ»។

គ្រូ​បង្វឹក​​ដែល​​ទើប​ត្រូវ​បោះ​ឆ្នោត​ឲ្យ​កាន់​​ការងារ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​​រូប​នេះ​បាន​សម្ដែង​ភាព​រីករាយ​បំផុត​បើ​សិន​​បាន​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន​ពិភព​លោក​នេះ​​ម្ដង​ទៀត។ ​​លោក​បញ្ចេញ​ទស្សនៈ​ទៀត​ថា​ ​​នេះ​ជា​រឿង​ទន្ទឹង​រង់​ចាំ ​ព្រោះ​ឆ្នាំ​​នេះមាន​អាទិភាព​ច្រើន​ក្នុង​ការ​ចេញ​ទៅ​វ៉ៃ​លើ​ឆាក​អន្តរជាតិ​ព្រោះ​​ដើម្បី​ពង្រឹង​សមត្ថភាព​មុន​​កម្មវិធី​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២១​ នៅ​វៀតណាម​មក​ដល់។ ​


​​
បច្ចុប្បន្ន​នេះ​​​លោក​ ជា រិទ្ធ ​មាន​តួ​នាទី​ជា​អាជ្ញា​កណ្ដាល​ចាប់​គូ​​សំខាន់ៗ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន។ ​​ក្រៅ​ពី​នោះ​លោក​​ជា​គ្រូ​បង្វឹក​ក្លិប​​ប្រដាល់​ គុហារ​ព្រហ្មជ័យ​ខេត្ត​សៀមរាប​​ ដែល​ផលិត​បាន​​កីឡាករ​យុវជន​វ័យ​ក្មេង​ជា​បន្តបន្ទាប់​សម្រាប់​ខេត្ត​នេះ។ ​លោក​មាន​បទ​ពិសោធន៍​​​ដឹក​នាំ​កីឡាករ​ទៅ​ប្រកួត​​នៅ​សង្វៀន​​​ក្រៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​ ​ប្រទេស​ថៃ​ចំនួន ៤​ លើក​រួម​ទាំង​កម្មវិធី​ធំ​ថៃ​ហ្វៃ​ផង, ​​ដឹក​នាំ​ទៅ​ប្រទេស​ម៉ាឡេស៊ី​​មួយ​​លើក, សង្វៀន​ ONE Championship ​មួយ​លើក​ និង​ ​ជា​ប្រតិភូ​​របស់​សហព័ន្ធ​កីឡា​ប្រដាល់​ និង​ជា​អាជ្ញា​កណ្ដាល​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩​ មួយ​លើក។

ចុចអាន អតីតកម្មករសំណងនៅថៃ រិន សារ័ត្ន គ្រង​ជើង​ឯក​ដំបូងក្នុងអាជីពប្រដាល់៧ឆ្នាំ

​ព័ត៌មាន​ផ្សេងៗ​​​អំពី​ ONE Championship​ សូម​ចូល​ទៅ​កាន់​ www.onefc.com/about-us, ​follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង​ ​​ហ្វេសប៊ុក​ONEChampionship