Kickboxing

មិន​ធម្មតា​ប៊ូខាវ​វៀតណាម​ Duy​ Nhat​ ឈ្នះ​មេដាយ​មាស​អាស៊ី​៤​គ្រឿង

17/07/2020

អ្នកប្រដាល់សេរីវៀតណាម Nguyen Tran Duy Nhat ជាជើងខ្លាំងលំដាប់អន្តរជាតិដែលមានប្រវត្តិឈ្នះពានរង្វាន់ និងជើងឯកអន្តរជាតិជាច្រើន មុនពេលដែលអ្នកគាំទ្រខ្មែរបានស្គាល់នៅពេលរូបគេបានផ្តួលជើងខ្លាំងកម្ពុជា ពេជ្រ ម្ទេសខ្មាំង នៅទឹកដីប្រទេសមីយ៉ាន់ម៉ា។

កីឡាករ Nguyen Tran Duy Nhat ពេល​ឈ្នះ​នៅ ONE

Duy Nhat ដែលបានកើតថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨៩ បានចាប់ហាត់ប្រដាល់តាំងពីអាយុ៦ឆ្នាំដោយដើរតាមគន្លងគ្រួសាររបស់ខ្លួនដែលមានឈាមជ័រជាត្រកូលអ្នកកីឡា។ ដំបូងឡយរូបគេហ្វឹកហាត់ក្បាច់គុនបុរាណវៀតណាមដែលបានឈ្នះខ្សែក្រវាត់ខ្មៅវ៉ូវីណាម ប៉ុន្តែក្រោយមកបានប្តូរទៅហាត់ប្រដាល់សេរី។

Duy Nhat បង្ហាញ​ខ្សែ​ក្រវាត់

កីឡាកររូបនេះជាជម្រើសជាតិវៀតណាមដែលមានជំនាញប្រដាល់សកល ឃីកបុកសីង និងមួយថៃ។ ក្នុងនាមជាជម្រើសជាតិ រូបគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាធំៗផ្លូវការជាច្រើនដូចជា ស៊ីហ្គេម ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី កីឡាអាស៊ី Indoor Games, កីឡាអាស៊ីលើឆ្នេរខ្សាច់ កីឡាអាស៊ី Indoor and Martial Art Games និងព្រឹត្តិការណ៍ប្រកួតជើងឯកមួយថៃពិភពលោក IFMA ជាដើម។

ស្នាដៃរបស់គេមានដូចជា៖

  • ឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០០៩ នៅប្រទេសឡាវ
  • ឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា
  • ឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន
  • ឈ្នះមេដាតមាស កីឡាទ្វីបអាស៊ី Asian Indoor Games ឆ្នាំ២០០៩ នៅវៀតណាម
  • ឈ្នះមេដាយមាស កីឡាទ្វីបអាស៊ី Asian Indoor and Martial Arts Games ឆ្នាំ២០១៣ នៅកូរ៉េ
  • ឈ្នះមេដាយមាស កីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games ឆ្នាំ២០១៤ នៅថៃ
  • ឈ្នះមេដាយមាស កីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games ឆ្នាំ២០១៦ នៅវៀតណាម
  • ឈ្នះមេដាយសំរឹទ្ធ ជើងឯកពិភពលោក ឆ្នាំ២០១៩។
  • រឹតតែអស្ចារ្យទៀតនោះ តាមកំណត់ត្រាបង្ហាញថា រូបគេបានឈ្នះខ្សែក្រវាត់មួយថៃចំនួន៥ដង។

បើនិយាយពីប្រវត្តិវ៉ៃនៅសង្វៀនធំវិញគឺ Nguyen Tran Duy Nhat ធ្លាប់វ៉ៃប្រដាល់ Lettwei បាន២ដងគឺឈ្នះកីឡាករកម្ពុជា ពេជ្រ ម្ទេសខ្មាំង ក្នុងទឹក១ និងឈ្នះពិន្ទុកីឡាករម៉ាឡេស៊ី Izat Zaki។ ក្រោយមក រូបគេបានចុះកុងត្រាជាមួយ ONE Championship ដោយប្រកួតលើកទី១ផ្តួលកីឡាករម៉ាឡេស៊ី Azwan Che Will ក្នុងទឹកទី៣នៅ ONE Championship: Immortal Triumph ប្រទេសវៀតណា ឆ្នាំ២០១៩ និងឆ្នាំដដែលនេះរូបគេបានផ្តួលកីឡាករជប៉ុន Yuta Watanabe ក្នុងទឹកទី២ នៅ ONE Championship: Edge Of Greatness នៅប្រទេសសិង្ហបុរី។

តាមពិតទៅ Nguyen Tran Duy Nhat ត្រូវបានផ្គូផ្គងឲ្យប៉ះអ្នកប្រដាល់គុនខ្មែរ សុខ ធី នៅក្នុងកម្មវិធីប្រកួតរបស់ ONE នៅវៀតណាម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែកម្មវិធីប្រកួតនោះ ត្រូវបានលើកពេល ដោយសារបញ្ហាជំងឺកូវីដ១៩៕