Kun Khmer

​នៅ​ ​ស្រីពៅ ​​ចូល​ចិត្ត​កីឡា​ហែល​ទឹក​បន្ទាប់​​ពី​​​កីឡា​​ប្រយុទ្ធ​ ​

នៅ​ ស្រីពៅ​ ​បាន​ក្លាយ​ជា​កីឡាការិនី​ប្រដាល់​​គុន​ខ្មែរ​ និង​ គុន​ចម្រុះ​កំពូល​ម្នាក់​នៅ​ក្នុង​ចំណោម​កីឡាករ​​កីឡាការិនី​​ទូទាំង​ប្រទេស​កម្ពុជា។​ ​មុន​ឈាន​ជើង​​ចូល​ក្នុង​វិស័យ​កីឡា​ប្រដាល់​​តាំង​ពី​ដើម​ឆ្នាំ​ ២០១៤​ មក​នោះ​ ​ស្រីពៅ ​បង្ហើប​ថា​​ កីឡា​ដែល​ខ្លួន​ចូល​ចិត្ត​ក្រៅ​ពី​ប្រដាល់​គឺ ​«កីឡាហែលទឹក»។​

​កីឡាការិនី​វ័យ​ ២៥ ​​ឆ្នាំ​​រៀបរាប់​​​​បែប​​នេះ​ ៖«​​ទោះ​បី​​ធំ​ឡើង​មិន​មែន​ក្លាយ​ជា​កីឡាការិនី​ហែល​ទឹក​ក៏​ដោយ​ប៉ុន្តែ​​ ខ្ញុំ​ចូល​ចិត្ត​កីឡា​ហែល​ទឹក​តាំង​ពី​តូច។ ​យ៉ាង​ណា​ក្ដី​​​នា​ពេល​កន្លង​ទៅ​​មិន​ទាន់​ជំងឺ​ Covid-19 ​លុកលុយ​​​ គឺ រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​​ ​ខាង​គ្រូ​​បង្ហាត់​ហាត់​ប្រដាល់​ខ្ញុំ ​​គាត់​ឲ្យ​ទៅ​ហែល​ទឹក​ ឬ ​ទាត់​បាល់។ ​ប៉ុន្តែ​​ក៏​ខកខាន​​ទៅ​​ហែល​ទឹក​​ពេល​​​គេ​ជួសជុល​អាង​ទឹក​ថ្មី​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ​ខ្ញុំ​ចូល​ចិត្ត​ហែល​ទឹក​តាំង​ពី​តូច​ ​អាយុ​ប្រហែល​​១០​ ឆ្នាំ។​ ​​​ក្បែរ​ផ្ទះ​​ម៉ាក់ប៉ា​ខ្ញុំ​នៅ​​ចំការ​ដូង​​ចិញ្ចឹម​ទា​​នៅ​បឹង​ ហើយ​ ​កន្លង​ទៅ​ប៉ា​ខ្ញុំ​ប្រាប់​ថា​​ខ្ញុំ​ចេះ​ហែល​ទឹក​នៅ​បឹង​​នោះ​​ដោយ​គ្មាន​អ្នក​បង្ហាត់​ទេ។ ​កាល​នៅ​ក្មេង​ហែល​​ទឹក​សឹង​មួយ​ព្រឹក​ទល់​ល្ងាច​ក៏​មាន»។

​កីឡាការិនី​​ដែល​​ប្រកួត​នៅ​សង្វៀន​ ONE ​បាន​ពីរ​ដង​បាន​​​បន្ត​ថា​ ​កីឡា​ហែល​ទឹក​ធ្វើ​ឲ្យ​សុខ​ភាព​ល្អ​ និង​ រក្សា​រាង​រៅ​បាន​ស្អាត​​ដែល​ខុស​ពី​ប្រដាល់​ដែល​ធ្វើ​ឲ្យ​ឈឺ​សាច់។ ​យ៉ាង​ណា​ក្ដី ​​កីឡា​ទាំង​ពីរ​​នេះ​មាន​ចំណុច​ល្អ​រៀងៗ​ខ្លួន។​ ​ប៉ុន្តែ​​បើ​ហាត់​ប្រដាល់​សាច់​ដុំ​​ឡើង​កង់ៗ​ ស្រប​ពេល​ ហែល​ទឹក​ជួយ​​​ឲ្យ​រាង​កាយ​រឹង​មាំ​​ ​​និង​​ស្អាត​ជាង។​ ការ​មិន​បាន​ចាប់​អាជីព​​យក​កីឡា​ហែល​ទឹក​​ ​ដោយ​សារ​មាន​បង​ប្រុស​របស់​ខ្លួន​ឈ្មោះ​ នៅ​ ស៊ីថា​ ​​ចូល​​ហ្វឹកហាត់​ប្រដាល់​ ដែល​​នាំ​​ឲ្យ​រូប​គេ​ដើរ​តាម​គន្លង​នេះ។ ​​ការ​ស្រលាញ់​​ជា​រឿង​មួយ​ផ្នែក​ ​ខណៈ​ មាន​ការ​ជំរុញ​ពី​បង​ប្រុស​ផង​នេះ​​ធ្វើ​ឲ្យ ស្រីពៅ​ ​​មាន​ឈ្មោះ​ក្នុង​វិស័យ​ប្រដាល់​ដល់​​សព្វថ្ងៃ។​ ​

យ៉ាង​​ក្ដី​​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​​ឡេតវី​​​នា​ប្រទេស​ មីយ៉ាន់ម៉ា​​​ឆ្នាំ ២០១៨​ ​បាន​​បន្ថែម​ថា​៖«​​កីឡាការិនី​ហែល​ទឹក​ដែល​ខ្ញុំ​ស្គាល់​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ ​ហែម ថុនវិទិនី។​ ​ការ​លេង​កីឡាហែល​ទឹក​​ធ្វើ​​ឲ្យ​រាង​កាយ​របស់​គាត់​​ស្អាត​ សាច់​ណែន។ ​យ៉ាង​ណា​​ យើង​ហាត់​ប្រដាល់​​មិន​អាច​ទៅ​ច្រណែន​ជា​មួយ​អ្នក​ហែល​ទឹក​ទេ​បង…​ព្រោះ​កីឡា​ខុស​គ្នា»។

​​​នា​ពេល​នេះ​​កីឡា​ប្រដាល់​​​បាន​ធ្វើ​ឲ្យ​​ជីវភាព​​របស់​ ស្រីពៅ​ ​បាន​ប្រសើរ​ឡើង​​​បន្ទាប់​ពី​ធ្លាប់​​បម្រើ​ការងារ​នៅ​រោង​ចក្រ​​​​មួយ​កន្លែង​ម្ដុំ​ព្រែក​​ថ្លឹង​ ​​​អំឡុង​ឆ្នាំ​២០១៣។ ​​​​ក្ដី​ស្រលាញ់​ក្នុង​វិស័យ​កីឡា​ប្រដាល់​ធ្វើ​ឲ្យ​​​កីឡាការិនី​ជម្រើស​ជាតិ​រូប​នេះ​ដក​​ខ្លួន​​លែង​រួច​ និង ​ខិត​ខំ​ហ្វឹកហាត់​កាន់​តែ​ខ្លាំងក្លា​​ថែម​ទៀត​រហូត​​​​ទទួល​បាន​កោះ​ហៅ​​ទៅ​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ ​និង​ ​ចេញ​ទៅ​ប្រកួត​​ស៊ីហ្គេម​២០១៩​​តំណាង​ឲ្យ​កម្ពុជា​​នៅ​ចុង​ឆ្នាំ​​ ២០១៩ ​​កន្លង​ទៅ​នៅ​ហ្វីលីពីន។ ​

​នៅ ស្រីពៅ ​ឈាន​ជើង​ចូល​ហ្វឹកហាត់​ប្រដាល់​ដំបូង​ជា​​​​​​គ្រូ​បង្វឹក​ ញ៉ូវ ម៉ាក ​និង​ លោក ​ម៉ាក សាខន ​​នៅ​ក្លិប​តាឡី​ដំរី​មាន​រិទ្ធិ​។ ​ ពេល​ហាត់​បាន​​ត្រឹម​​ រយៈ​ពេល​មួយ​ខែ ​​ស្រីពៅ​ ក៏​មាន​ទីផ្សារ​​ឡើង​ប្រកួត​បណ្ដើរៗ​តាំង​ពី​ពេល​នោះ​មក។​ ​គេ​ចាំ​បាន​ថា​ ​ការ​ប្រកួត​ដំបូង​​គឺ​តតាំង​ជា​មួយ​ប្អូន​ វី ស្រីខួច ​ឈ្មោះ​​ វ័ ស្រីល័ក្ខ​ ​នៅ​​សង្វៀន​ប៉ុស្តិ៍​​បាយ័ន ​ហើយ​ ស្រីពៅ​ ជា​អ្នក​ឈ្នះ​ពិន្ទុ ​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ ៣០​ ម៉ឺន​រៀល។​ កូន​សិស្ស​របស់​​លោក​ ញ៉ូវ ម៉ាក ​មាន​ទីផ្សារ​ហក់​ឡើង​ជា​ហូរហែ​ជា​ពិសេស​​ឡើង​សង្វៀន​ ONE Championship​។ ​ កំណត់​ត្រា​​គួរ​ឲ្យ​ចង​ចាំ​ចុង​ក្រោយ​នេះ ​ស្រីពៅ ​បាន​យក​ឈ្នះ​កីឡាការិនី​មាន​បទ​ពិសោធន៍​​ច្រើន​​​ថៃ​ Rika Ishige ​មុន​ពេល​ចាញ់​កីឡាការិនី​​ឥណ្ឌូណេស៊ី​ ​Priscilla ​Hertati Lumban Gaol ដោយ​ពិន្ទុ​នា​​ដើម​ខែ​ ឧសភា​ ​ឆ្នាំ ២០១៩៕

 

ចុចអាន នៅ​ ស្រីពៅ​​ បាន​រៀន​សូត្រ​ពី​​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី​ Priscilla ​​

ចុចអាន អែម ​សុវណ្ណារី ​មិន​បំភ្លេច​ដូន​តា​ដោយ​ចាប់​ផ្ដើម​រៀន​​​ភាសា​ខ្មែរ​​​​និងនិយាយ​បាន​

 

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.