Kun Khmer

អែម ​សុវណ្ណារី ​មិន​បំភ្លេច​ដូន​តា​ដោយ​ចាប់​ផ្ដើម​រៀន​​​ភាសា​ខ្មែរ​​​​និងនិយាយ​បាន​ខ្លះៗ

អែម ​សុវណ្ណារី ​​ឬ ​​ឈ្មោះ​ក្រៅ​ “The Sweet Savage”​ ​គឺ​ជា​កីឡាការិនី​​​កូន​ខ្មែរ​កើត​នៅ​អាមេរិក​ ដែល​សព្វ​ថ្ងៃ​រស់​នៅ​ក្រុង​ឡុង​ប៊ិច​ រដ្ឋ​​កាលីហ្វ័ញ៉ា។ ​អែម សុវណ្ណារី ​​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ខ្ទរខ្ទារ​ដល់​ប្រទេស​កម្ពុជា​​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​​នៅ​សង្វៀន​ ONE Championship ពីរ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៨​ ​និង​ ២០១៩​ កន្លង​ទៅ។

​សុវណ្ណារី​ ​​​មិន​ត្រឹម​តែ​អភិវឌ្ឍ​​ក្បាច់​គុន ​ប៉ុន្តែ​ ​ថែម​ទាំង​​​ខិតខំ​រៀន​ភាសា​ខ្មែរ​​តាម​អនឡាញ​​ដើម្បី​ឲ្យ​រូប​គេ​អាច​​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ក្រុម​​គ្រួសារ​ដែល​និយាយ​ភាសា​ខ្មែរ​នៅ​ឡុងប៊ិច​ឡើង​វិញ។ ​កាល​នៅ​កុមារី​ “The Sweet Savage”​ បាន​​និយាយ​ភាសា​ខ្មែរ​ជា​មួយ​​ម្ដាយ ​និង​ ជីដូន​ជីតា​ ប៉ុន្តែ​ ក៏​​​លែង​ចេះ​​​និយាយ​​ខ្មែរ​ទៅ​វិញ​​​ពេល​ធំ​ដឹង​ក្ដី ​ដោយ​សារ​មិន​​បាន​រស់​នៅ​ជុំ​គ្រួសារ​ដែល​និយាយ​ខ្មែរ​ដូច​មុន។

កីឡាការិនិ​សម្បុរ​​ស្រអែម​​បាន​បង្ហើប​អំពី​ការ​​រៀន​ចេះ​ភាសា​ខ្មែរ​បែប​នេះ​៖​«​ក្រោយ​​ចាប់​ផ្ដើម​រៀន​​ខ្មែរ​អនឡាញ​តាំង​ពី​ខែ​មករា​​ជា​មួយ​​ក្រុម​ហ៊ុន​ NOVA Language Service ខ្ញុំ​អាច​និយាយ​ភាសា​ខ្មែរ​បាន​​តិចតួច​ ប៉ុន្តែ​​​ខ្ញុំ​មាន​មោទកភាព​​ដែល​ខ្ញុំ​អាច​និយាយ​ និង​អាច​យល់​បាន​ពី​អ្នក​ដទៃ​បាន។ ​ខ្ញុំ​​អាច​​និយាយ​ជា​មួយ​គ្រួសារ​របស់​ខ្ញុំ​បាន​ច្រើន​ជាង​មុន​ និង​និយាយ​ជា​មួយ​​បង​ប្អូន​ដែល​និយាយ​ខ្មែរ​​​សុទ្ធ​ អត់​និយាយ​អង់គ្លេស​។ ​ទោះ​ភាសា​ខ្មែរ​របស់​ខ្ញុំ​នៅ​កម្រិត​មូលដ្ឋាន​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រំភើប​​ក្នុង​ការ​និយាយ​ភាសា​ខ្មែរ​​ព្រោះ​ជា​ភាសា​​ដើម​​កំណើត​របស់​ដូន​តា​ខ្ញុំ»។

ចុចអាន ខ្សែ​ជីវិត​របស់​កូន​ខ្មែរ​នៅ​អាមេរិក​​ អែម សុវណ្ណារី​ ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​ពិភព​ក្បាច់គុន

បែប​ណា​​ក្ដី​ ​កីឡាការិនី​វ័យ​២៩ ​ឆ្នាំ​រូប​នេះ​ដាក់​គោល​ដៅ​រៀន​ភាសា​ខ្មែរ​​ឲ្យ​​បាន​រយៈ​ពេល​យូរ​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ​រហូត​ដល់​​ រូប​គេ​អាច​និយាយ​ភាសា​​ដើម​របស់​ខ្លួន​ស្ទាត់​ជំនាញ​ ឬ​ ​និយាយ​ទៅ​​មិន​ទាក់ទើរ​ច្រើន។

លើស​ពី​នេះ​ទៅ​ទៀត​ ​​កីឡាការិនី​ជាប់​កិច្ច​សន្យា​ប្រកួត​នៅ​សង្វៀន​ ONE Championship ដដែល​ ​គូស​បញ្ជាក់​ថា ៖«​ផល​លំបាក​នៅ​ពេល​និយាយ​ភាសា​ខ្មែរ​គឺ​​ត្រូវ​ទន្ទេញ​​ពាក្យ​ខ្លះ​ ​និង​និយាយ​ឲ្យ​ត្រូវ​តុង​​ខ្មែរ។ ​យ៉ាង​ណា​ក្ដី ​បើ​មើល​ជា​ទូទៅ​​ភាសា​ខ្មែរ ​ស្រួល​ជាង​ការ​រំពឹង​ទុក​​​របស់​ខ្ញុំ។ ​ព្រោះ​ពេល​ខ្ញុំ​រៀន​ភាសា​អាល្លឺម៉ង់​​នៅ​ថ្នាក់​វិទ្យាល័យ​ គឺ​ ​ពិបាក​ខ្លាំង​​ជាង​នេះ​ណាស់។ ​បន្ទាប់​មក​​ខ្ញុំ​ក៏​រៀន​​ភាសា​អ៊ីតាលី​ដោយ​ខ្លួន​ឯង​ដែរ។ ​អ៊ីតាលី​ស្រួល​ជាង​​​អាល្លឺម៉ង់​»។

សុវណ្ណារី ​សង្កត់​ធ្ងន់​ថា​៖«​ខ្ញុំ​មាន​សេច​ក្ដី​បារម្ភ​ខ្លះ​​ពេល​ចាប់​ផ្ដើម​រៀន​ភាសា​​ខ្មែរ​ ប៉ុន្តែ​​​ពេល​រៀន​កាន់​តែ​ច្រើន​ទៅ​ ​ខ្ញុំ​​បាន​រក​ឃើញ​ថា​ ភាសា​ខ្មែរ​​​វា​មិន​លំបាក​​ពេក​នោះ​ទេ។ ​មួយ​វិញ​​ទៀត​ខ្ញុំ​មាន​​អ្នក​គ្រូ​បង្រៀន​​ដ៏​អស្ចារ្យ​​ដែល​​រស់​នៅ​​​ខេត្ត​បាត់ដំបង។​ ​ខ្ញុំ​រៀន​ជា​មធ្យម​ ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។​ ​គាត់​ពន្យល់​ខ្ញុំ​បាន​ល្អ​ណាស់»។

បើ​រំលឹក​ទៅ​អតីត​កាល​ អែម សុវណ្ណារី​ ​បាន​​ជម្លៀស​ខ្លួន​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​​ទសវត្ស​​​ឆ្នាំ​១៩៨០​។ ​សុវណ្ណារី​ ​​កើត​នៅ​ឆ្នាំ​១៩៩២​ ​​នា​ក្រុង​ ឡុងប៊ិច​​ សហរដ្ឋ​អាមេរិក ​ដែល​ជា​ទី​ក្រុង​​​ធំ​ និង​ ​សម្បូរ​ដោយ​​​​​ពលរដ្ឋ​​ខ្មែរ​រស់​​នៅ​ទីនោះ​។ ​

កាល​នៅ​ក្មេង​ រូប​គេ​​​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ជីដូន ​និង​ជីតា​ដោយ​និយាយ​ភាសា​​​​​ដូន​តា​ គឺ​ ភាសា​ខ្មែរ​ដែល​ជួយ​ឲ្យ​រូប​គេ​​​បាន​ដឹង​ច្រើន​អំពី​កម្ពុជា​ព្រោះ​​ឧស្សាហ៍​ទៅ​​វត្ត​អារ៉ាម​, ញុំា​អាហារ​ខ្មែរ​ និង ស្ដាប់​​​ភ្លេង​ខ្មែរ​ទៀត​ផង។

សុវណ្ណារី ​លែង​ចេះ​និយាយ​ភាសា​ខ្មែរ ​ព្រោះ​មិន​​មាន​ទំនាក់ទំនង​ជា​មួយ​ជីដូន និង ជីតា​របស់​ខ្លួន​ទៀត​ឡើយ​​ដោយ​សារ​ពួក​គេ​ទទួល​មរណភាព។ ​​​វា​ជា​រឿង​ដ៏​សោកសៅ​សម្រាប់​គ្រួសារ​ ព្រោះ​​តែ​ពេល​វេលា​មិន​ដូច​មុន​ដែល​​រស់​នៅ​ជុំ​គ្នា​​ល្អ​ជា​មួយ​​ពួក​​លោក​ទាំង​ពីរ​ និង​ អាច​និយាយ​ភាសា​​ដើម​បាន។ ​​ ពេល​សុវណ្ណារី ​កាន់​តែ​ធំ​ដឹង​ក្ដី​​ ​គេ​បាន​ផ្លាស់​​ចេញ​ពី​​ឡុងប៊ិច​ ​និង​បាន​កាត់​ទំនាក់ទំនង​ជា​មួយ​​ពល​រដ្ឋ​​​​មាន​ដើម​កំណើត​ខ្មែរ​ជា​ច្រើន។ ​

​ចុចអាន នៅ​ ស្រីពៅ​​ បាន​រៀន​សូត្រ​ពី​​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី​ Priscilla 


ព័ត៌មាន
ផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង ​​ហ្វេសប៊ុកONEChampionship