Kun Khmer

អតីតកម្មករសំណងនៅថៃ រិន សារ័ត្ន គ្រង​ជើង​ឯក​ដំបូងក្នុងអាជីពប្រដាល់៧ឆ្នាំ

06/07/2020

កីឡាករប្រដាល់គុនខ្មែរ និងគុនចម្រុះ ONE Championship រិន សារ័ត្ន បានសម្រេចគោលបំណង​របស់​ខ្លួន​ក្នុង​ការ​គ្រង​​​ជើង​ឯក​​​លើកដំបូងក្នុងអាជីព បន្ទាប់ពីប្រឡូកចូលក្នុង​ប្រដាល់ទាំងក្នុងស្រុក និងក្រៅប្រទេសអស់រយៈពេល៧ឆ្នាំ។

រិន សារ័ត្ន រីក​រាយ​ពេល​ឈ្នះ​នៅ​សង្វៀន ONE Championship

កីឡាករវ័យ២៧ឆ្នាំ រិន សារ័ត្ន បានរៀបរាប់ថា រូបគេធ្លាប់ឆ្លងកាត់ការងារជាកម្មករជាច្រើនឆ្នាំមកហើយមុនពេលបោះជំហានចូលអាជីពប្រដាល់។ ការងារជាកម្មករចុងក្រោយគឺធ្វើសំណងនៅប្រទេសថៃរយៈពេលជាង៣ឆ្នាំពីឆ្នាំ២០០៩ដល់២០១១។

ក្រោយពេលត្រឡប់មកប្រទេសកំណើតវិញ រូបគេបានចូលហាត់ប្រដាល់ និងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍​ជើង​ឯក​គុនចម្រុះនៅសង្វៀនទូរទស្សន៍ CTN និងប្រកួតគុនខ្មែរជាបន្តបន្ទាប់ទាំងការប្រកួតមិត្តភាពអន្តរជាតិ ​ខ្សែក្រវាត់ និងនៅស្ថាប័នកំពូល ONE Championship ប៉ុន្តែមិនធ្លាប់ឈ្នះខ្សែក្រវាត់ ឬ​ជើង​ឯក​ឡើយ។

កីឡាករមានកំណើតនៅខេត្តព្រៃវែងបានឲ្យដឹងថា ៖«ខ្ញុំចូលប្រឡូកក្នុងអាជីពប្រដាល់រយៈពេល៧ឆ្នាំហើយ។ ខ្ញុំបានសុំលោក ម៉ា សេរី ចូលហាត់ប្រដាល់ និងប្រកួតគុនចម្រុះពេល CTN រៀបចំការប្រកួតកម្មវិធីក្នុងទ្រុង។ តែក្នុង​រដូវ​កាល​ទី១ ដូចឆាចោលអីចឹង អត់​ឈ្នះ​​អ្វីទាំងអស់ ធ្លាក់តាំងពីជុំដំបូង»។

«ចូលរដូវកាលទី២ ខ្ញុំបានកើនឡើងសមត្ថភាពគួរសមដែរ ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ មាស ម៉ើ ហើយទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ»។ រិន សារ័ត្ន បានបញ្ជាក់ និងបន្ថែមថា ចំណែកការចូលរួមប្រកួតខ្សែក្រវាត់ផ្សេងៗក៏មិនទទួលបានលទ្ធផលល្អប្រសើរ​ដែរ។

រិន សារ័ត្ន ពេល​ឈ្នះ Wirawan

ទោះបីជាយ៉ាងណា កីឡាករដែលមានបទពិសោធប្រកួត​គុន​​ខ្មែរ​៦៨​ដង  (ឈ្នះ៥០ ចាញ់​១៥​ ស្មើ​៣) មិនព្រមបោះបង់ចោលអាជីពប្រដាល់ឡើយ ពីព្រោះរូបគេធ្លាប់​ឆ្លង​កាត់​ការងារជាកម្មករនេសាទ សំណង និងការងារផ្សេងៗតាំងពីអាយុ១២ឆ្នាំ​ដែល​ជួប​​ទុក្ខ​វេទនា​ច្រើន ដូច្នេះ​ប្រដាល់​គឺ​​​អាជីព​​ផ្តល់​ឲ្យ​រូប​គេ​រីក​រាយ​ក្នុង​ជីវិត។ ទីបំផុត ការខិតខំប្រឹងប្រែងបានផ្តល់ឲ្យ រិន សារ័ត្ន ទទួលបាន​សម្រេច។ រូបគេបានឈ្នះ​ជើង​ឯក​គុនខ្មែរនៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥​នៅ​ឆ្នាំ​២០២០​។ កីឡាកររូបនេះប្រាប់ថា ៖«នេះជា​ជើង​ឯក​​លើក​​ទី១ក្នុងអាជីពប្រដាល់៧ឆ្នាំរបស់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តដែលទទួលបានលទ្ធផលនេះ។ ខ្ញុំទទួលស្គាល់ថា សព្វថ្ងៃនេះ សមត្ថភាពខ្ញុំកើនឡើងជាងមុនៗខ្លះ តែមិនខ្លាំងណាស់ទេ»។

ក្រៅពីជោកជាំឡើងសង្វៀនក្នុងស្រុក រិន សារ័ត្ន ក៏មានបទពិសោធជាច្រើនក្នុងការប្រកួតលើឆាកអន្តរជាតិ ជាពិសេសសង្វៀនកំពូលនៅអាស៊ី ONE Championship ដែលរូបគេធ្លាប់ប្រកួតបាន៦ដង (ឈ្នះ២ និងចាញ់៤ដង) និងសង្វៀននៅប្រទេសផ្សេងទៀត។ ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បានធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយ និង​សាង​​ប្រវត្តិសាស្ត្រលើឆាកអន្តរជាតិ នៅពេលរូបគេបានផ្តួលកីឡាករឥណ្ឌូណេស៊ី Mario Satya Wirawan តាមរយៈកែងដែលត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣នៃព្រឹត្តិការណ៍ ONE Championship: Pinnacle of Power នៅប្រទេសចិនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។

រិន សារ័ត្ន ជា​ជើង​ឯក​ពាន​រង្វាន់​នៅ TV5 (រូបភាព៖ Cambodian Top Team)

សព្វថ្ងៃនេះ រូបគេកំពុងខិតខំបង្កើនសមត្ថភាពផ្នែកប្រដាល់គុនខ្មែរ និងប្រដាល់ឃីកបុកសីងដែលរូបគេសង្ឃឹមថា នឹងបានទៅប្រកួតលើឆាកអន្តរជាតិបន្តទៀត៕