Kun Khmer

៥​សំនួរ​ជា​មួយ ចាន់ រតនា វិភាគការប្រកួតខ្សែក្រវាត់រវាង Christian Lee និង Rae Yoon

16/09/2021

ជើង​ឯក​វ័យ​ក្មេង Christian Lee មាន​កាតព្វ​កិច្ច​ឡើង​ការពារ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Lightweight របស់​ខ្លួន​ទល់​​នឹងអ្នក​លេង​គុន​ចម្រុះ​កូរ៉េ​ខាង​ត្បូង​ Ok Rae Yoon នៅ​ព្រឹត្តិការណ៍​ ONE: REVOLUTION ថ្ងៃ​ទី​២៤ ខែ​កញ្ញា ខាង​មុខ​នេះ។

៦​ប្រកួត​​​ចុង​ក្រោយ Lee មិន​ទាន់​បរាជ័យ​ម្តង​ណា​ឡើយ​ក្នុង​នោះ​ផ្តួល​ដៃ​គូក្នុង​ទឹក​ទី​១​បាន​៤​លើក ទឹក​ទី​២​​មួយ​លើក និង​ទឹក​ទី​៣​មួយ​លើក។ រូប​គេ​ឡើង​ការពារ​ ​ខ្សែ​ក្រវាត់​ពីរ​ជោគជ័យ​បាន​២​លើក​ហើយ។

អ្នក​លេង​គុន​ចម្រុះកូរ៉េ​ខាង​ត្បូង Ok Rae Yoon ទើប​បាន​ប្រកួត​នៅ ONE ពីរ​ដង​ប៉ុណ្ណោះ ហើយ​ទទួល​បាន​រហស្សនាម«ឃាតកវីរបុរស» បន្ទាប់​ពី​ប្រកួត​លើក​ទី​១​ឈ្នះ​អតីត​ជើង​ឯក​ពិភព​លោក Marat Gafurov ដោយ​ពិន្ទុ និង​លើក​ទី​២​​ឈ្នះ​ខ្លា​ចាស់​អាមេរិក​ដែល​អតីត​ជើង​ឯក UFC កីឡាករ Eddie Alvarez ដោយ​ពិន្ទុ​ទៀត។ ដូច្នេះ​ហើយ​រូប​គេ​ក៏​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​តែ​ម្តង។

ក្រុម​ការងារ ONE ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​សម្ភាសអ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា ជុំ​វិញ​ការ​ប្រកួត​រវាង​ Christian Lee និង Ok Rae Yoon ថា​តើ​មាន​អ្វី​ជា​ចំណុច​ខ្លាំង​ដើម្បី​យក​ប្រៀប​លើ​ដៃ​គូ​រៀង​ៗ​ខ្លួន។

ONE Championship ៖ តើ​ ចាន់ រតនា យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​រវាង Christian Lee និង Ok Rae Yoon ?
ចាន់ រតនា ៖ ខ្ញុំ​គិត​ថា គូ​នេះ​ល្អ​មើល គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​មិន​អាចតស៊ូ​គ្នា​ដល់​៥​ទឹក​ទេ។

ONE ៖ ក្នុង​នាម​ជា​អ្នក​ប្រដាល់​គុន​ចម្រុះ​ដូច​គ្នា តើ​ រតនា គិត​ថា អ្វី​ជា​ចំណុច​ល្អ​របស់​កីឡាករ​កូរ៉េ​ដែលហ៊ាន​មក​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក?
រតនា ៖ មែន​ទែន​ទៅ ខ្ញុំ​ទើប​ឃើញ Ok Rae Yoon បាន​ប្រកួត​ម្តង​ចុង​ក្រោយ​។ តែ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​ចំណុច​ល្អ​របស់​គាត់​ពីរ​សំខាន់។ ទី​១ គាត់​​មាន​​គោល​ជំហរ​ចេញ​ចូល​ល្អ កម្លាំង​ស៊ុហ្វ​ល្អ ហើយ​​កាយ​សម្បទាក៏រឹង​មាំ។ ទី​២ ខ្ញុំ​ឃើញ​គាត់​មាន​ស្នៀត​ការពារ​ក្បាច់​ក្រោយម​ល្អ។ ​គាត់​មិន​ពូកែ​វ៉ៃ​ជំនាញ​ក្រោម ប៉ុន្តែ​ពូកែ​គ្រប់​គ្រង និង​ការពារ។

ONE ៖ ចុះម្ចាស់​ខ្សែ​ក្រវាត់​វិញ រតនា មើល​ឃើញ​អ្វី​ជា​លក្ខណៈ​ពិសេស​របស់​គាត់?
រតនា ៖ ទោះ​នៅ​ក្មេង តែ Christian Lee មាន​បទ​ពិសោធ​ច្រើន។ គាត់​អាច​និយាយ​បាន​​ថា ល្អ​គ្រប់​ក្បាច់។ ខ្ញុំ​ធ្លាប់​ឃើញ​គាត់​វ៉ៃ​គឺ គាត់​ល្អ​ទាំង​ចាប់​ផ្តួល ឃ្លេ គ្រប់​គ្រង ហើយ​បើ​និយាយ​ពី​ក្បាច់​វ៉ៃឈរ​ក៏​ល្អ។ ជា​ពិសេស​នោះ​គឺ​ភាព​លឿន​ក្នុង​ការ​ចូល​វ៉ៃ​ភ្លាម​ៗ​គឺ​ជា​គុណ​សម្បត្តិ​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​ដៃ​គូ​ត្រៀម​ខ្លួន​មិន​ទាន់។

ONE ៖ បើ​ដូច្នេះ រតនា ប្រហែល​ជា​មើល​ឃើញ​នរណា​ម្នាក់​មាន​ប្រៀប​ហើយ​មើល​ទៅ?
រតនា ៖ ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ថាតើ​នរណា​មាន​ប្រៀប ប៉ុន្តែ​ផ្អែក​លើ​បទ​ពិសោធ​ ខ្ញុំ​គិត​ថា Christian Lee មាន​ភាគ​រយឈ្នះ​​ច្រើនជាងដល់​៧០​​%។

ONE ៖ រតនា អាច​ព្យាករ​បាន​ទេ​ថា គូ​នេះ​នឹង​បញ្ចប់​៥​ទឹក​ ឬ​ពាក់​កណ្តាល​ទី​?
រតនា ៖ ​ខ្ញុំ​គិតថា Christian Lee ​នឹង​ការពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ។ ខ្ញុំ​ជឿ​​ជាក់​លើ​គាត់។ មែន​ទែន​ទៅ ​គូ​នេះ​មិន​អាច​​ដល់​៥​ទឹក​ទេ។ យូរ​បំផុត​ត្រឹម​ទឹក​ទី​២​នឹង​មាន​ឈ្នះ៕

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។