Kun Khmer

ខុន ស៊ីចាន់ នៅតែពេញចិត្តចំពោះអាជីពប្រដាល់ជិត២០ឆ្នាំ ទោះមិនល្បីខ្លាំង

05/07/2020

អ្នកប្រដាល់គុនចម្រុះល្បីនៅឆាកអន្តរជាតិ ONE Championship ខុន ស៊ីចាន់ នៅតែមានអារម្មណ៍ពេញចិត្តចំពោះអ្វីដែលខ្លួនមានថ្ងៃនេះ បើទោះជាអាជីពប្រដាល់របស់ខ្លួននៅមានកម្រិតតាមរយៈការប្រឡូកចូលក្នុងគុនខ្មែរជិត២០ឆ្នាំហើយ។

ខុន ស៊ីចាន់ (ឆ្វេង) វ៉ៃ​ជាមួយ Riski Umar (ស្តាំ)

កីឡាករអាយុ៣២ឆ្នាំ ស៊ីចាន់ បានរៀបរាប់ថា រហូតដល់ពេលនេះរូបគេចូលប្រឡូកក្នុងអាជីពប្រដាល់ជិត២០ឆ្នាំហើយ។ ក្នុងរយៈពេលជិត២០ឆ្នាំនេះថ្វីបើមិនទាន់ល្បីល្បាញខ្លាំង ឬលេចធ្លោដូចអ្នកប្រដាល់ជួរមុខ ប៉ុន្តែរូបគេនៅតែពេញចិត្តចំពោះអាជីពប្រដាល់។

ស៊ីចាន់បាននិយាយថា ៖«ខ្ញុំធ្លាប់ឈ្នះមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិច្រើន។ ហើយក៏ធ្លាប់ទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ និងលេខ៣ប៉ុណ្ណោះពីការប្រកួតជើងគុនខ្មែរ។ អ្វីដែលជាសមិទ្ធផលធំបំផុតក្នុងអាជីពប្រដាល់របស់ខ្ញុំគឺការប្រកួតគុនចម្រុះនៅសង្វៀន CTN កាលពីឆ្នាំ២០១៣ ដែលកាលនោះខ្ញុំឈ្នះជើងឯក KWC »។

ខុន ស៊ីចាន់ (ឆ្វេង)​ វ៉ៃ​ជាមួយ Riski Umar (ស្តាំ)

ការប្រដាល់ក៏ជាផ្នែកមួយដែលផ្តល់ឲ្យរូបគេទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងប្រើប្រាស់ចំណូលប្រដាល់ធ្វើឲ្យមានប្រយោជន៍។ កីឡាករដែលមានដើមកំណើតនៅអន្លង់វែងរូបនេះបញ្ជាក់ថា ៖«ក្រៅពីប្រដាល់ ក៏ខ្ញុំអាចរកចំណូលបានខ្លះដែរ។ ខ្ញុំបានយកលុយពីប្រដាល់ទៅចងការគេ លុយរាប់ដើម្បីបានប្រាក់ការ ពីព្រោះខ្ញុំមិនអាចឡើងវ៉ៃញឹកញាប់ទេ»។

ខុន ស៊ីចាន់ បានប្រាប់ថា សព្វថ្ងៃនេះរូបគេមិនហ៊ានឡើងប្រកួតគុនខ្មែរញឹកញាប់ទេ ពីព្រោះគិតសុខភាព។ រូបគេអាយុកាន់តែច្រើនហើយ ដូច្នេះយ៉ាងហោចណាស់មួយខែប្រកួតតែ១ដងប៉ុណ្ណោះ។ «ខ្ញុំអត់ហ៊ានប្រកួតគុនខ្មែរញឹកញាប់ទេ ព្រោះខ្លាចឈឺខ្លួន។ បើប្រកួតញឹកញាប់ ខ្លួនប្រាណឆាប់ទ្រុឌទ្រោម ឈឺចាប់ណាស់ អីចឹងហើយបានជាខ្ញុំប្រកួតតែមួយដងប៉ុណ្ណោះក្នុងមួយខែ»។

កីឡាករ ខុន ស៊ីចាន់ ឈ្នះ​កីឡាករ Riski Umar

ចំពោះក្បាច់គុនចម្រុះវិញ បើទោះជាមិនទាន់មានការប្រកួតដោយសារបញ្ហាជំងឺខូវិត១៩ ក៏ ខុន ស៊ីចាន់ នៅតែបន្តហ្វឹកហាត់ ពីព្រោះរូបគេមិនទាន់ចប់កុងត្រាប្រកួតនៅស្ថាប័ន ONE Championship

ជាមួយកំណត់ត្រាប្រកួតគុនចម្រុះ៩ដង (ឈ្នះ៣ និងចាញ់៦) ខុន ស៊ីចាន់ បានសាងប្រវត្តិជ័យជម្នះលើកទី១នៅសង្វៀន ONE Championship នៅពេលដែលរូបគេបានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Riski Umar កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ ONE Championship: Visions of Victory

 

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង ​​ហ្វេសប៊ុកONEChampionship