Kun Khmer

ក្លិប​របស់​ ចាន់ រតនា ​បើក​វិញ​​ តែ​​​មិន​អ៊ូអរ​ដូច​មុន

​ក្លិប​ «សិល្បៈ»​ ​ដែល​​មាន​ ចាន់ រតនា​ ជា​​ម្ចាស់​​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ហ្វឹកហាត់​​រយៈ​ពេល​ប្រមាណ​មួយ​ខែ​មក​ហើយ។ ​ក្លិប​​ «សិល្បៈ»​ ​​​ត្រូវ​បាន​បិទ​ទ្វារ​​តាំង​ពី​ខែ​ មីនា ​​​មក​ម៉្លេះ​ដោយ​សារ​តែ​​ការ​​ផ្ទុះ​ឡើង​នៃ​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី Covid-19។ ​

​​អ្នក​លេង​គុន​ចម្រុះ​កំពូល​ប្រចាំ​កម្ពុជា​​ និង​ជា​ម្ចាស់​ក្លិប​«សិល្បៈ»​ បាន​​រៀបរាប់​ថា៖«​ខ្ញុំ​បាន​បើក​ក្លិប​របស់​ខ្ញុំ​វិញរយៈ​ពេល​​ប្រហែល​មួយ​ខែ​មក​ហើយ​ ប៉ុន្តែ ​អ្នក​ចូល​ហាត់​មិន​ច្រើន​ដូច​មុន​ទេ។​ ​ហើយ​ខ្ញុំ​ក៏​មិន​បង្ហាត់​ច្រើន​ប៉ុន្មាន​ដែរ​។ ​ខ្ញុំ​​បាន​បន្ថយ​ម៉ោង​ហ្វឹកហាត់​ព្រោះ​ខ្ញុំ​ត្រូវ​​ទុក​ពេល​ហ្វឹកហាត់​ខ្លួន​ឯង​ច្រើន។ ចំណែក​កូន​សិស្ស​វិញ​​ភាគ​ច្រើន​គឺ​​បរទេស​​​នៅ​ស្រុក​ខ្មែរ​ និង​ ​អ្នក​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ក្លិប»។ ​​

ចុចអាន ចាន់ ​រតនា ​​ប៉ង​ជួប​​​​ Yuya Wakamatsu​ ​​ដើម្បី​​​បង្កើន​សមត្ថភាព​ដល់​​កម្រិត​ខ្ពស់

ក្លិប​ «សិល្បៈ»​ ​​របស់​ ចាន់ រតនា ​​បាន​ប្ដូរ​និង​​ជួល​​​ទីតាំង​ថ្មី​​នា​​​ចុង​ឆ្នាំ​២០១៩​នៅ​ ផ្ទះ​លេខ​​១០៩​ ​ផ្លូវ​​ ១៣ BT ​​សង្កាត់​បឹង​ទំពន់​១​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ ​(ទល់​​មុខ​នឹង​ Phnom Penh Sports Club ​ផ្លូវ​​២៧១)។​ ទី​តាំង​​​ក្លិប​ចាស់​​ដែល​បាន​បម្រើ​​ការ​ហ្វឹកហាត់​រយៈ​ពេល​​៣​ឆ្នាំ​មក​​នោះ​ ​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​។

កីឡាករ​វ័យ​៣៤​ឆ្នាំ​សង្កត់​ធ្ងន់​ថា ៖«​កូន​សិស្ស​នា​ពេល​នេះ​ គឺ​ស្គាល់​ប្រវត្តិ​ធ្វើ​ដំណើរ​ និង​​ស្នាក់​នៅ​ស្រុក​ខ្មែរ។ ​ហើយ​មុន​ពេល​ហ្វឹកហាត់​ម្នាក់ៗ​សុទ្ធ​តែ​មាន​អនាម័យ​ខ្ពស់​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ Covid-19»។

​ក្រៅ​ពី​បង្ហាត់​កូន​សិស្ស​​​​ឲ្យ​រឹង​មាំ​ផ្នែក​សុខភាព​ ​អ្នក​​លេង​គុន​ខ្មែរ​​​និង​យុទ្ធ​គុនខម​​បាន​ឆ្លៀត​ពេល​ហ្វឹកហាត់​ខ្លួន​​ឯង​ជា​មួយ​គ្រូ​បង្វឹក​​តាម​ជំនាញ​ដូច​ជា​​លោក​ Lorenzo ​ផ្នែក​កម្លាំង, លោក ខូវ វិឌ្ឍនា ផ្នែក​ក្បាច់​ជឺជិតស៊ូ និង​ គ្រូ​ Rolando ផ្នែក​ប្រដាល់​សកល។

​​ពី​មុន​ ក្លិប​ «សិល្បៈ» ​​មាន​កីឡាករ​​​អាជីព​​មួយ​ចំនួន​ដែល​បង្វឹក​​ដោយ​ចាន់ រតនា ​ប៉ុន្តែ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​​​មានតែ​កូន​សិស្ស​ហាត់​​សម្រាប់​​សុខភាព​ល្អ​ប៉ុណ្ណោះ​ ជា​ពិសេស​ជន​បរទេស​ ដែល​ស្គាល់​តាម​រយៈ​ប្រពន្ធ​​សញ្ជាតិ​បារាំង​របស់​ខ្លួន។ ​​កូន​សិស្ស​ហាត់​ចង់​ឡើង​វ៉ៃ​​អាជីព​មួយ​ចំនួន​បាន​ងាក​ទៅ​ស្រវា​រក​ការងារ​ខុស​ពី​ប្រដាល់​វិញ។ ​ ​ការ​ហ្វឹកហាត់​​បំប៉ន​សុខភាព​​នា​ពេល​បច្ចុប្បន្ន​នេះ​អាស្រ័យ​លើ​ការ​រៀប​ចំ​របស់ ​រតនា​ ​​ព្រោះ​​រូប​​​គេ​រវល់​សម្រួច​ខ្លួន​ឲ្យ​ខ្លាំង​ដែរ​​​ក្នុង​ដំណើរ​ត្រៀម​ខ្លួន​ជា​ថ្មី​ឡើង​សង្វៀន ONE Championship។

​រតនា​ ​មាន​កំណត់​ត្រា​ចំនួន​១០​​ដង​ក្នុង​សង្វៀន​គុន​ចម្រុះ​​​តាំង​​ពី​ឆ្នាំ​ ២០១៥​មក ​ពោល​​ឈ្នះ​ ៧ ​ដង​ និង ​ចាញ់​ ៣​ដង។ ​​​​​រតនា ​អាច​នឹង​ជួប​ជើង​ខ្លាំង​មក​ពី​ជប៉ុន​​ Yuya Wakamatsu ឬ ​រហស្ស​នាម​ថា​ “Little Piranha” នា​ថ្ងៃ​​មុខ​​នៅ​សង្វៀន ONE និង​ជា​ការ​ប៉ង​យក​​ជ័យជម្នះ​ ៤ លើក​ជាប់​គ្នា​នៅ​សង្វៀន​ពិភព​​លោក​មួយ​នេះ។ ​កីឡាករ​ជប៉ុន​រូប​នេះ​បង្ហាញ​ការ​​ប្រកួត​ដ៏​អស្ចារ្យ​​ ​និង​ ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ជា​ហូរហែ​ ​ហើយ​ក៏​​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង​នៅ​ឆ្នាំ​ ២០១៩​ កន្លង​ទៅ។ ​

បើ​សិន​ចង់​ហ្វឹកហាត់​​ជា​មួយ​ ចាន់ រតនា​ ​សូម​ទាក់ទង​លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន​របស់​​គេ​​​​ ​០៩២​ ៣៤៥ ៤៣៩៕ ​

ចុចអាន ពេល​ជួប​គ្នា​ អែម សុវណ្ណារី ​​ និយាយ​អ្វី​ខ្លះ​ចំពោះ​ ​ចាន់ រតនា!