Kickboxing

បើឈ្នះដូចគ្នា អ្នកគាំទ្រខ្មែរនឹងឃើញជំនួបកំពូល Superlek ប៉ះ Rodtang

19/02/2021

ជើងខ្លាំង«រន្ទះជើងម៉ាស៊ីន» Superlek Kiatmoo9 ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight ជាមួយនឹងម្ចាស់ខ្សែក្រវាត់ Ilias Ennahachi នៅព្រឹត្តិការណ៍ ONE: FISTS OF FURY នាថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ខាងមុខនេះនៅប្រទេសសិង្ហបុរី។

Superlek និង Rodtang

Superlek ធ្លាប់ឈ្នះជើងឯកមួយថៃបានពីរដងនៅសង្វៀន Lumpinee មុនពេលបោះជំហានចូលស្ថាប័ន ONE ប៉ុន្តែមិនទាន់បានខ្សែក្រវាត់ពិភពលោកពីស្ថាប័នចុងក្រោយនេះទេ។

យ៉ាងណា រូបគេក៏មិនទាន់ស្គាល់បរាជ័យឡើយ បន្ទាប់ពីប្រកួត៤លើកឈ្នះទាំងអស់ក្នុងនោះឈ្នះកីឡាករកម្ពុជា ឡៅ ចិត្រា, ឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho, ឈ្នះមិត្តរួមជាតិ Panpayak និងឈ្នះ Fahdi Khaled មុនពេលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់នាឆ្នាំ២០២១នេះ។

សម្រាប់ម្ចាស់ខ្សែក្រវាត់ Ennahachi បានផ្តួលកីឡាករថៃ Petchdam ក្នុងទឹកទី៣ដើម្បីក្លាយជាជើងឯកពិភពលោក។ បន្ទាប់មករូបគេការពារខ្សែក្រវាត់ពិភពលោកនេះបានជោគជ័យម្តងរួចហើយជាមួយកីឡាករចិន មុនពេលប៉ះ Superlek ដើម្បីការពារជាលើកទីពីរ។


អ្នកប្រជែងខ្សែក្រវាត់ពិភពលោកបានមើលឃើញពីចំណុចខ្វះខាតរបស់ម្ចាស់ខ្សែក្រវាត់ដែលរំពឹងថា រូបគេអាចមានប្រៀប។
Superlek និយាយថា ៖«គាត់ជាកីឡាករដ៏ល្អម្នាក់។ គាត់មានល្បឿនលឿនណាស់ ហើយមានបទពិសោធឃីកបុកសីងច្រើន។ ជាពិសេសគាត់ទាត់ខ្ពស់គ្រោះថ្នាក់»។

«ប៉ុន្តែចំណុចខ្សោយរបស់គាត់គឺកម្លាំង។ នៅទឹកចុងក្រោយ គាត់គ្មានកម្លាំងខ្លាំងដូចទឹកដំបូងៗទេ។ គាត់អស់កម្លាំងស៊ុហ្វ»។

រន្ទះជើងម៉ាស៊ីនរបស់ថៃជឿជាក់ថា បទពិសោធក្រាស់ក្រែល និងអាវុធធ្ងន់ៗរបស់ខ្លួននឹងមានប្រៀបលើម្ចាស់ខ្សែក្រវាត់ ហើយនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ អាវុធសំខាន់របស់ខ្លួនគឺទាត់ឲ្យបានច្រើនបំផុតដូចអ្វីដែលរូបគេធ្លាប់ឈ្នះកីឡាករ ឡៅ ចិត្រា។

នៅរាត្រីជាមួយគ្នានោះ Rodtang Jitmuangnon ក៏ឡើងសង្វៀនដែរគឺជាការប្រកួតឃីកបុកសីងជាលើកដំបូងក្នុងអាជីពរបស់ខ្លួនជាមួយកីឡាករអេស្ប៉ាញ Alegandro Rivas។ វាជាការប្រកួតមិត្តភាពប៉ុណ្ណោះ ប៉ុន្តែ«មនុស្សដែក»របស់ថៃនេះមានគោលដៅធំ។

រូបគេមានគោលដៅឈ្នះខ្សែក្រវាត់ពិភពលោកក្នុងប្រភេទកីឡាទី២ បន្ទាប់ពីរូបគេបានឈ្នះខ្សែក្រវាត់មួយថៃពិភពលោកនៅ ONE មួយគ្រឿងហើយ។ Rodtang និយាយពីជំនួបដណ្តើមខ្សែក្រវាត់រវាង Superlek និង Ennahachi ថា ៖«ខ្ញុំចាំមើល នរណាជាជើងឯក ហើយខ្ញុំនឹងប្រកួតជាមួយម្ចាស់ខ្សែក្រវាត់នោះ»។

Superlek បញ្ជាក់​ថា ៖«ប្រសិនបើខ្ញុំឈ្នះខ្សែក្រវាត់ ហើយ Rodtang ឈ្នះការប្រកួតមិត្តភាពនៅយប់ជាមួយគ្នានោះ ភាគច្រើនណាស់ យើងនឹងជួបគ្នា។ បើខ្ញុំបានជួប Rodtang មែនគឺជាជំនួបកំពូលដ៏អស្ចារ្យបំផុតដែលមានអ្នកគាំទ្រទូទាំងប្រទេសថៃ និងប្រទេសផ្សេងៗចង់ឃើញ»៕

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។