Features

មកស្គាល់​បុរស​​​ដែល​ជួយ​ Rodtang ធ្វើ​ឲ្យ​ទី​ក្រុង​បាងកករំជើប​រំជួល​ចំពោះ​គេ

សម្រាប់​កាតព្វកិច្ច​ធំ​មួយនៅ​ ONE Championship ដែល​នៅ​សល់​មិន​ដល់​២​សប្តាហ៍​ទៀត​ផង​នោះ​ ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ​ជើង​ឯក​ពិភព​លោក​ ONE Flyweight មនុស្ស​ដែក  Rodtang “The Iron Man” Jitmuangnon បានកំពុង​សំលៀង​អាវុធយ៉ាង​សកម្មបំផុត។

ជំនួប​ដ៏​ស្វិត​ស្វាញ​សម្រាប់​កីឡាករ​មាន​ដើម​កំណើត​នៅ​ខេត្ត​ Phatthalung  ​គឺ​​ត្រូវ​​ការពារ​ខ្សែ​ក្រវាត់​​​របស់​ខ្លួន​ទល់​នឹង​មិត្ត​រួម​ជាតិ និង​ជា​ដៃ​គូ​ចាស់​ Petchdam “The Baby Shark” Petchyindee Academy នៅ​ព្រឹត្តិការណ៍​ ONE: NO SURRENDER នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​៣១ ខែ​កក្កដា នេះ​​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

ប៉ុន្មាន​ថ្ងៃ​​នេះ អ្នក​លេង​មួយ​ថៃ​រហស្សនាម​មនុស្ស​ដែក​​បាន​ធ្វើ​ទី​ក្រុង​បាងកក​ជា​ផ្ទះ​ទី​២​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា វា​មាន​អារម្មណ៍ពិត​ជា​ខុស​ប្លែក​ខ្លាំង​នៅ​ពេល​កីឡាករ​វ័យ​ក្មេង​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ភាគ​ខាង​ត្បូង​ ប្រទេស​ថៃ​លើក​ដំបូង​ដើម្បី​​​ទៅ​ប្រកួត​នៅ​ទី​ក្រុង​កាល​ពី​១០​ឆ្នាំមុន។

កីឡាករ​វ័យ​២២​ឆ្នាំ​បាន​និយាយ​ថា ៖«ពេល​ខ្ញុំ​ចេញ​ពី​​ខេត្ត​ Phatthalung ទៅ​ទី​ក្រុង​បាងកក​លើក​ដំបូង ខ្ញុំ​បាន​យំ។ ខ្ញុំ​ពិត​ជា​នឹក​ផ្ទះ​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដែល​ជួប​ប្រទាស់​មនុស្ស​ច្រើន​កក់​កុញ និង​ចរាចរណ៍​​ចង្អៀត​បែប​នេះ​ទេ»។

ជា​មួយ​នឹង​ប្រជា​ជន​ជាង​៨​លាន​នាក់​ ហើយ​ឡាន និង​ម៉ូតូ​ជាង​៩​លាន​គ្រឿង​នៅរាជធានី វាពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែល​ក្មេង​ប្រុស​ធ្លាប់​រស់​នៅ​ទី​កន្លែង​ស្ងប់​ស្ងាត់មាន​អារម្មណ៍​ចម្លែក​រហូត​ដល់​យំ។

ម្ចាស់​ខ្សែ​ក្រវាត់​និយាយ​ថា ៖«អ្វី​គ្រប់​គឺ​ពិត​ជា​ខុស​ប្លែក​ខ្លាំង​ណាស់​រវាង​ទី​ក្រុង​ និង​ខេត្ត។ អ្វី​ៗ​គឺ​ថ្មី​ទាំង​អស់​សម្រាប់​ខ្ញុំ»។



ប៉ុន្តែទោះ​ជា​ការប្រែ​ប្រួល​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ Rodtang បាន​តាំង​ចិត្ត​សម្រួល​ចិត្ត និង​សម្រប​តាម​បរិយាកាស​​ថ្មី​ជុំ​​​វិញ​ខ្លួន។

«ខ្ញុំ​បាន​សម្រប​ខ្លួន​តាម​ទី​កន្លែង​ដែល​ខ្ញុំ​រស់​នៅ។ ខ្ញុំ​​បាន​សម្រប​ខ្លួន​តាម​របៀប​រស់​នៅ​ថ្មី ឥរិយាបថ​ថ្មី និង​អ្វី​ៗ​គ្រប់​យ៉ាង​ណា។ ខ្ញុំ​បាន​ស្វែង​យល់​ពី​របៀប​រស់​​ដើម្បី​ក្លាយ​ជា​មនុស្ស​​ធំ​ពេញ​វ័យ ពី​ព្រោះ​ខ្ញុំ​មិន​មែន​រស់​នៅ​ជា​មួយ​គ្រួសារ​របស់​ខ្ញុំ​ទេ»។

សំណាង​ល្អ បុរស​ដែក​មិន​បាន​រស់​នៅ​ឯកោ​ទេ។

មិត្ត​ភក្តិ​គ្រួសារ​ម្នាក់​ឈ្មោះ​ Phorn ដែល​បាន​យក Rodtang ទៅ​បាងងកក​ដើម្បី​ឲ្យ​ហ្វឹកហាត់​ប្រដាល់​មួយ​ថៃ ដែល​ពេល​នោះ​គាត់​បាន​ក្លាយ​ជា​គ្រូ​បង្ហាត់​ និង​​ជា​អ្នក​ណែនាំ​​ក្បាច់​ប្រដាល់ជា​បន្ត​បន្ទាប់។

Rodtang បាន​និយាយ​ថា ៖​«គាត់​បាន​មើល​ថែ​​រក្សា​ខ្ញុំ​ជា​ឪពុក​ទី​២​របស់​ខ្ញុំ។ ខ្ញុំ​បាន​រស់​នៅ​ផ្ទះ​​គាត់។ គាត់​បាន​បង្រៀន​ខ្ញុំ​ពី​​ការ​រស់​នៅ​ និង​អ្វី​ៗ​គ្រប់​យ៉ាង​​ដើម្បី​​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់។ គាត់​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​​ធំ​ធាត់ និង​ចេះ​អត់​ធន់​តស៊ូ»។

Rodtang Jitmuangnon showcases his "Iron Man" shirt on his ring walk in Manila.

នៅ​ខាង​ក្រៅ​ផ្ទះ លោក​ Phorn មើល​ការ​ខុស​ត្រូវ​លើ​ការ​ហ្វឹកហាត់​របស់​ Rodtang ដើម្បី​​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ខ្សែ​ក្រវាត់មួយ​ថៃ​​ជើង​ឯក​ភពលោក​ ONE Flyweight ដែល​ត្រូវ​​ធ្វើ​ឲ្យ​​កក្រើក​នៅ​កីឡដ្ឋាន​ក្នុង​ទី​ក្រុង​បាងកក។

តារា​គុន​ថៃ​ម្នាក់​និយាយ​ថា ៖«​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​ខ្ញុំ​រៀប​ចំ​ផែន​ការ​ប្រកួត​»។

ប្រៀប​ដូច​ជា​ឪពុក​ទី​២នៅ​​ក្បែរ​ខ្លួន លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ Rodtang ស្ទើរ​គ្រប់​បែប​​យ៉ាង​​ទាំង​ការ​រស់​នៅ អាហារ ការ​ហ្វឹកហាត់​ និង​​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​ទី​ក្រុង​បាងកក​ជា​ផ្ទះ​ទី​របស់​គេ។

មនុស្ស​ដែក​បាន​និយាយថា ៖«អ្វី​ដែល​ខ្ញុំ​ចង់​ញាំ គឺ​គាត់​ចំអិន​ឲ្យ​ខ្ញុំ។ គាត់​ពិត​ជា​ពូកែ​ធ្វើ​ម្ហូប​ណាស់​​​​ត្រូវ​ចិត្ត​ខ្ញុំ​ច្រើន​ណាស់»។

ការ​គាំទ្រ​ទាំង​អស់​ត្រូវ​បាន​​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​កីឡាករ “The Iron Man” កាន់​តែ​ឃើញ​ផ្លូវ​ជោគជ័យ។ ក្រោយ​មក​លោក​ Huan ដែល​ជា​ម្ចាស់​ក្លឹប​ប្រដាល់​ Jitmuangnon Gym នៅ​ជាយ​ក្រុង​បាន​ចាប់​អារម្មណ៍រូប​គេ។​

លោក  Huan ចង់​បាន​ Rodtang ទៅ​ហ្វឹកហាត់​នៅ​ក្លឹប​របស់​លោក និង​ជួយ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​បាន​ប្រកួត​ជា​មួយ​កីឡាករ​ខ្លាំង​ៗ​លំដាប់​ពិភព​លោក។

លោក Phorn ដែល​​តែង​តែ​មើល​ថែ​​​ក៏​ចាប់​អារម្មណ៍​នឹង​ការ​ចង់​បាន​របស់​ម្ចាស់​ក្លឹប និង​បាន​យល់​ព្រម​ឲ្យ Rodtang ទៅ​ហ្វឹកហាត់​នៅ​ក្លឹប​ Jitmuangnon Gym ដែល​អាច​ឲ្យ​កីឡាករ​ប្រដាល់​រូប​នេះ​កាន់​តែ​មាន​អនាគត​ល្អ​ប្រសើរ។

Rodtang បាន​រំលឹក​ថា ៖«​គាត់​បាន​​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ»។

ក្រោយ​ពេល​ទៅ​ហ្វឹកហាត់​នៅ​ក្លឹប​Jitmuangnon រូប​គេ​បាន​ឈ្នះ​​ជើង​ឯក​ MAX Muay Thai Champion ក្នុង​ប្រភេទ​ទម្ងន់​១២៥​ផោន​ក្នុង​ឆ្នាំ​២០១៦​, ឈ្នះ​ជើង​ឯក​ពិភព​លោក​នៅ​សង្វៀន​ Omnoi Stadium ទម្ងន់​​១៣០​ផោន​ក្នុង​ឆ្នាំ​២០១៧ និង​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ឆ្នើម​បំផុត​ពីរ​ឆ្នាំ​ជាប់​គ្នា​នៅ​សង្វៀន​ Rajadamnern Stadium ឆ្នាំ​២០១៨ និង​២០១៩។

ជាមួយ​គ្នា​នេះ​ផង​ដែរ ខែ​សីហា ឆ្នាំ​២០១៩​ មនុស្ស​ដែក​​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ​ONE Flyweight បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ​ Jonathan “The General” Haggerty ក្នុងព្រឹត្តិការណ៍​ ONE: DAWN OF HEROES

ONE Flyweight Muay Thai World Champion Rodtang Jitmuangnon raises the belt

អ្នក​ប្រដាល់​ Rodtang បាន​រង់​ទុក្ខ​វេទនា​ជា​យូរ​មក​ហើយ​ក្នុង​ជីវិត​តាំង​ពី​កុមារភាព​របស់​គេ​​ដែល​បាន​ចាប់​ផ្តើម​នៅ​ទី​ក្រុង​បាងកក។ ឥឡូវ​នេះ ក្នុង​នាម​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ ONE World ទើប​តែ​បាន​១​ឆ្នាំ​ រូប​គេ​ត្រូវ​ឡើង​សង្វៀន​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​​នៅ​ក្នុង​រាជ​ធានី​ដ៏​ធំ​ និង​ទូទាំង​ពិភព​លោក​ដែល​កំពុង​រង់ចាំ​មើល​រូប​គេ។

ប៉ុន្តែ​បើ​ទោះ​ជា​រូប​គេ​បាន​ និង​កំពុង​ជោគជ័យ​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត មនុស្ស​ដែក​រូប​នេះ​​គ្មាន​ថ្ងៃ​ណា​ភ្លេច​ឪពុក​ទី​២​របស់​ខ្លួន​បាន​ឡើយ។

Rodtang និយាយ​ថា ៖«ខ្ញុំចង​ចាំ​រឿង​មួយ​ដែល​លោក​ Phorn តែង​តែ​បង្រៀន​ខ្ញុំ​​​ល្អ​បំផុត​គឺ​ថា មិន​ថា​យើង​ក្លាយ​ជា​មនុ​ស្ស​កំពូល​អស្ចារ្យ ឬ​ស្ថិត​នៅ​បាតសង្គម​យ៉ាង​ណា​ទេ​ ក៏​មិន​ត្រូវ​ភ្លេច​មនុស្សដែល​មាន​គុណ​ជួយ​យើង​​ឡើយ»។

អាន​បន្ត៖  Rodtang បង្ហាញទម្ងន់​កណ្តាប់​ដៃ​នៅ Fairtex