Features

ស្តេច​ប្រដាល់​ថៃ​ជា​អ្នក​នៅ​​ពី​​ក្រោយ​​ជោគជ័យ​​របស់​ Superbon

ថ្ងៃ​សុក្រ​ ទី​៣១ ខែ​កក្កដា នេះ​ កីឡាករ​ថៃ​ល្បី​ឈ្មោះ​ Superbon នឹង​​ឡើង​សង្វៀន​សាង​ក្រេតឌិត​ក្នុង​ព្រឹត្តិការណ៍​ ONE: NO SURRENDER នា​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

រាត្រី​នោះ តារា​ប្រដាល់​ឃីកបុកសីង​នឹង​ប្រឈម​នឹង​​ដៃ​គូ​ចាស់ និង​ជា​មិត្ត​រួម​ជាតិ​ “The Killer Kid” Sitthichai Sitsongpeenong នៅ​ក្នុង​ការ​ប៉ះ​គ្នា​ជា​​លើក​ទី​៣។

ប៉ុន្តែ​ខណៈ​ Superbon មាន​ចំណាត់​ថ្នាក់​លេខ​១ប្រដាល់​មួយ​ថៃ​នៅ​ស្ថាប័ន​ ONE ក្នុង​ប្រភេទ​ទម្ងន់ featherweight និង​ចំណាត់​ថ្នាក់​លេខ​២​​សម្រាប់​ប្រដាល់​ឃីកបុកសីង វិថី​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ​របស់​គេ​ក៏​មាន​ឡើង​ និង​ចុះ​ដែរ។

តាម​ពិត​កីឡាករ​ដ៏​មាន​ទេព​កោសល្យ​នេះ​ស្ទើរ​តែ​បោះ​បង់​អាជីព​ប្រដាល់​របស់​ខ្លួន​ទៅ​ហើយ ប៉ុន្តែ​​មាន​បុរស​ម្នាក់​ដែល​ជួយ​រូប​គេ​ឲ្យ​បន្ត​អាជីព​នេះ​វិញ​រហូត​​ក្លាយ​ជា​ជើង​ខ្លាំង​លំដាប់​ប្រទេស​ម្នាក់។

អនាគត​​អាប់អួ

View this post on Instagram

เกือบลืมไปแล้ว ????

A post shared by Superbon ???????? (@superbon_banchamek) on

Superbon បាន​កើត​នៅ​ខេត្ត​ Phatthalung ភាគ​ខាងត្បូង​ប្រទេស​ថៃដែល​ជា​កន្លែង​រូប​គេ​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ មួយ​ថៃ តាំង​ពី​អាយុ​៥​ឆ្នាំ​ និង​បាន​ឡើង​​ប្រកួត​អាយុ​៦​ឆ្នាំ។

ពេល​អាយុ​១៨​ឆ្នាំ​ រូប​គេ​បាន​ផ្លាស់​ទៅ​​ទី​ក្រុង​បាងកក ដែល​​ជា​កន្លែង​រូប​គេ​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​​នានា​ប្រជុំ​ដោយ​ជើង​ខ្លាំង ខណៈ​រូប​គេ​ក៏​បាន​បន្ត​សិក្សា​នៅ​​​​សាកល​វិទ្យាល័យ។

រូប​គេ​បាន​ឲ្យ​ដឹង​ថា ៖«វា​ពិត​ជា​ហត់​នឿយ​​ណាស់​ ហើយ​ខ្ញុំ​អត់​មាន​ពេល​ធ្វើ​អ្វី​ផ្សេង​ទេ។ ខ្ញុំ​បាន​ហាត់​​ពេល​ព្រឹក​ព្រលឹម​មុន​​ពេល​ទៅ​សាលា​រៀន និង​​​ហាត់​បាន​តិច​តួច​ពេល​វិល​ត្រឡប់​ពី​សាលា​​វិញ»។

ស្ថិត​ក្នុង​សម្ពាធ​នៃ​ការ​សិក្សា និង​ការ​​ឡើង​សង្វៀន​​នៅ​ទី​ក្រុង​​​ប្រកួត​ប្រជែង​ខ្លាំង Superbon បាន​ធ្វើ​ឲ្យ​អាជីព​ប្រដាល់​មួយ​ថៃ​របស់​​ខ្លួន​មិន​ល្អ​ប្រសើរ​ឡើយ។

កីឡាករ​រូប​នេះ​ប្រាប់​ថា ៖«ការ​ប្រកួត​ពិត​ជា​លំបាក​ខ្លាំង​​ ហើយ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។ វា​ប៉ះ​ពាល់​ដល់​ជីវិត​ខ្ញុំ»។

ការ​ប្រឈម​នឹង​បញ្ហា​បែប​នេះ តារា​ប្រដាល់​មួយ​ថៃ​សម្លឹង​មើល​មិន​ឃើញ​ពី​អនាគត​របស់​ខ្លួន​​ឡើយ​ នៅ​ពេល​រូប​គេ​បញ្ចប់​ការ​សិក្សា។ រូបគេ​​រក​លុយ​មិន​បាន​ច្រើន​ពី​​ប្រដាល់​ ហើយ​ក៏​ចាប់​​​ផ្តើម​គិត​​រក​ផ្លូវ​​ដើរ​​ផ្សេង​​​ទៀត សូម្បី​តែ​បាន​ចូល​ប៉ូលិស​ដែល​មាន​ការ​ទំនុក​បំរ៉ុង​ពី​ឪពុក​​ម្តាយ​ក៏​ដោយ។

រូប​គេ​បាន​និយាយ​ពី​ប្រដាល់​មួយ​ថៃ​​ថា ៖«ខ្ញុំ​មិន​អាច​បន្ត​អាជីព​ប្រដាល់​បាន​ទេ។ ខ្ញុំ​ពិត​ជា​មិន​ចង់​បោះ​បង់​ចោលឡើយ។ វា​គឺ​កាលៈ​ទេសៈ​បង្ខំ»។

ប៉ុន្តែ​នៅ​ទី​បំផុត  Superbon មិន​បាន​បោះ​បង់​​ចោល​អាជីព​ប្រដាល់​ឈឺ​ខ្លួន​នេះ​ឡើយ ហើយ​ក្រោយ​មក​អ្វី​ៗ​បាន​ប្រែ​ប្រួលនៅ​ពេល​រូប​គេ​បាន​ឱកាស​មួយ​​នៅ​​ប្រទេស​​អូស្ត្រាលី។

‘ខ្ញុំ​រក​ឃើញ​ពន្លឺ​ជីវិត’

នៅ​ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​  Superbon បាន​ជួប​ Buakaw Banchamek ដែល​ជា​កំពូល​កីឡាករ​ប្រដាល់​​មួយ​ថៃ​ និង​ឃីកបុកសីង​ដ៏​ជោគជ័យ និង​​ល្បី​ល្បាញ​បំផុត​ទូទាំង​ពិភព​លោក។

Superbon រំលឹក​ថា ៖«​​ខ្ញុំ​មាន​ឱកាស​ហ្វឹកហាត់​ជា​មួយ​គាត់។ ពេល​យើង​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ​គាត់​បាន​ហៅ​ខ្ញុំ​ទៅ​ហាត់​ជា​មួយ​គាត់។ គាត់​បាន​និយាយ​ថា ប្រសិន​បើ​ខ្ញុំ​ចូល​រួម​ជា​មួយ​ក្លឹប​របស់​គាត់ ត្រូវ​​​ប្រើ​ឈ្មោះ​ Banchamek ហើយ​គាត់​នឹង​ជួយ​ខ្ញុំ​ឲ្យ​បាន​ប្រកួត​លើ​ឆាក​អន្តរជាតិ»។

ពេល​នោះ Superbon មិន​មាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​ណា​មួយ​ឡើយ ហើយ​​ឱកាស​ក៏​មិន​ចេះ​តែ​មាន​ល្អ​បែប​នេះ​រហូត​នោះ​ទេ ដូច្នេះ​ហើយ​រូប​គេ​បាន​យល់​ព្រម​ភ្លាម​ និង​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លឹប Banchamek Gym។

«ពេល​នោះ​គឺ​ជា​ពន្លឺ​នៃ​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​ពន្លឺ​​សម្រាប់​ដើរ​លើ​វិថី​មួយ​នេះ»។ កីឡាករ​បាន​និយាយ។

លើស​ពី​ឱកាស​ហ្វឹក​ហាត់​​ជាមួយ​ក្រុម​គ្រូ​​បង្វឹក​ថ្មី  ការ​ចូលក្លឹប​ Banchamek Gym របស់ Superbon ក៏​បាន​ឃើញ​​ពី​ការ​ផ្លាស់​ប្តូរ​ថ្មី​សម្រាប់​ជីវិត និង​អាជីព​ប្រដាល់​របស់​គេ​គឺ ផ្តើម​អាជីព​ប្រដាល់​ឃីកបុកសីង

Superbon និយាយ​ថា ៖«ខ្ញុំ​បាន​ចាប់​ផ្តើម​ហាត់​ឃីកបុក​សីង​ដោយ​សារ Buakaw។ ខ្ញុំ​ឈប់​ហ្វឹកហាត់​មួយ​ថៃទាំង​ស្រុង»។

ការ​ផ្លាស់​ប្តូរ​នោះគឺ​ទទួល​បាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​​អ្នក​ង្ហាញ​ផ្លូវ​ថ្មី​​ដែល​ជឿ​ថា ប្រដាល់​ឃីកបុកសីង​ អាច​ជួយ​ដល់​រូប​គេ​មាន​ឱកាស​​​ជោគជ័យ​​ច្រើន។

តារា​ប្រដាល់​ថៃនិយាយ​ថា ៖«ខ្ញុំ​មិន​មាន​​អនាគត​ភ្លឺ​ស្វាង​ទេ​​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​មួយ​ថៃ។ ប៉ុន្តែ​ខ្ញុំ​បាន​រក​ឃើញ​ផ្លូវ​ដើរ​ដ៏​រីក​រាយ​មួយ»។



‘រៀន​ពី​កំពូល​កីឡាករល្អ​បំផុត’

View this post on Instagram

Running this morning ????

A post shared by Superbon ???????? (@superbon_banchamek) on

ពិត​សំណាង​សម្រាប់​កីឡាករ​វ័យ​ក្មេង​ម្នាក់​ រូប​គេ​បាន​ជិត​ស្និទ្ធ និង​ហ្វឹកហាត់​ផ្ទាល់​ជា​មួយ​​នឹង​វីរបុស​ម្នាក់​ ខណៈ​រូប​គេ​បាន​សិក្សា​រៀន​សូត្រ​​ពី​បច្ចេកទេស និង​ច្បាប់​ប្រដាល់នេះ។

Superbon និយាយ​ថា ៖«Buakaw បាន​បង្ហាត់​ឃីកបុកសីង​ច្រើន​ឆ្នាំ​ហើយ។ គាត់​គឺ​ជា​គ្រូបង្ហាត់​ឃីកបុកសីង​របស់​ខ្ញុំ»។

ដោយ​សារបទ​ពិសោធ​នៃ​ការ​បង្ហាត់​បង្ហាញ​របស់​គ្រូ​ជំនាញ មិន​យូរ​ប៉ុន្មាន អតីត​កីឡាករ​មួយ​ថៃចាប់​ផ្តើម​ស្រឡាញ់​ពេញ​ចិត្ត​ចំពោះ​ឃីកបុកសីង។

កីឡាករ​រូប​នេះ​និយាយ​ថា ៖«ខ្ញុំ​បាន​សម្រប​ខ្លួន​ទៅ​នឹង​របៀប​វ៉ៃ​ឃីកបុកសីង​បាន​យ៉ាង​ល្អ ដោយ​សារ​ការ​ហ្វឹកហាត់។ ខ្ញុំ​​បាន​ហាត់​តាម​របៀប​ Buakaw បង្ហាត់​យ៉ាង​ល្អ។ បច្ចេកទេស និង​របៀប​ចេញ​​អាវុធ គឺ​អ្វី​ៗ​ទាំង​អស់​ខ្ញុំ​បាន​រៀន​ពី​គាត់»។

នៅ​ឆ្នាំ​២០១៥ ការ​ផ្លាស់​ប្តូរ​ចូល​ឃីកបុកសីង​បាន​បើក​ផ្លូវ​សម្រាប់​រូប​គេ។ កីឡាករថៃម្នាក់​នេះ​កាន់​តែ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ​និង​ប្រកួត​ប្រជែង​ក្នុង​​​លំដាប់កីឡាករ​អាជីព​ពិត​ប្រាកដ។

បន្ទាប់​មក​នៅ​ឆ្នាំ​២០១៦ Superbon បាន​បង្ក​ព្យុះ​ភ្លៀងនៅ​លើ​សហគមន៍​អន្តរជាតិ។ រូប​គេបាន​ប្រកួត​ឈ្នះ​ជើង​ខ្លាំង​ល្បី​ៗ​ជា​បន្ត​បន្ទាប់​​​រហូត​ទទួល​បាន​ជើង​ឯក​ Kunlun Fight World MAX ក្នុង​នោះ​រាប់​ទាំង​ជ័យជម្នះ​លើ​ Sitthichai ផង​ដែរ បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​លើក​ទី​១។

ជា​មួយ​ជោគជ័យ វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ផ្លាស់​ប្តូរ​អាជីព​ចូល​ឃីកបុកសីង​របស់​ Superbon និង​ទំនាក់ទំនង​ជា​មួយ Buakaw ពិត​ណាស់​ថា គឺ​ជា​វិថី​ដ៏​ជោគជ័យស្ទើរ​មិន​គួរ​ឲ្យ​ជឿ​សម្រាប់​ជីវិត​របស់​គេ។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​សំណាង​ដែល​បាន​ជួប Buakaw និង​បាន​រៀន​ឃីកបុកសីង​ពី​គាត់»។

‘ការ​សាង​កេរ្តិ៍​ឈ្មោះ​’

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ  Superbon បាន​បន្ត​កសាង​កេរ្តិ៍​ឈ្មោះល្បី​ល្បាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​នាម​ជា​កីឡាករ​ឃីកបុកសីង​ដ៏​គ្រោះ​ថ្នាក់​ម្នាក់។

តារា​ប្រដាល់កំពុង​ល្បី​ឈ្មោះ​បាន​ឈ្នះ​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក​ជា​ច្រើន​មក​ហើយ ដូច​ជា​ ជើងឯក​ឃីកបុក​សីង​ពិភព​លោក IPCC Kickboxing World Title ឆ្នាំ​២០១៩ និង​ជ័យជម្នះ​​លើ​កីឡាករ​ល្បី​ដូច​ជា  Singdam Kiatmoo9 និង Davit Kiriaជា​ដើម។

ជោគជ័យ​បាន​នាំ​ឲ្យ​ Superbon ចូល​រួម​ជា​មួយ​ ONE Championship ដោយ​មាន​​ក្តី​ស្រមៃ​កាន់​តែ​ខ្ពស់​ថែម​ទៀត។

រូប​គេ​បាន​និយាយ​ថា ៖«​គោល​បំណង​របស់​ខ្ញុំ​​គឺ​​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នាចាត់​ទុក​ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ស្គាល់​ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រភេទ​ទម្ងន់​នេះ»។

នៅ​ពេល​គ្មាន​អ្វី​ជា​ឧបសគ្គ​ដើម្បី​ឈ្នះ​ជើង​ឯក​ពិភព​លោក​បន្ត​ទៀត​បាន​នាំ​អាជីព Superbon ទៅ​កាន់​កម្រិត​ខ្ពស់​មួយ​ទៀត​ដែល​រូប​គេ​សង្ឃឹម​ថា នឹង​ក្លាយ​ជា​កីឡាករ​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​ដូច​គ្រូ​បង្ហាត់​របស់​គេ​ដែរ។

«និយាយ​​តាម​ត្រង់ ខ្ញុំ​ពិត​ជា​កោត​សរសើរ Buakaw ខ្លាំង​ណាស់»។ រូបគេ​បាន​និយាយ។

«ខ្ញុំ​គោរព និង​កោត​សរសើរ​គាត់​ជា​និម្មិត​រូប​របស់​ខ្ញុំ។ ប្រសិន​បើ​សួរ​ខ្ញុំ​ថា តើនរណា​​ដែល​ត្រូវ​ចង់​ចាំ? ខ្ញុំ​ចង់​ប្រាប់​មនុស្ស​ម្នា​ថា ពួក​គេ​គួរ​ចង់​ចាំ Buakaw»។

កុំ​ភ្លេច​ណា ជើង​ខ្លាំង​ Superbon ត្រូវ​ជួប Sitthichai ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER។ ប្រសិន​បើ​រូប​គេ​ទទួ​ល​បាន​ជ័យជម្នះ ​នឹង​មាន​ផ្លូវ​ទៅ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ និង​សាង​កេរ្តិ៍​ឈ្មោះ​កាន់តែ​អស្ចារ្យ៕

Read more: 5 Reasons Why You Can’t Miss ONE: NO SURRENDER