Mixed Martial Arts

Stamp មិន​រំពឹងថា ឃ្លេ Phogat ឲ្យ​ចុះ​ចាញ់​រហូត​ក្លាយ​ជា​ជើង​ឯក​ និង​បន្ត​​ជួប Lee ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ទៀត

បន្ទាប់ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ស្ទើរ​ទូទាំង​ពិភព​លោក កីឡាការិនី​ថៃ Stamp Fairtex បាន​ក្លាយ​ជា​កីឡាការិនី​តែ​ម្នាក់​គត់​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​លើ​កីឡា​៣​ប្រភេទ​ផ្សេង​គ្នា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ONE។

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​សីង និង​មួយ​ថៃ​ពិភព​លោក ONE Women’s Atomweight របស់​ថៃ​បាន​ឃ្លេឲ្យ​កីឡាការិនី​ឥណ្ឌា Ritu “The Indian Tigress” Phogat ចុះ​ចាញ់​ក្នុង​ទឹក​ទី​២​នៅ​ព្រឹត្តិការណ៍ ONE: WINTER WARRIORS កាល​ពី​ថ្ងៃ​សុក្រ ទី​៣ ខែ​ធ្នូ កន្លង​ទៅ​នេះ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Women’s Atomweight World Grand Prix។

សម្រាប់​ការ​ឈ្នះ​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​គុន​ចម្រុះពិភព​លោក​នេះ អ្នក​លេង​គុន​ចម្រុះ​ Stamp ត្រូវ​ឡើង​ទៅ​ប្រកួត​ជា​មួយ​កីឡាការិនី “Unstoppable” Angela Lee ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ ONE Atomweight នៅ​ឆ្នាំ​២០២២​ខាង​មុខ។

Stamp បាន​និយាយ​ថា ៖«ឥឡូវ​នេះ ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់។ បើ​ទោះ​ជា​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​ជា​មួយ​ថៃ តែ​ការឈ្នះ​ខ្សែ​ក្រវាត់​នេះ​បញ្ជាក់​ថា អាជីព​គុន​ចម្រុះ​របស់​ខ្ញុំ​កំពុង​ដើរ​ផ្លូវ​ត្រូវ»។

ពិត​ណាស Stamp ពិត​ជា​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​មែន ដោយ​សារ​តែ​អ្នក​វិភាគ​ភាគ​ច្រើន​ជឿ​ជាក់​លើ​ជំនាញ​ក្រោម​របស់​កីឡាការិនី​ឥណ្ឌា Phogat ប៉ុន្តែ​បែរ​ជា​សិស្ស​ក្លឹប Fairtex ឈ្នះ​ដោយ​ក្បាច់​ក្រោម​ទៅ​វិញ ហើយ​ជំនាញ​ពិត​របស់​នាង​គឺ​វ៉ៃ​ឈរ​ប្រយោល និង​ឥឡូវ​នេះនាង​ជា​កីឡាការិនី​មាន​ជំនាញ​ល្អ​មួយ​កំភ្លេ។

«និយាយ​ត្រង់​ចុះ ខ្ញុំ​មិន​ដែល​រំពឹង​ថា ខ្ញុំ​អាច​ឃ្លេ​គាត់​ឲ្យ​ចុះ​ចាញ់​ទេ។ ផែន​ការ​របស់​ខ្ញុំ​គឺ​​ប្រើ​ជំនាញ​វ៉ៃ​ប្រយោល​របស់​ខ្ញុំ ប៉ុន្តែ​គ្រាន់​តែ​ថា ខ្ញុំ​ក៏​បាន​ខំ​ហាត់​ក្បាច់​ក្រោម​ដែរ»។ កីឡាការិនី​ថៃ​បាន​និយាយ។

Stamp attacks with a triangle choke on Ritu Phogat at ONE: WINTER WARRIORS.

ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ពិត​ជា​ធ្វើ​ឲ្យ​នាង​មាន​លទ្ធផល​ល្អ​ប្រសើរ​មែន​នៅ​ពេល​នាង​អាច​ទប់​ទល់​នឹង​ក្បាច់​ចំបាប់​របស់​ខ្លា​ញី​ឥណ្ឌា និង​បាន​វាយក​វិញ​រហូត​ទទួល​បាន​ជ័យជម្នះ។

នាង​និយាយ​ថា ៖«ខ្ញុំ​កំពុង​លេង​ជំនាញ​៣ និង​បាន​ព្យាយាម​ទប់​ស្កាត់​ការ​ចាប់​កាច់​របស់​នាង តែ​បន្ទាប់​មក​ដៃ​គូ​របស់​ខ្ញុំ​ជាប់​ឃ្លេ​ដោយ​ក្បាច់​ក្រោម​រេបស់​ខ្ញុំ​វិញ។ មែន​ទែន​ទៅ Ritu ពិត​ជា​ខ្លាំង​ក្បាច់​ក្រោម។ នាងបាន​ព្យាយាម​ដាក់​សម្ពាធ​ខ្ញុំ និងកាច់​ផ្តួល តែ​ខ្ញុំ​អាច​ការពារ​បាន ហើយ​ចាក់​នាង​វិញ»។  

«ពី​ដំបូងឡើយ​ដូច​ជា​ទះ​ដៃ​តិច​ ខ្ញុំ​មិន​សូវ​​ទុក​ចិត្ត​​ទេ ដូច្នេះ​ខ្ញុំ​ព្យាយាម​ការពារ​ច្រើន​ជាង។ តែ​ដោយ​សារ​ខ្ញុំ​ប្រើ​ជំនាញ​ទន់​បង្ក្រាប​រឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ ហើយ​កាច់​ដៃនាង ដោយ​មិន​នឹក​ស្មាន​ថា រហូតដល់​អាជ្ញា​កណ្តាល​បញ្ឈប់»។ 



ឥឡូវ​ Stamp បាន​ផ្តួល​ជើង​ខ្លាំង​ចំបាប់ និង​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក Grand Prix ហើយ​គោល​ដៅ​បន្ទាប់​​គឺផ្តួល​រាជ​នី​សង្វៀនក្នុង​ឆ្នាំ​ថ្មី។ កីឡាការិនី​ថៃបាន​ចាត់​ទុក Lee ជា​និម្មិត​រូប “idol”របស់​ខ្លួន និង​កោត​សរសើរ​យ៉ាង​ខ្លាំង​ដែល​ម្ចាស់​ជើង​ឯក​នេះ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន​យូរ។ ស្រាប់​តែ​ពេល​នេះ នាង​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ​និម្មិត​រូប​របស់​ខ្លួន​ទៅ​វិញ។

Stamp បាន​និយាយ​ថា ៖«វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ត្រូវ​ប្រកួត​ជា​មួយ​ដៃ​គូ​ដែល​ជា Idol របស់​ខ្ញុំ ហើយ​ខ្ញុំ​សុបិន​ចង់​ប្រកួត​ជា​មួយ​គាត់​យូរ​ហើយ។ នៅ​ពេល​ការ​ប្រកួត​កើត​ឡើង ខ្ញុំនឹង​វិល​ចូល​ជំរំ​ហ្វឹក​ហាត់​វិញ និង​បង្កើន​សមត្ថភាព​ឲ្យ​ខ្លាំង​ទ្វេ​ឡើង»។

សម្រាប់​ឥឡូវ​នេះ Stamp អាច​ឆ្លុះ​បញ្ចាំង​ខ្លួន​ពី​កម្មវិធី​ប្រកួត​ខ្សែក្រវាត់​ដែល​នាង​ឈ្នះ​ខ្សែ​ក្រវាត់ ស្រប​ពេល​អ្នក​វិភាគ​ជា​ច្រើនមុន​ឡើយ​​មើល​មិន​ឃើញ​នាង​ជា​បេក្ខភាព​សម​ឈ្នះ។ កីឡាការិនី​អាយុ​២៤​ឆ្នាំ​​នៅ​តែ​រក្សាភាព​អោន​លំអោន និង​ខំ​ប្រឹង​​ដដែល​ពោល​គឺ​មិន​អួត​អាង​អ្វី​ឡើយ។

«ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា ខ្ញុំ​ជា​អ្នក​ខ្លាំង​បំផុត​នោះ​ទេ។ នៅ​មាន​ចំណុច​ជា​ច្រើន​ដែល​ខ្ញុំ​ត្រូវ​កែ​លំអ​ដើម្បី​ឲ្យ​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​ម្នាក់​នា​ពេល​អនាគត»។ Stamp បាន​បញ្ជាក់។

ជា​មួយ​គ្នា​នេះ​នាង​មាន​ការ​គោរព​ចំពោះ​កីឡាការិនី​សិង្ហបុរី​ដែល​ជា​ដៃ​គូ​បន្ទាប់​របស់​នាង។ នាង​និយាយ​ថា ៖«ចំពោះបង​ស្រី Angela ខ្ញុំ​សង្ឃឹមថា បង​ហាត់​ខ្លាំង និង​ហាត់​នៅ​កន្លែង​ល្អ​ដើម្បី​ត្រៀម​ប្រកួត​ជា​មួយ​ខ្ញុំ​នា​ពេល​ខាង​មុខ។ ពី​ព្រោះ​ខ្ញុំ​ក្មេង និង​ទើប​ប្រកួត​ថ្មី​បាន​ច្រើន ដូច្នេះ​​អាច​និយាយ​ថា ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ខាង​មុខ»។

Stamp បាន​បន្ថែម​ថា ៖«ខ្ញុំ​នឹង​ព្យាយាម​យក​ខ្សែ​ក្រវាត់​ពី​បង»។

សូម​បញ្ជាក់​ Angela Lee មិន​បាន​ឡើង​ប្រកួត​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៩​ពោល​គឺ​រយៈ​ពេល​ជាង​២​ឆ្នាំ​ហើយ ដោយ​សារ​គាត់​មាន​ផ្ទៃ​ពោះ និង​សម្រាលកូន ហើយ​ទើប​តែ​វិល​ត្រឡប់​ចូល​ហ្វឹក​ហាត់​ថ្មី​ៗ ស្រប​ពេល​ដែល​កូន​នៅ​តូច៕

Read more: Lee Ready For Stamp: ‘She’s Going To Be Entering My World Now’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។