Features

យុវតី​គុន​ចម្រុះ Victoria Lee ប្រាប់​ថា គ្រួសារ​​តែង​តែ​ធ្វើ​ឲ្យ​នាង​ហាត់​រហូត

កីឡាការិនីវ័យក្មេង Victoria Lee បាន​បោះ​ជំហាន​ចូល​អាជីព​ប្រដាល់​គុន​ចម្រុះ​លើ​ឆាក​សង្វៀន​ពិភព​លោក​តាម​រយៈ​បង​ទាំង​ពីរ​ដែល​ជា​ជើង​​ឯក​ពិភព​លោកគឺ​បង​ស្រី Angela Lee និង​បង​ប្រុស Christian Lee ដែល​ជំរុញ​ឲ្យ​នាង​លះ​បង់​សេចក្តីសុខក្នុង​ភាព​ជា​យុវវ័យ​ដែល​ត្រូវ​ដើរ​លេង​សប្បាយ។

កីឡាការិនី​អាយុ​១៧​ឆ្នាំ​នេះ​នឹង​​ឡើង​សង្វៀន​អាជីព​ជា​លើក​ទី២​ទល់​នឹង​កីឡាការិនី​ចិន Wang Luping នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND

បើ​និយាយ​ពី​ការ​ចំណាយ​ពេល​វេលា​ដើម្បី​សប្បាយ​រីក​រាយ​ក្នុងវ័យ​ក្មេង​នេះ យុវតី Lee ប្រាប់​ថា ស្ទើរ​តែ​គ្មាន​ពេល​សម្រាក ពី​ព្រោះ​បង​ៗ និង​ឪពុក​នាង​ចាត់​ចែង​ពេល​វេលា​ឲ្យ​នាង​រវល់​រហូត​ដើម្បី​បោះជំហាន​ទៅ​គោល​ធំ​នៅ ONE Championship។

រៀបចំ​កាល​វិភាគ​ដ៏​មមាញឹក

កីឡាការិនី​វ័យ​ក្មេង Lee ប្រាប់​ថា បង​ទាំង​ពីរ និង​ឪពុក​ជា​គ្រូ​បង្វឹក​បាន​រៀប​ចំ​កាល​វិភាគ​ដ៏​មមាញឹក​ឲ្យ​នាង​ត្រៀម​ខ្លួន ដូច្នេះ​នាង​គ្មាន​ពេល​វេលា​ដើរ​ទៅ​ណា​មក​ណា ឬ​សម្រាក​ស្រួល​នោះ​ទេ។ នាង​និយាយ​ថា ៖«ទាំង​ការ​ហ្វឹក​ហាត់ និង​ទៅ​រៀន​គឺ​រវល់​ឆ្លាស់​គ្នា​​គ្មាន​ពេល​សម្រាក»។

«ឥឡូវ​នេះ ខ្ញុំ​រៀន​តាម​អនឡាញ ហើយ​ក៏​បែង​ចែក​ពេល​វេលា​ហ្វឹក​ហាត់​សម្រាប់​ហាត់​ដើម្បី​ប្រកួត​បន្ទាប់​។ មែន ការ​ហ្វឹក​ហាត់​ខ្ញុំ​ធ្លាប់​ទៅ​ហើយ ព្រោះ​ខ្ញុំ​បាន​ជំរុញ​ខ្លួន​ឲ្យ​ហាត់​ឈឺ​ចាប់​ពេញ​មួយ​ជីវិត​ហើយ តែ​ខ្ញុំអាច​និយាយ​បានថា ការ​សម្ភាស និង​តាម​បណ្តាញ​សង្គម​គឺ​ដូច​ជា​ថ្មី​សម្រាប់​ខ្ញុំ»។

ទោះ​បី​ជា​កាល​វិភាគ​រវល់​ទាំង​ទៅ​រៀន ហ្វឹក​ហាត់ ក៏​នាង​ឆ្លៀត​ឱកាស​ផ្តល់​បទ​សម្ភាសន៍។ នាង​និយាយ​ថា ៖«ក្រៅ​ពី​ហ្វឹក​ហាត់​ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ម្ហូប ហើយ​ក៏​ចូល​ចិត្ត​លេង​ជា​មួយ​សត្វ​សុនក​៤​ក្បាល​របស់​ខ្ញុំពេល​ណា​ដែល​ខ្ញុំ​ទំនេរ​ខ្លះ»។



ក្រុម​គ្រួសារ​ពេញ​ទំហឹង

នៅ​ក្លឹប United MMA យុវតី Lee បាន​រក​ឃើញ​ខ្លួន​ឯង​ជោគជ័យ​ក្នុង​ការ​ហ្វឹក​ហាត់​ដែល​បង្វឹក​ដោយបង​ៗ និង​ឪពុក​របស់​នាង។ កាល​ពី​ឆ្នាំ​២០១៩​នាង​បាន​ក្លាយ​ជា​ជើង​ឯក​ចំបាប់​ថ្នាក់​រដ្ឋ​ហាវ៉ៃ។

នាង​បាន​និយាយ​ថា ៖«ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ឈ្នះ​ជើង​ឯក​ពិភព​លោក Pankration ពី​ព្រោះ​មាន​អ្នក​ប្រកួត​កម្រិត​ខ្ពស់​ច្រើន​ណាស់​ទម្រាំ​រក​ឃើ់ញ​ជើង​ឯក​ចុង​ក្រោយ»។

នាង​បន្ត​ថា ៖«វា​ជា​ការ​ប្រកួត​អន្តរជាតិ​មួយ ហើយ​ដែល​​ការ​ប្រកួត​នោះ​ពិត​ជា​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​ចាប់​យក​អាជីព​នូវ​អ្វី​ដែល​ខ្ញុំ​ស្រឡាញ់»។ នៅ​ក្នុង​ដំណើរ​នេះ Victoria ពិត​ជា​មាន​កម្លាំង​ចិត្ត​ពី​ការ​គាំទ្រ លើក​ទឹក​ចិត្ត និងជំនួយ​ពី​បង​ទាំង​ពីរ​របស់​នាង​ណាស់។ កីឡាការិនី Angela និង​ Christian ដែល​ជា​ជើង​ឯក​ពិភព​លោក​ទាំង​ពីរ​បាន​ដើរ​តួនាទី​ជា​គំរូប​សម្រាប់​នាង​អនុវត្ត។​ ជា​ពិសេស​ទៀត​នោះ ឪពុក​នាង​ដែល​ជា​គ្រូ​បង្វឹក​ពិត​ជា​លើក​ទឹក​ចិត្ត​ឲ្យ​ខំ​ប្រឹង​ខ្លាំង​ណាស់។

Lee បាន​និយាយ​ថា ៖«បង​ប្រុស បង​ស្រី​ខ្ញុំ​ពិត​ជា​គាំទ្រ​ខ្ញុំ​ខ្លាំង​ណាស់។ ពួក​គាត់​ជួយ​ខ្ញុំ​គ្រប់​ពេល​វេលា។ ​ដើម្បី​អាចមាន​បទ​ពិសោធ​គឺ​ខ្ញុំ​មើល​ពួក​គាត់​ហ្វឹក​ហាត់ និង​មើល​ពួក​គាត់​ប្រកួត​នៅ​លើ​សង្វៀន ហើយ​ខ្ញុំ​រៀន​សូត្រ និង​យក​គំរូតាម​ពួកគាត់»។

ភាព​ជោគជ័យ​របស់​បង​ប្អូន​ទាំង​ពីរ​គឺ​មិន​អាច​ខ្វះ​បាន​ពី​បុរស​នៅ​ពី​ក្រោយ​គឺ​លោក Ken ដែល​ជា​ឪពុក និង​ជា​គ្រូ​បង្ហាត់​ផ្ទាល់​ដល់​កូន​ៗ។

Victoria បន្ត​ថា ៖«វា​ពិត​ជា​សំខាន់​ណាស់​ចំពោះ​ខ្ញុំ​ដែលមាន​គ្រូសារ​គាំទ្រ​ពេញ​ទំហឹង ពី​ព្រោះ​ពួក​គាត់​ជា​ប្រព័ន្ធ​លើក​ទឹក​ចិត្ត​ដ៏​ធំ​មហមា និង​តែង​តែ​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​កាន់​កន្លែង​ហាត់​ជា​និច្ច»។

បោះជំហាន​ចូល​ឆាក​ប្រដាល់​ពិភព​លោក

Victoria Lee fights Sunisa Srisen at ONE: FISTS OF FURY on 26 February

អ្នក​ទស្សនា​ទូទាំង​ពិភព​លោក​បាន​ឃើញ​ហើយ​ការ​ប្រកួត​ទី​១​របស់​យុវតី​ដ៏​ស្រស់​ស្អាត Lee ដែល​បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​កាល​ពី​ខែ​កុម្ភៈ​ក្នុង​ព្រឹត្តិការណ៍ ONE: FISTS OF FURY

ពេល​នោះ នាងបាន​ប្រើ​បច្ចេកទេស​គុន​ចម្រុះ​រឹត-ករបស់​កីឡាការិនី​ថៃ Sunisa “Thunderstorm” Srisen ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​២​នៅ​ប្រទេស​សិង្ហបុរី។

Lee និយាយ​ថា ៖«ការ​ប្រកួត​លើក​ដំបូង​របស់​ខ្ញុំ​ដំណើរ​ការ​ល្អ។ ប៉ុនុតែ​ខ្ញុំ​គិត​ថា ខ្លួន​ឯង​មិន​ទាន់​ប្រសើរ​ដូច​អ្វី​ដែល​ចង់​បាន​ទេ។ ខ្ញុំ​ត្រូវ​តែ​បង្កើន​សមត្ថភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​សម្រាប់​ការ​ប្រកួត​លើក​ទី​២​របស់​ខ្ញុំ»។

ការ​ប្រកួត​លើក​ទី​២​ជា​មួយ​ Wang ដែល​ជា​ដៃគូ​ម្នាក់​មាន​បទ​ពិសោធ​ច្រើន​នឹង​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​កីឡាការិនី​វ័យ​ក្មេង​រូប​នេះ​ទេ។ យ៉ាង​ណា នាង​គ្រោង​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​ប្រកួត​លើក​ទី​១។

នាង​និយាយ​ថា ៖«ពិត​ណាស់ គោល​ដៅ​របស់​ខ្ញុំ​នៅ​វែង​ឆ្ងាយ​ណាស់​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក ONE ម្នាក់ តែ​ពេល​នេះ​ខ្ញុំ​មាន​តែ​ប្រឹង​ប្រែហ្វឹក​ហាត់​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ»៕

Read more: Angela Lee Avoids Atomweight GP ‘Drama,’ Victoria Predicts Winner

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។