Features

​នៅ​ ស្រីពៅ​ ប្រាប់​​អាវុធ​គ្រោះ​ថ្នាក់​នឹង​ប្រើ​ទល់​នឹង​ Ritu Phogat

21/10/2020

កីឡា​ការិនី​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ នៅ ស្រីពៅ​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ដើម្បី​ត្រៀម​ខ្លួន​​ឡើង​សង្វៀន​នា​ចុង​ខែ​នេះ​ និង​​​អនុវត្ត​តាម​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​ខូវិត-១៩។

នៅ​ថ្ងៃ​សុក្រ​ ទី​៣០​ ខែ​តុលា​ខាង​មុខ​នេះ​ កីឡា​ការិនី​គុន​ចម្រុះ​លេខ​១​កម្ពុជា​ នៅ ស្រីពៅ ត្រូវ​​ប្រកួត​ជា​មួយ​កីឡា​ការិនី​គុន​ចម្រុះ​លេខ​១​​ឥណ្ឌា​ Ritu Phogat នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់​ ONE: INSIDE THE MATRIX។

នេះ​ការ​ត្រៀម​ខ្លួន​ឡើង​សង្វៀន​លើក​ទី​៣​របស់​ជើង​ឯក​គុន​ខ្មែរ​អន្តរជាតិ​នៅ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​លើ​លោក​ ONE Championship។ ការ​ប្រកួត​២​លើក​កន្លង​មក​ អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​រូប​នេះ​​រក​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡា​ការិនី​ថៃ​Rika​ “Tiny ​Doll”​ Ishige​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ប្រកួត​ផ្លូវ​ការ​ដំបូង​នៅ​លើ​ឆាក​អន្តរជាតិ​នេះ​ ប៉ុន្តែ​ការ​ប្រកួត​លើក​ទី​២​នាង​បាន​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​បទ​ពិសោធ​ច្រើន​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ​ Priscilla​ Hertati​ Lumban​ Gaol​។

នៅ​ ស្រីពៅ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ពីរ​លើក​កន្លង​មក​ នាង​បាន​ប្រើ​កណ្តាប់​ដៃ​ចេញ​ច្រើន​ ហើយ​ការ​ទាត់​ក៏​ច្រើន​ ប៉ុន្តែ​មិន​សូវ​បាន​ប្រើ​កែង​ឡើយ។

ដើម្បី​ជៀស​វាង​ពី​ការ​ចាប់​ក្បាច់់​បាន​របស់​ដៃ​ ជើង​ខ្លាំង​គុន​ខ្មែរ​នារី​នេះ​អាច​នឹង​ផ្លាស់​ប្តូរ​អាវុធ​វ៉ៃ​ចេញ​ខ្លះ។

«ការ​ប្រកួត​នេះ​ខ្ញុំ​ប្រហែល​ជា​ត្រូវ​ប្រើ​កែង​ច្រើន​ ពី​ព្រោះ​ជា​អាវុធ​សំខាន់​ ហើយ​បើ​វ៉ៃ​ត្រូវ​មួយ​ៗ​គឺ​គ្រោះ​ថ្នាក់​ខ្លាំង»។ នេះ​ជា​ការ​បញ្ជាក់​របស់​ នៅ ស្រីពៅ។

មិន​សុខ​ពី​ការ​យល់​ឃើញ​របស់​មហាជន​ប៉ុន្មាន​ឡើយ​ ស្រីពៅ​​ក៏​បាន​យល់​ច្បាស់​ពី​ភាព​ខ្លាំង​របស់​ដៃ​គូ​ Ritu Phogat។

ស្រីពៅ​ ប្រាប់​ថា​ ៖«ខ្ញុំបាន​​មើល​ការ​ប្រកួត​របស់​គាត់​ឃើញ​ថា​ គាត់​លឿន​មែន​ទែន​ ដូច្នេះ​អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​គឺ​កុំ​ឲ្យ​គាត់​ចាប់​ឃ្លេ​បាន​នៅ​ក្នុង​ទឹក​ទី​១។ បន្ថែម​លើ​ពី​នេះ​ គាត់​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ កាយ​សម្បទា​មាំ​មួន​»។

ជា​ការ​ពិត​ណាស់​ Ritu Phogat ជា​ជើង​ខ្លាំង​ចំបាប់​ជម្រើស​ជាតិ​ឥណ្ឌា។ នាង​បាន​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ឥណ្ឌា​២​លើក​ជាប់​គ្នា​ពោល​គឺ​នៅ​ឆ្នាំ​២០១៥​ និង​២០១៦​​។ បន្ទាប់​មក​ នាង​បាន​សាង​ស្នាដៃ​អន្តរជាតិ​ជា​ច្រើន​ជូន​ជាតិ​។ ​ឆ្នាំ​២០១៦​នាង​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ព្រឹត្តិការណ៍​ប្រកួត​ Commonwealth Wrestling Championship នៅ​ប្រទេស​សិង្ហបុរី។

នាង​បាន​ឈ្នះ​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ជើង​ឯក​ចំបាប់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ (World U23 Championship)​នៅ​ប្រទេស​ប៉ូឡូញ។ នាង​បាន​ក្លាយ​ជា​កីឡា​ការិនី​ឥណ្ឌា​ទី​១​ដែល​បាន​ឈ្នះ​មេដាយ​​​ប្រាក់​ពី​ព្រឹត្តិការណ៍​ពិភព​លោក​នោះ។

ចាប់​តាំង​ពី​ចូល​ ONE កាល​ពី​ឆ្នាំ​២០១៦​មក​​ កីឡា​ការិនី​ឥណ្ឌា​រូប​នេះ​បាន​ឡើង​ប្រកួត​គុន​ចម្រុះ​ពីរ​ដង​ហើយ​ពោល​គឺ​ឈ្នះ​ទាំង​ពីរ​លើក។ ​លើក​ទី​១​នាង​ផ្តួល​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ Kim Nam Hee ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១​តាម​រយៈ​កណ្តាប់​ដៃ​នៅ​ប្រទេស​ចិន​ និង​លើក​ទី​២​ឈ្នះ​ពិន្ទុ​កីឡា​ការិនី​តៃវ៉ាន់​ Chiao​ Chen​ Wu​

សម្រាប់​ការ​ហ្វឹក​ហាត់​វិញ នៅ ស្រីពៅ ប្រាប់​ថា ៖«និយាយ​រួម​ហ្វឹកហាត់​ក្បាច់​ក្រោម​មិន​បាន​ល្អ​នោះ​ទេ​ បាន​ប្រហែល​ជា​៦០​%​ប៉ុណ្ណោះ​ ពី​ព្រោះ​​ពេល​វេលា​ខ្លី»។

«សម្រាប់​ការ​ប្រកួត​នេះ​មាន​ឧសគ្គ​ច្រើន​ ទម្រាំ​ចេញ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ ជា​ពិសេស​គោរព​តាម​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​ខូវិត​-១៩ ដូច្នេះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​មាន​ន័យ​គឺ​ធ្វើ​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ពេញ​ចិត្ត»។

នៅ​ក្នុង​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​រហូត​ដល់​៤​គូ

ម្ចាស់​ជើង​ឯក​ពិភព​លោក​២​ប្រភេទ​ទម្ងន់​ ONE World Champion គឺ​ជើង​ខ្លាំង​ Aung La N Sang ត្រូវ​ឡើង​សង្វៀន​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ONE Middleweight World Title ទល់​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់​គឺ​ Reinier De Ridder

ម្ចាស់​ជើង​ឯក​ពិភព​លោក​​ ONE Lightweight World Champion របស់​ប្រទេស​សិង្ហបុរី​គឺ​ប្រុស​ស្អាត​ Christian Lee ទទួល​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១ Iuri Lapicus ដែល​​អ្នក​ទាំង​ពីរ​ពូកែ​ខាង​បញ្ចប់​ដៃ​គូ​ដូច​គ្នា។

ជើង​ខ្លាំង​ល្បី​ខាង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ស្តូក​ៗ Martin Nguyen ត្រូវ​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន ONE Featherweight World Title ទល់​នឹងអ្នក​លេង​គុន​ចម្រុះ​លំដាប់​កំពូល​ Thanh Le

ជាមួយ​គ្នា​នេះ នារី​ជើង​ឯក​ពិភព​លោក​ ONE Women’s Strawweight World Champion របស់​ប្រទេស​ចិន​គឺ​  Xiong Jing Nan ត្រូវ​ជួប​នឹង​ម្ចាស់​ផ្ទះ​សាជា​ថ្មី​ Tiffany Teo ក៏​ដើម្បី​ខ្សែ​ក្រវាត់​ពិភព​លោក​ដែរ៕

អាន​បន្ថែម