Features

ចំណុច​អ្វី​ដែល​នាំ​ឲ្យ​ Petchdam ​និង​​ Petchmorakot ​ក្លាយ​ជា​​មិត្ត​ល្អ​បំផុត​នឹង​គ្នា

ពេល​ស្ថាប័ន​ ONE Championship ​ចាប់​ផ្ដើម​បន្ត​ការ​ប្រកួត​របស់​​ខ្លួន​​ដោយ​ដាក់​ឈ្មោះ​​ថា​ ONE: NO SURRENDER ​ដែល​​រៀប​ចំ​​ឡើង​នៅ​ថ្ងៃ​​សុក្រ​ទី​ ៣១​ ​ខែ​ ​​​កក្កដា​ ខាង​មុខ​​នេះ​ ​ដៃ​គូ​ស្និទ្ធស្នាល​​​​ល្អ​បំផុត​​​មក​ពី​​​​ក្លិប​​តែ​មួយ​​​ក៏​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​​ដ៏​ធំ​នេះ​​ដែរ​ក្នុង​នោះ​ម្នាក់​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់ ​និង​ ម្នាក់​ទៀត​​​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់។

ម្ចាស់​ខ្សែ​ក្រវាត់​ ​ONE Featherweight Muay Thai World Champion ​​​កីឡាករ​ Petchmorakot Petchyindee Academy ​​ដាក់​គោល​ដៅ​​​ឡើង​ការពារ​ខ្សែ​ក្រវាត់​​លើក​ដំបូង​របស់​ខ្លួន​ក្នុង​នាម​ជា​គូ​ឯក​រង​ខណៈ​ដែល​​ Petchdam Petchyindee Academy​ នឹង​​សម្លឹង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​ ONE Flyweight Muay Thai World Title ​ក្នុង​នាម​ជា​គូ​ឯក។​ ​ការ​ឡើង​រេញ​ជា​មួយ​គ្នា​​នេះ​​​ គឺ​ ​ជា​​ការ​​ប្រកួត​ដ៏​​ធំៗ​កម្រ​​​​មាន​ពី​ក្លិប​ ​Petchyindee Academy ​​ដែល​ពួក​គេ​ទាំង​ពីរ​បាន​ខំ​ប្រឹងប្រែង​រួម​គ្នា​ និង ​ហ្វឹកហាត់​ជា​មួយ​គ្នា​តាំង​ពី​នៅ​ខេត្ត​​ Ubon Ratchathani។ ​ខេត្ត​​នេះ​មាន​ចម្ងាយ​​​​ ៦៥០​គីឡូម៉ែត្រ​ពី​​រាជធានី​បាងកក។ ​​មាន​រឿងរ៉ាវ​ប្រទាក់​ក្រឡា​គ្នា​ជា​ច្រើន​ ដែល ​Petchdam ​មិន​នឹក​ស្មាន​ដល់។

Petchdam​​ បាន​រៀបរាប់​ថា ៖«​ខ្ញុំ​ពិត​​ជា​សប្បាយ​ចិត្ត​ណាស់​ ​ព្រោះ​ខ្ញុំ​មិន​ដែល​ស្រមៃ​​​ថា​យើង​ទាំង​ពីរ​នាក់​​មក​ពី​​​ខេត្ត​ Ubon Ratchathani ​ជា​មួយ​គ្នា​ អាច​​ឡើង​​ប្រកួត​​ក្នុង​នាម​គូ​ខ្សែ​ក្រវាត់​ធំ​​បែប​នេះ​ទេ។ ​ម្នាក់​ឡើង​ការពារ​ខ្សែ​​ក្រវាត់​ និង ម្នាក់​ទៀត​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់។ ខ្ញុំ​មាន​មោទនភាព​ណាស់​ និង​ ​សប្បាយ​ចិត្ត​ទៀត​ផង។ ​ខ្ញុំ​មិន​ដែល​​ស្រមៃ​​​​​ថា​​ថ្ងៃ​ណា​មួយ​​មាន​រឿង​កើត​ឡើង​ដូច្នេះ​ទេ»។

ពេល​ Petchdam ​ចាប់​ផ្ដើម​ហ្វឹកហាត់​មួយ​ថៃ​​​​អាយុ​​៨​ឆ្នាំ​នៅ​ខេត្ត​ Ubon Ratchathani ​​រូប​គេ​​ទទួល​​បាន​​​ការ​​បង្វឹក​​ពី​​ឳពុក​របស់​ខ្លួន​​ដែល​​ពុំ​មាន​បទ​ពិសោធន៍​បង្វឹក​​​​ក្បាច់​មួយ​ថៃ​​នោះ​ឡើយ។ ​​ជា​លទ្ធផល​​ កីឡាករ​រហស្សនាម​ “The Baby Shark” ​ធ្វើ​មិន​បាន​​ល្អ​ក្នុង​ការ​ប្រកួត​​នោះ​ទេ។​ ​​ដើម្បី​បំពេញ​តម្រូវ​​ការ​​​ឲ្យ​ល្អ​ប្រសើរ​​ និង​​ ​​ទទួល​​បាន​ការ​​បង្វឹក​ត្រឹម​ត្រូវ​ ​​ឳពុក​របស់​គេ​​​បាន​នាំ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​​ក្បែរ​ផ្ទះ​ឈ្មោះ​​​ Sit Odd Piboon។​ ​ទី​នោះ​ជា​កន្លែង​ដែល​អភិវឌ្ឍ​​ទំនាក់ទំនង​ស្អិត​ល្មួត​​​មួយ​ក្មេង​ប្រុស​​ចាស់​ជាង​ខ្លួន​ម្នាក់។

Petchdam ​​បង្ហើប​រឿង​ចាស់​ដូច្នេះ​៖«​ពេល​ខ្ញុំ​ហ្វឹកហាត់​នៅ​ទី​នោះ​ ខ្ញុំ​បាន​ជួប​​​ Petchmorakot។​ ​ខ្ញុំ​​ស្គាល់​​ Petchmorakot​ ​​នៅ​ក្លិប​នេះ​ និង​ ហ្វឹកហាត់​ជា​មួយ​​គេ​តាំង​ពី​ខ្ញុំ​មាន​អាយុ​ ១០ ​ឆ្នាំ​មក​ម៉្លេះ​»។



ពីរ​បី​ឆ្នាំ​បន្ទាប់​ Petchmorakot ​​​ដែល​​មាន​វ័យ​ចាស់​ជាង​​ “The Baby Shark”​ ​៤​ឆ្នាំ​​​បាន​ដើរ​តួ​ជា​បង​ប្រុស​ម្នាក់​ និង​ ​បាន​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ដល់​​ប្អូនៗ។ ​ ​អ្នក​ទាំង​ពីរ​​ហ្វឹកហាត់​រត់​ជា​មួយ​គ្នា, ញុំា​ជា​មួយ​គ្នា, និង ​ហ្វឹកហាត់​ជា​មួយ​គ្នា។ ​ ​ពួក​គេ​​​​មិន​អាច​ផ្ដាច់​ចេញ​​ពី​គ្នា​ឡើយ។​

«​​គាត់​​ដូច​ជា​បង​ប្រុស​ធំ​របស់​ខ្ញុំ។ ​​​យើង​មាន​​ភាព​ស្និទ្ធស្នាល​នឹង​គ្នា។​​ ​ពេល​ខ្ញុំ​ឡើង​វ៉ៃ​ គាត់​តែង​តែ​​នៅ​ពី​ក្រោយ​​​អ្នក​ឲ្យ​ទឹក​របស់​ខ្ញុំ។​ ​ខ្ញុំ​តែង​តែ​មើល​​​ទៅ​គាត់»។​ ​ Petchdam ​ប្រាប់​អំពី​ទំនាក់​ទំនង​​បែប​​នេះ។ ​

 

បែប​ណា​ក្ដី​ ​ អ្នក​ទាំង​ពីរ​​បាន​​បែក​ខ្ញែក​គ្នា​មួយ​រយៈ។​ ​​អ្នក​ផ្គូផ្គង​​​ប្រចាំ​សង្វៀន ​Rajadamnern Stadium ​លោក​​ Mitr Nakorn ​ បាន​ទាក់​ទង​ Petchmorakot ​​ ទៅ​ហ្វឹកហាត់​នៅ​​ក្លិប​ Petchyindee Academy។ ​​ទោះ​ជា​ Petchmorakot ​ទទួល​បាន​ការ​ហ្វឹកហាត់​កម្រិត​ខ្ពស់​នៅ​​បាងកក​ ​ប៉ុន្តែ​ គេ​មាន​អារម្មណ៍​ថា​ឯកា​ដូចគ្នា។ ​

Petchdam​ ​​គាស់​កកាយ​ថា​​ ៖«​ខ្ញុំ​មាន​អារម្មណ៍​​នឹក​​គាត់​ណាស់ ​ព្រោះ​ពេល​ដំបូង​ខ្ញុំ​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​គាត់។ ​​លើក​ដំបូង​ដែល​ខ្ញុំ​មក​ទី​នេះ​ និង​ស្គាល់​គ្នា។​ ​ ​ខ្ញុំ​នឹក​​បង​ប្រុស​ណាស់»។

រឿង​រ៉ាវ​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ​​ ហើយ​ ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ Nong-O Gaiyanghadao និង​​វីរបុរស​ Sam-A Gaiyanghadao ​បាន​មើល​​​​ថែ​​​ Petchmorakot ​និង ​ជួយ​ឲ្យ​រូប​គេ​​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល។

​ខណៈ​នោះ​ Petchdam ​បាន​ត្រលប់​ទៅ​ Ubon Ratchathani ​វិញ​​ព្រោះ​មាន​បញ្ហា​​ពិបាក​ក្នុង​ការ​សិក្សា។ ​ដូច្នេះ​ រូប​គេ​បាន​សម្រាក​ពី​មួយ​ថៃ​រយៈ​​ពេល​ពីរ​ឆ្នាំ។

បែប​ណា​ក្ដី​ ​“The Baby Shark” ​​​​ឆ្លៀត​​ឱកាស​ហ្វឹកហាត់​​ និង​​​ ឡើង​ប្រកួត​នៅ​​លើ​សង្វៀន​បាន។ ​
នៅ​ពេល​រូប​គេ​បញ្ចប់​ថ្នាក់​អនុវិទ្យាល័យ​​ Petchdam ​បាន​ជជែក​ជា​មួយ​​ឳ​ពុក​​ និង​​​បង្ហាញ​ឆន្ទៈ​​​ចង់​សម្រេច​ក្ដី​សុបិន​ក្នុង​​ពិភព​ក្បាច់​គុន។

Petchdam ​បាន​និយាយ​ថា​ ៖«​ខ្ញុំ​បាន​ប្រាប់​ឳ​ពុក​របស់​ខ្ញុំ​​ថា​​ ខ្ញុំ​ចង់​ត្រលប់​មក​ហ្វឹកហាត់​មួយ​ថៃ​វិញ។ ​​ឳពុក​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ​​ជួប​ម្ចាស់​ក្លិប​ Sit Odd Piboon​ ដែល​លើក​ដំបូង​​យើង​បាន​ហ្វឹកហាត់​ជុំ​គ្នា​ទី​នោះ។ ​ប៉ុន្តែ​ពួក​គេ​បាន​​​​បញ្ជូន​ខ្ញុំ​មក​កាន់​ក្លិប​ Petchyindee Academy ​ទៅ​វិញ»។

នៅ​ឆ្នាំ ​២០១៤​ ​Petchdam ​បាន​​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​កាន់​ក្រុង​បាងកក ​ជា​ទី​ដែល​រូប​គេ​អាច​ជួប​មិត្ត​ស្និទ្ធស្នាល​ជា​លើក​ទី២។ ​​​ទោះ​​បី​អ្នក​ទាំង​ពីរ​​​​នឹក​ផ្ទះ​ ប៉ុន្តែ​ ​បាន​ខិត​ខំ​ប្រឹងប្រែង​រៀង​ៗ​ខ្លួន។ ​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ពួក​គេ​កាន់​តែ​សម្រួច​សមត្ថភាព​បាន​ខ្លាំង​ឡើងៗ។ ​

Petchmorakot ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​រួម​ទាំង​​​ជើង​​ឯក​សង្វៀន​​ Lumpinee Stadium World Titles​ ពីរ​ដង​, ​ជើង​ឯក​ ​WBC Muay Thai Diamond Middleweight Championship,​​ និង​ថ្មីៗ​នេះ​ឈ្នះ​ខ្សែ​ក្រវាត់​​ ONE Featherweight Muay Thai World Title​ កាល​ខែ​កុម្ភៈ។​

ស្រដៀង​គ្នា​នេះ​​ Petchdam ​បាន​ឈ្នះ​ជើង​ឯក​ជា​ច្រើន​​​ដូច​ជា​​​ជើង​ឯក​សង្វៀន​ Lumpinee Stadium ​ ម្ដង​ World Championship, ​WBC Muaythai World Title​ ម្ដង,​ និង​​​ គ្រង​ខ្សែ​ក្រវាត់​​ឃីគបុកសីង​​ពិភព​លោក​ ONE Featherweight ​កាល​ខែ​ឧសភា ​ឆ្នាំ ២០១៩។

ទោះ​មាន​​រឿង​ល្អ​ និង រឿង​អាក្រក់​ឆ្លង​កាត់​រាប់​ភ្លេច​​​ ​​អ្នក​ទាំង​ពីរ​​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​គ្នា។ ​​Petchmorakot ​បាន​​​រៀបរាប់​បន្ត​ថា​ ៖«​Petchdam និង​ខ្ញុំ​ គឺ​ដូច​បង​​ប្អូន​មក​ពី​ម្ដាយ​ខុស​គ្នា។ ​យើង​​​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា»។

បុរស​វ័យ​​ ២៦​ ឆ្នាំ​ ​បាន​គូស​បញ្ជាក់​ទៀត​ថា​​ ៖«យើង​បាន​នៅ​ជា​មួយ​គ្នា​​តាំង​ពី​នៅ​ក្មេង​។​ ​យើង​ជជែក​គ្នា ​និង​ ​លេង​ជា​មួយ​គ្នា​រៀងរាល់​ថ្ងៃ។​ ​​​យើង​ញុំា​អាហារ​រួម​គ្នា​​ពេល​អ្នក​ម្ខាង​ទៀត​ខ្វះ​ខាត។ ​​អ្នក​រាល់​គ្នា​បាន​ដឹង​ថា​​ ខ្ញុំ​ស្រលាញ់​​គាត់។ ​ទោះ​មិន​មែន​ជា​បង​ប្អូន​បង្កើត​។​ ខ្ញុំ​ស្រលាញ់​គាត់​ដូច​​បង​ប្អូន​បង្កើត​អីចឹង»។

ជា​មួយ​គ្នា​នោះ​ “The Baby Shark” ​ក៏​មាន​អារម្មណ៍​ដូច​គ្នា​អីចឹង។ «Petchmorakot ​គឺ​ដូច​ជា​បង​ប្រុស​បង្កើត​​ដែល​ផ្ដល់​ដំបូន្មាន​ល្អៗ។​ ​​គាត់​នាំ​ខ្ញុំ​ទៅ​ផ្លូវ​ត្រឹមត្រូវ។ ​គាត់​ប្រាប់​ខ្ញុំ​អំពី​រឿង​ល្អ ​ឬ ​អាក្រក់, ​អ្វី​ដែល​គួរ ឬ មិន​គួរ​ធ្វើ»។

បុរស​វ័យ​ ២២ ​ឆ្នាំ​​ថែម​ថា​៖«​​គាត់​ពិត​ជា​លេង​សើច​ច្រើន​ មិន​តឹង​តែង​ពេក​ទេ។ ​ហើយ​​ខ្ញុំ​តែង​តែ​លេង​ជា​មួយ​គាត់។ ​ប៉ុន្តែ​ ខ្ញុំ​គោរព​​គាត់​ដូច​ជា​បង​ប្រុស។ ​គាត់​ជា​មនុស្ស​អស្ចារ្យ»។

​ឥឡូវ​​នេះ​​​​ អ្នក​ទាំង​ពីរ​បាន​​ប្រឡូក​នៅ​សង្វៀន​​ធំ​លំដាប់​ពិភព​លោក​​ជា​មួយ​គ្នា។​ Petchdam ​ឡើង​​​ដណ្ដើម​ខ្សែ​ក្រវាត់​​​មួយ​ថៃ​ពិភព​លោក​ ONE Flyweight ​ពី​ Rodtang “The Iron Man” Jitmuangnon ​ក្នុង​នាម​ជា​គូ​​ឯក​​នៅ​កម្មវិធី​ ONE: NO SURRENDER​ ​ហើយ​ Petchmorakot ​​នឹង​ឡើង​មក​ការពារ​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Featherweight ​​លើក​ដំបូង​ទល់​នឹង​ “The Boxing Computer” Yodsanklai IWE Fairtex ​ក្នុង​លំដាប់​គូ​​ឯក​រង។

​​តើ​​កូន​សិស្ស​មក​ពី​ក្លិប​ Petchyindee Academy ​អាច​​​ទទួល​ជ័យជម្នះ​ទាំង​ពីរ​ទេ? ​​​​​ការ​ប្រកួត​នេះ​នឹង​​ឆ្លុះ​បញ្ចាំង​អំពី​​ក្បាច់​មួយ​ថៃ​​ធំ​បំផុត​ក្នុង​អាជីព​របស់​គេ។ ​​​​«បើ​សិន​យើង​ឈ្នះ​​​ក្នុង​ព្រឹត្តិការណ៍​នេះ​ ​​​​វា​ពិត​ជា​ជោគជ័យ​ដ៏​មហាសាល។​ ​​​​​​​គេ​​ច្បាស់​ជា​មាន​មោទនភាព​សម្រាប់​​យើង​ទាំង​ពីរ​មិន​ខាន។​ ​​យើង​ក៏​មាន​មោទនភាព​​ដែល​ទទួល​ជ័យជម្នះ​ព្រម​គ្នា​ព្រោះ​​យើង​បាន​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ»។​ ​​ Petchmorakot។ ​​សង្កត់​ធ្ងន់​បែប​នេះ។ ​

ចុចអាន ហេតុ​ផល​សំខាន់​៥​ ​លោក​អ្នក​មិន​អាច​រំលង​ ONE: NO SURRENDER