Features

Giorgio Petrosyan ​មិន​ដែល​បំភ្លេច​​ធាតុ​ដើម​​កម្សត់​កម្រ​រួម​នឹង​ភាព​ដាក់​ខ្លួន​

ជើង​ឯក​ខ្សែ​ក្រវាត់​​កម្រិត​ពិភព​លោក​ Giorgio Petrosyan ឬ ឈ្មោះ​​ក្រៅ​ The Doctor”បាន​​ជម្នះ​រាល់​ឧបសគ្គ​ពី​ការ​​រស់​នៅ​តាម​ផ្លូវ​ដោយ​គ្មាន​ផ្ទះ​សម្បែង​នៅ​ប្រទេស​អ៊ីតាលី​ រហូត​ក្លាយ​ជា​​កីឡាករ​ឃីកបុកសីង​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ក្នុង​លោក។ ​ម្ចាស់​ខ្សែ​ក្រវាត់​​ ONE Featherweight Kickboxing World Grand Prix Champion ​បាន​ភៀស​ខ្លួន​ពី​ប្រទេស​​អាមេនី​ ​​កាល​នៅ​កុមារភាព​និង​ តស៊ូ​ជីវិត​ដ៏​លំបាក​នៅ​​ទឹក​ដី​ប្រទេស​ថ្មី​ប៉ុន្តែ ​​ក្បាច់​គុន​បាន​ផ្ដល់​​ឲ្យ​រូប​គេ​ទទួល​បាន​សព្វ​បែប​យ៉ាង​ ​និង​ ផ្ដល់​ភាព​​កក់​ក្ដៅ​សម្រាប់​គ្រួសារ​មិន​ខ្វះ​មុខ​ខ្វះ​ក្រោយ​ទៀត​ទេ។

ជីវិត​នៅ​ប្រទេស​កំណើត

Petrosyan ​កើត​នៅ​​ឆ្នាំ១៩៨៥​ ​នៅ​រដ្ឋ​ធានី​​ ​យ៉េរ៉េវ៉ាន់ ​នៃ​ប្រទេស​អាមេនី​ ជា​ទី​ដែល​រូប​គេ​​​​ជួប​ជីវិត​សប្បាយ​រីករាយ​ជា​មួយ​​​​ឳ​ពុក​ម្ដាយ, ​បង​ប្អូន​​ប្រុស​ពីរ​នាក់​ និង​ ​ប្អូន​ស្រី។ ​កាល​នៅ​តូច​  ​គេ​​​គ្រាន់​តែ​ស្រមៃ​​ក្នុង​ការ​ហាត់​ក្បាច់​គុន​ពេល​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​ប៉ុណ្ណោះ
Petrosyan ​បាន​រៀប​រាប់​ថា​ ៖«​ខ្ញុំ​ធ្លាប់​​មើល​​ខ្សែ​ភាព​យន្ត​វ៉ៃ​ទាត់​ធាក់​​ជា​ច្រើន​ ហើយ ​បន្ទាប់​មក​ទៀត​​ខ្ញុំ​អាច​ចេញ​ក្រៅ​និង​ជិះ​រទេះ​ភ្លើង​ដោយ​ខ្លួន​ឯង។ ​​កាល​នោះ​ខ្ញុំ​គ្រាន់​តែ​​រត់​លេង​ ​រៀន​​​វ៉ៃ និង​ ​ដាល់​បាវ​សាក់​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ​អ្វី​ដែល​​ខ្ញុំ​បាន​ឃើញ​នៅ​ខ្សែ​ភាព​យន្ត​ ​ខ្ញុំ​​​ក៏​ធ្វើ​​ត្រាប់​តាម​​ខ្លួន​ឯង​ដូច​គ្នា»។
​បែប​ណា​ក្ដី​ ​ជីវិត​គ្រួសារ​របស់​គេ​​បាន​ជួប​ប្រទះ​​ពេល​វេលា​ដ៏​លំបាក​នៅ​ពេល​ប្រទេស​អាមេនី​ ​មាន​ជម្លោះ​ជា​មួយ​ប្រទេស​ ​អាស៊ែបៃហ្សង់។
កីឡាករ​ដដែល​ពន្យល់​បែប​នេះ​៖«​យើង​អត់​មាន​​អគ្គិសនី អត់​អាហារ​​ ​ហើយ​​គ្រួសារ​របស់​យើង​​ត្រូវ​តែ​ឈរ​ជា​ជួរ​​ដើម្បី​រង់ចាំ​ទទួល​​នំប៉័ង​មួយ​​​ចំណិត​ និង​ញុំា​អី​តិច​តួច​ប៉ុណ្ណោះ»។
«​អ្នក​ត្រូវ​​ឈរ​ជា​ជួរ​ដើម្បី​កំដៅ​ខ្លួន​ពី​ម៉ាស៊ីន​កម្ដៅ​ពី​ព្រោះ​វា​ត្រជាក់​ខ្លាំង​ណាស់។ ​ដូច្នេះ​ ប៉ា​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​​មក​យក​កូនៗ​ដើម្បី​​ផ្លាស់​ទៅ​កន្លែង​ផ្សេង​ដែល​ល្អ​ប្រសើរ​​ព្រោះ​វា​ពិបាក​រស់​មែន​នៅ​អាមេនី។ ​នៅ​ឆ្នាំ​ ១៩៩១​ គាត់​បាន​យក​​ខ្ញុំ​ និង​ ​បង​ប្រុស​ធំ​របស់​ខ្ញុំ ​Stepan ហើយ​យើង​បាន​ជម្លៀស​ពី​អាមេនី។ ​ យើង​យក​ឡាន​មួយ​ចេញ​ដំណើរ​​ ​វា​ដូច​ជា​ធ្វើ​រឿង​ចម្លែក​ និង​​​ជា​ការ​ធ្វើ​ដំណើរ​ដ៏​​វែង​ឆ្ងាយ»។

ស្វែង​រក​ទី​ជម្រក​នៅ​​អ៊ីតាលី

Giorgio Petrosyan at his gym in Milan, Italy

​គ្រួសារ​​ Petrosyans ​មិន​ដឹង​គោល​ដៅ​ថា​ទៅ​ណា​ និង​បញ្ចប់​នៅ​ទី​ណា​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​កន្លែង​ណា​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ដែរ។ ​ក្រោយ​មក​ពួក​គេ​ក៏​បាន​ដល់​​ក្រុង​​មីឡាន​ប្រទេស​អ៊ីតាលី។ យ៉ាង​ណា​ក៏​ដោយ​ ពេល​ដល់​អ៊ីតាលី ​ពួក​គេ​អត់មាន​លុយ​ ​, អត់​អាហារ​ញុំា និង​ ​អត់​​មាន​ផ្ទះ​រស់​នៅ។ ​ពួក​គេ​បាន​​រក​ឃើញ​ជម្រក​មួយ​នៅ​​ក្នុង​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានីយ​រថ​ភ្លើង​ ​​ប៉ុន្តែ​​វា​អាច​សម្រាក​បាន​​សម្រាប់ Giorgio ​ដែល​​មាន​​រោគ​រលាក​​ម្យ៉ាង។

«​ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់​ដែល​រឿង​រ៉ាវ​​បាន​កើត​ឡើង​​លើ​​ខ្ញុំ ​ហើយ​​សីតុណ្ហភាព​​កើន​​ដល់ ​៤០ អង្សា​ និង​មាន​អារម្មណ៍​ថា​វេទនា​ណាស់​នៅ​ក្នុង​ខ្លួន​របស់​ខ្ញុំ។ ​ខ្ញុំ​​ឃ្លាន​និង​ស្រេក​ទឹក ប៉ុន្តែ​ចម្លែក​ព្រោះ​​ខ្ញុំ​អត់​មាន​អារម្មណ៍​អស់​កម្លាំង​​នោះ​ទេ»។ ​Petrosyan ​រំលឹក​​បែប​នេះ។

​បន្ទាប់​មក​​ទៀត​ ​ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​ដល់​ភាគ​ខាង​ជើង​​នៃ​ក្រុង​ Turin ​ដើម្បី​ស្វែង​រក​​កន្លែង​ស្នាក់​នៅ​កាន់​តែ​ល្អ ​ប៉ុន្តែ​វា​មិន​ខុស​គ្នា​ទេ​ និង ​មិន​​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​នោះ​ឡើយ។ ពួក​គេ​នៅ​តំបន់​តូច​មួយ​​នៃ​ក្រុង​ Gorizia ​ មុន​ពេល​​ពួក​គេ​ទទួល​បាន​​​ការ​ជួយ​ជ្រោមជ្រែង។ ​បន្ទាប់​ពី​មួយ​ឆ្នាំ​កន្លះ​ ​ជីវិត​ចាប់​​ចាប់​ផ្ដើម​ប្រសើរ​ឡើង​ ​និង ​បាន​នាំ​ម្ដាយ ​ប្អូន​ស្រី និង​ ​ប្អូន​ប្រុស​ Armen ។ ​ពួក​គេ​ក៏​រត់​គេច​ខុស​ច្បាប់​​ទៅ​តាម​ឡាន និង ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ ប៉ុន្តែ​ ពេល​មក​ដល់​​ជុំ​គ្នា​ គឺ ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

ជំហាន​ហក់​ទៅ​រក​ភាព​អស្ចារ្យ

Italian kickboxer Giorgio Petrosyan takes out France's Samy Sana in October 2019

តាម​រយៈ​ជីវិត​ដ៏​លំបាក​នៅ​ប្រទេស​អ៊ីតាលី​​កីឡាករ​រហស្សនាម​ “The Doctor” ​មិន​ដែល​ធ្វើ​ឲ្យ​ក្ដី​ស្រលាញ់​ក្បាច់​គុន​បាត់​បង់​នោះ​ឡើយ។ ​ទោះ​បី​ជា​អត់​មាន​កន្លែង​ហ្វឹកហាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ទី​ក្រុង​តូច​នោះ​ ​ឳ​ពុក​របស់​ខ្លួន​នៅ​តែ​លើក​ទឹក​ចិត្ត​ជា​និច្ច។

“The Doctor” ​កកាយ​រឿង​​យ៉ាង​ដូច្នេះ ៖«​ខណៈ​កំពុង​ស្នាក់​នៅ​ជម្រក​ Caritas ​ខ្ញុំ​បាន​ហ្វឹកហាត់​ខ្លួន​ឯង បន្ទាប់​ពី​រៀប​ចំ​​​ទីធ្លា​តូច​​ដែល​អាច​ដាល់​លេង និង​ ទាត់​នៅ​ជុំ​វិញ​​នោះ​បាន។ ​ ខ្ញុំ​គ្រាន់​តែ​​ធ្វើ​តាម​ខ្សែ​​រឿង​ ប៉ុណ្ណោះ​ព្រោះ​អត់​មាន​តម្រុយ​ឡើយ។ ​ប៉ា​របស់​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​ ‘​កុំ​បារម្ភ​អី​ ​​ប៉ា​នឹង​រក​​កន្លែង​ហ្វឹកហាត់​​ឲ្យ​កូន​ ទោះ​យើង​​ស្នាក់​នៅ​កន្លែង​ចង្អៀត​ក៏​ដោយ’។ ​ទី​បំផុត​ក៏​រក​បាន​មែន»។

គ្រួសារ​របស់​មិត្តភ័ក្ដិ​​បាន​ជួយ​រូប​គេ​ស្វែង​រក​កន្លែង​អាច​ហ្វឹកហាត់​​ផ្លូវ​ការ​ជា​មួយ​គ្រូ​​​បង្វឹក​ ដែល​បាន​ធ្វើ​ឲ្យ​​យុវជន​ Petrosyan ​​កាន់​រីកចម្រើន​ទៅ​មុខ។ ​Petrosyan ​ឡើង​ប្រកួត​ដំបូង​ក្នុង​អាយុ​ ១៦ ឆ្នាំ និង ​ ​បាក់​ម្រាម​ជើង​ពេល​តតាំង​នឹង​កីឡាករ​វ័យ​ ២២ ​ឆ្នាំ​ម្នាក់។ ​​ប៉ុន្តែ​ គេ​នៅ​តែ​មាន​ទឹក​ចិត្ត​មោះមុត​​ក្នុង​ការ​​តស៊ូ​លើ​សង្វៀន។
កីឡាករ​ម្នាក់​នេះ​​រំលឹក​​អំពី​អតីត​កាល ​៖«​​ពេល​ឈ្នះ​ប្រកួត​លើក​ដំបូង​ វា​ធ្វើ​ឲ្យ​​​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ទោះ​បាក់​ម្រាម​ជើង។ ​ខ្ញុំ​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បន្ទាប់​ពី​របួស​ និង​បាន​ទស្សនា​វីដេអូ​របស់​ខ្ញុំ។ ​ព្រោះ​ខ្ញុំ​តែង​តែ​មើល​ការ​ប្រកួត​របស់​ខ្ញុំ និង​ ​ធ្វើ​កិច្ច​ការ​សាលា​ដាក់​​ឲ្យ​»។
គេ​​បន្ត​ថា ​៖​«​ខ្ញុំ​មើល​វីដេអូ​អំពី​ការ​ប្រកួត​របស់​ខ្ញុំ​ ប៉ុន្តែ​ ​​ខ្ញុំ​មិន​សប្បាយ​ចិត្ត​​ពេល​កំពុង​មើល​ ដោយ​ហេតុ​ផល​ថា​ខ្ញុំ​មើល​ដោយ​ផ្ចិតផ្ចង់​​និងស្វែង​រក​ចំណុច​​​​ដើម្បី​អភិវឌ្ឍ​ខ្លួន។ ​នោះ​ជា​អ្វី​ដែល​​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ​​ឲ្យ​បន្ត​ដំណើរ​ ​និង​ឈ្នះ​ការ​ប្រកួត​ជា​បន្ត​បន្ទាប់។ ​​រហូត​ដល់​​​ខ្ញុំ​ឈ្នះ​ខ្សែ​ក្រវាត់​ ​និង​បន្ត​​ទៅ​ប្រកួត​កម្រិត​ខ្ពស់​​ដល់​បច្ចុប្បន្ន»។

កម្រិត​កំពូល​​​ក្នុង​លោក

Giorgio Petrosyan Wins World Grand Prix At ONE CENTURY PART II

Petrosyan ​បាន​ប្រកួត​​ក្បាច់​មួយ​ថៃ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ និង​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ប៉ុន្តែ​​ក៏​​បរាជ័យ​​ជូរចត់​​មួយ​ដោយ​សារ​​ Nonthanan Por. Pramuk ​នៅ​បាងកក។ ​ យ៉ាង​ណា​​ក្ដី ​ទោះ​​មាន​​កំណត់​ត្រា​ល្អ​ និង​ ​​ការ​ប្រកួត​ដ៏​​​អស្ចារ្យ “The Doctor” ​មិន​ជឿ​​ខ្លួន​ឯង​ថា​ស្ថិត​ក្នុង​លំដាប់​ពិភព​លោក​ទេ​ ​រហូត​ដល់​​ឈ្នះ​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​ K-1 World MAX Grand Prix ​នៅ​ឆ្នាំ​២០០៩ ​បន្ទាប់​ពី​ឈ្នះ​កីឡាករ​កម្រិត​កំពូល​ ៣ ​នាក់​នៅ​ប្រទេស​ជប៉ុន​ត្រឹម​តែ​​មួយ​យប់។

Petrosyan ​​បង្ហើប​អារម្មណ៍​ដូច្នេះ​៖«​​ពេល​ខ្ញុំ​ឈ្នះ​ខ្សែ​ក្រវាត់​ K-1 Max World Title ​លើក​ដំបូង​ ​ពួក​​គេ​សួរ​អំពី​អារម្មណ៍​ដូច​ឈ្នះ​ World Champion ​ហើយ​ខ្ញុំ​ឆ្លើយ​ថា​ ‘ពិត​ណាស់ ​នេះ​លើក​ដំបូង​សម្រាប់​ខ្ញុំ, ​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​ជា​​ជើង​ឯក​ World Champion។ ​ទោះ​ឈ្នះ​ ១០០០ ​ខ្សែ​ក្រវាត់​ ​អារម្មណ៍​របស់​ខ្ញុំ​ក៏​​កើត​ឡើង​ផ្សេង​ខុស​ពី​អ្នក​រាល់​គ្នា​ដែរ»។

​​នោះ​ជា​ជោគជ័យ​ធំ​​​ពេល​ឈ្នះ​ខ្សែ​ក្រវាត់​ ​ K-1 World Title និង​ឈ្នះ​ការ​ប្រកួត​​ហូរហែ​នៅ​ឆ្នាំ​បន្ទាប់​ ​តែ​ចាញ់ ​​មួយ​លើក​ប៉ុណ្ណោះ។

នៅ​ឆ្នាំ​២០១៨​ រូប​គេ​ជា​កីឡាករ​ម្នាក់​ចូល​ប្រកួត​នៅ​សង្វៀន​ ​The Home Of Martial Arts (ONE) ​ក្នុង​ក្បាច់​គុន​មួយ​ថៃ​ និង ឃីកបុកសីង ប៉ុន្តែ​ មិន​​ទាន់​ឈ្នះ​​ប្រាក់​រង្វាន់​ធំ​នៅ​​ឡើយ​ក្នុង​អាជីព ​រហូត​ដល់​​គ្រង​​​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix ​ កាល​ខែ​តុលា​ឆ្នាំ ២០១៩ ​ក្រោយ​​​​ទទួល​​ជ័យជម្នះ​លើ​កីឡាករ​ខ្លាំង​ៗ​​លំដាប់​ពិភព​លោក​​រហូត​ដល់​ ៣ ​នាក់។

​ឥឡូវ​នេះ​ ​គេ​ទន្ទឹង​រង​ចាំ​​បន្ត​​កំណត់​ត្រា​ថែម​​ទៀត​ ខណៈ​​​កំពុង​​កាន់​កំណត់​ត្រា​ប្រកួត​ ឈ្នះ ​១០២​ ដង ចាញ់ ​២ដង​ និង​ស្មើ​ ២ដង (​លទ្ធផល​មោឃៈ​ ២ដង)។ ​​ទោះ​ជា​កីឡាករ​កំពូល​ម្នាក់​ក្នុង​លោក​ ​គេ​បាន​ឆ្លង​កាត់​ការ​លំបាក​​បំផុត​មួយ​កាល​នៅ​ក្មេង ​និង​ចង​ចាំ​​តស៊ូ​​រហូត​ធ្វើ​ខ្លួន​​ក្លាយ​ជា​អ្នក​គំរូ​ដល់​អ្នក​​ជំនាន់​ក្រោយ។
កីឡាករ​វ័យ​ ៣៤​ ឆ្នាំ​សង្កត់​ធ្ងន់​​ថា​ ៖«​បទ​ពិសោធន៍​ទាំង​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​មនុស្ស​ចាស់​​ចិត្ត​គំនិត ​ និង​ស្រេក​ឃ្លាន​ ជា​ពិសេស​ វា​បាន​កែ​ប្រែ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​​រឿង​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន»។

​កីឡាករ​កើត​នៅ​អាមេនី​ និង​ ធំធាត់​នៅ​អ៊ីតាលី​​​បន្ថែម​​​ថា​៖«​រឿង​សំខាន់​បំផុត​​នោះ​គឺ​ ​​ភាព​ដាក់​ខ្លួន​ ​ដែល​មិន​មែន​អ្នក​រាល់​គ្នា​សុទ្ធ​តែ​មាន​ចំណុច​នេះ​ទេ។ ​ខ្ញុំ​មាន​មោទកភាព​ចំពោះ​រឿង​នេះ​ព្រោះ​​​ខ្ញុំ​បាន​ធ្វើ​អ្វីៗ​ដែល​​ដូច​ការ​​គិត​របស់​ខ្ញុំ​កាល​​តូច​ត្រឹម​ ១៦​ឆ្នាំ។ ​​ដូច្នេះ​សម្រាប់​ខ្ញុំ​ ​​រឿង​រ៉ាវ​មិន​មែន​ផ្ដោត​ទៅ​មុខ​​រហូត​ទេ​ ប៉ុន្តែ​ ក៏​ត្រូវ​ក្រឡេក​មើល​ក្រោយ​ដែរ។ ​ខ្ញុំ​ត្រូវ​មើល​ថា​ខ្ញុំ​​មក​ពី​ទី​ណា ​និង​ចាប់​ផ្ដើម​​​កន្លែង​ណា។ ​ខ្ញុំ​សប្បាយ​ចិត្ត​​នូវ​អ្វី​ដែល​ខ្ញុំ​បាន​​ទទួល​វា​​និង​ មិន​បំភ្លេច​​​រឿង​អតីត​កាល​​ឡើយ»។

ចុចអាន : Giorgio Petrosyan Reflects On Huge 2019 And Shares Big 2020 Plans