Features

គន្លឹះ​សំខាន់​៤​ដើម្បី​ឈ្នះ​​រៀង​ៗ​ខ្លួន​រវាង Adriano ប៉ះ Johnson

ទី​បំផុត​ពេលវេលា​បាន​មក​ដល់​ហើយ​សម្រាប់​ជំនួបរវាង Adriano “Mikinho” Moraes និង Demetrious “Mighty Mouse” Johnson ដែល​​នឹង​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រសម្រាប់​ការ​​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Flyweight ផ្សាយ​ទៅ​កាន់​ម៉ោង​មាស​ពី​ព្រឹត្តិការណ៍ “ONE on TNT I”​ ត្រូវ​នឹង​ម៉ោង​៧​:៣០​នាទី​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មេសា ម៉ោង​នៅ​កម្ពុជា។

អ្នក​គាំទ្រ​ច្បាស់​ជា​មិន​ឲ្យ​ឱកាស​នេះ​កន្លង​ហួស​ឡើយ​។ ម្ចាស់​ខ្សែ​ក្រវាត់​បាន​ឈ្នះ​ជើងឯក​តាំង​ពី​ឆ្នាំ​២០១៤​ដែល​ឈ្នះ​លើក​ដំបូង​នៅ​ទឹក​ដី​កម្ពុជា ខណៈ​ដៃ​គូ​ឡើង​ដណ្តើម​គឺ​ជា​ជើង​ឯក​ពិភព​លោក​របស់ UFC។ ឥឡូវ​ជើង​ឯក​ប៉ះ​ជើង​ឯក។

តាម​វិភាគ​ស៊ីជម្រៅ​ សូម​បង្ហាញ​គន្លឹះ​សំខាន់​៤​ដែល​អ្នក​ទាំង​ពីរ​អាច​មាន​ប្រៀប​លើ​ដៃ​គូ​រៀង​ខ្លួន និង​ជា​ចំណុច​ខ្លាំង​ដើម្បី​យក​ឈ្នះ​។

១- DJ វ៉ៃ​សកម្មមិន​ចេះ​អស់​ក្នុង​៥​ទឹក​ពេញ

Demetrious Johnson tussles with Danny Kingad at ONE CENTURY

ក្រៅ​ពី​មាន​បច្ចេកទេស​ជាក់​លាក់​ច្រើន Johnson នឹង​បង្ហាញ​សមត្ថភាព​នៅ​លើ​សង្វៀន​ដោយ​មាន​អត្រា​ចលនា​សកម្ម​ច្រើន​ជាង​ម្ចាស់​ខ្សែ​ក្រវាត់​ទៀត៊

ជើង​ឯក​ ONE Flyweight World Grand Prix ល្បី​ល្បាញ​ខាង​វ៉ៃ​សកម្ម​មិន​ចេះ​អស់​កម្លាំង។ គាត់​បាន​ឆ្លង​កាត់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដែល​មាន​៥​ទឹក​គឺ​មាន​ចំនួន​១០​ដង​ហើយ ហើយ​ក៏​កម្រ​ឃើញ​គាត់​ព្យាយាម​​ស៊ីម៉ោង​ដើម្បី​បង្កើន​រក្សា​កម្លាំង​ណាស់។ ផ្ទុយ​ទៅ​វិញ រូប​គេ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក​គឺ​មាន​ចលនា​ស្ទុះ​រហូត។

ភាព​ខ្លាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ពិបាក​ទប់​ទល់​ ពី​ព្រោះ​កីឡាករ​ភាគ​ច្រើន​​កាន់​តែ​វ៉ៃ​ កាន់​តែ​ធ្លាក់​ចុះ​កម្លាំង​ស៊ុហ្វ។ វា​មិន​ត្រឹម​តែមាន​កម្លាំង​ស៊ុហ្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្មារតី​របស់​គាត់​ក៏​មុះ​មុត​ជា​អ្នក​តស៊ូ​ពិត​ៗ។

កីឡាករ​និយាយ​ថា ៖«ខ្ញុំ​នឹង​ព្យាយាមឲ្យ​បាន​ល្អ​បំផុត​ដើម្បី​ឲ្យ​ប្រាកដ​ថា ខ្ញុំ​អាច​ដាក់​សម្ពាធ​ដៃ​គូ​គ្រប់​វិនាទី»។

២- ម្ចាស់​ខ្សែក្រវាង​មាន​អាវុធ​វែង

បើ​ប្រៀប​ធៀប​ជា​មួយ​ដៃ​គូ កីឡាករ Moraes មាន​កាយ​សម្បទា​អំណោយ​ផល​ច្រើន​ជាង​ណាស់។ រូប​គេ​មានកម្ពស់​១,៧៣​ម៉ែត្រ ខណៈ Johnson មាន​កម្ពស់​ត្រឹម​តែ​១.៦០​ម៉ែត្រ​ប៉ុណ្ណោះ។

កត្តា​នេះ​ហើយ​រូប​គេ​នឹង​ព្យាយាម​​ចេញ​កណ្តាប់​ដៃ​ និង​ទាត់​ដើម្បី​រារាំង​ការ​បោល​ចូលអោប​របស់​ដៃ​គូ ហើយនឹង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​អ្នក​មក​ដណ្តើម​ខ្សែ​ក្រវាត់។ ប្រសិន​បើ​រូប​គេ​មិន​ភ្លាត់​ឲ្យ​ដៃ​គូ​ចូល​អោប​ដើម្បី​ក្បាច់​ឃ្លេ​ទេ រូប​គេ​មាន​ភាគ​រយ​ច្រើន​ដើម្បី​រក្សា​ខ្សែ​ក្រវាត់​ឲ្យ​គង់​វង់​នៅ​លើ​ចង្កេះ​របស់​ខ្លួន។



៣- DJ មាន​ក្បាច់​គុន​ចម្រុះ​សំបូរ​បែប

ដោយ​សារ​ខ្លួន​ទាប មាន​មូល​ល្អិត Johnson ពូកែ​ជំនាញ​ក្រោម​ខ្លាំង​ណាស់់។ រូប​គេ​វ៉ៃ​នៅ​ទឹក​ដី​អាមេរិករាប់​ភ្លេច​ទៅ​ហើយក្នុង​អាជីព​គុន​ចម្រុះ ដូច្នេះ​កាលៈ​ទេសៈ​ណា​ក៏​គេ​អាច​រើ​បម្រើ និង​មាន​ចលនា​ប្រែ​ប្រួល​បាន​ដែរ។

កីឡាករ​អាមេរិក​មាន​​ក្បាច់​គុន​ចម្រុះ​សំបូរ​បែប។ ក្បាច់​បោក​ក៏​ពូកែ ក្បាច់​ឃ្លេ​រឹត​ក៏​ជំនាញ និង​ក្បាច់​​កាច់​ដៃ​ក៏​សាហាវ។ ការ​បូក​រួម​បញ្ចូល​គ្នា​រវាង​ក្បាច់​ក្រោម​សំបូរ​បែប​ និង​ចលនា​ផ្លាស់​​ទី​ដ៏​លឿន​រហ័ស​បាន​ធ្វើ​ឲ្យ​រូប​គេ​​ក្លាយ​ជា​អ្នក​ប្រដាល់​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​ដ៏​គ្រោះ​ថ្នាក់​ម្នាក់។ ជា​រឿយៗ​រូប​គេ​​ទទួល​បាន​ជ័យជម្នះ​ដោយ​ជំនាញ​ក្រោម ប៉ុន្តែ​កម្រ​ឈ្នះ​ដោយ​ការទាត់​ ឬ​កណ្តាប់​ដៃ​ណាស់ ពី​ព្រោះ​រាល់​ការ​ប្រកួត​ភាគ​ច្រើន​រូប​គេ​ចូល​អោប​ប្រើ​ជំនាញ​ក្រោម​តែ​ម្តង។

៤- ‘Mikinho’ ពូកែ​ក្បាច់​ពសលូន

ថ្វី​បើមាន​កម្ពស់​ខ្ពស់ និង​ដៃ​ជើង​វែង ប៉ុន្តែ​កីឡាករ​ប្រេស៊ីល​រូប​នេះមិន​មែន​ត្រឹម​តែ​មាន​អំណោយ​ផល​ល្អ​ខាង​ប្រើ​កណ្តាប់​ដៃ​ និង​ទាត់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​រូប​គេ​ក៏​មាន​ជំនាញ​ក្រោម​ដ៏​ល្អ​ដែរ។

ដឹង​ស្រាប់​ហើយ រូប​គេ​ជា​កីឡាករ​ដើម​កំណើត​ជំនាញ​ជឺជីតស៊ូ ដូច្នេះ​រូប​គេ​ក៏​មាន​ជំនាញ​ក្រោម​មួយ​ភ្លេ​​​តាម​រយៈ​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជីតស៊ូ។ ដោយ​សារ​រូប​គេ​មាន​ជំនាញ​ជឺជីតស៊ូ​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​គេ​មាន​ជំនាញ​លូន​រើ​បម្រើ​​ផ្លាស់​ទីបាន​យ៉ាង​រលូន​ប្រៀប​ដូច​ជា​ពស់។ ប្រសិន​បើ​ដៃ​គូ​ទប់​ទល់​មិន​ជាប់​នឹង​ក្បាច់​ក្រោម​ទេ​ អាច​នឹង​គ្រោះ​ថ្នាក់​ដោយ​ការរឹត​ក ឬ​ក៏​កាច់​ដៃ​ជើង​ជាក់​ជា​មិន​ខាន៕

Read more: ONE Championship Superstars Make Their Picks: Moraes Vs. Johnson

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.