Features

រឿង​សំខាន់​​៥​​នេះ​​ដែល​មិន​អាច​រំលង ONE: NO SURRENDER III រួម​ទាំង​ សុខ ធី

ONE Championship គ្រោង​នឹង​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួតស៊េរី​ NO SURRENDER នា​ចុង​សប្តាហ៍​នេះ​ហើយ។

ថ្ងៃ​សុក្រ ទី​២១ ខែ​សីហា​នេះ ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER III នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ​មាន​​៦​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។

គូ​ប្រកួតសំខាន់​ៗ​មាន​ដូច​ជា​ការ​ប្រកួត​គុន​ចម្រុះ​មាន​២​គូ និង​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ​រហូត​ដល់​៤​គូ ក្នុង​នោះ​គូ​ឯក​គឺ​ជា​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​​​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​ជ្រើស​រើស​ជើង​ខ្លាំង​ម្នាក់​ទៅ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​​ចុង​ឆ្នាំ​នេះ។

ព្រឹត្តិការណ៍​ប្រកួត​នេះ​ប្រជុំ​​ដោយ​ជើង​ខ្លាំង​ដែល​មាន​កីឡាករ​ជា​ជើង​ឯក​ពិភព​លោក​រហូត​ដល់​៧​នាក់​​ពី​ជំនាញ​កីឡា​ផ្សេង​គ្នា។

សូម​លើក​យក​រឿង​រ៉ាវ​៧​យ៉ាង​ដែល​លោក​អ្នក​មិន​អាច​រំលង​បាន​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត ONE: NO SURRENDER III ថ្ងៃ​សុក្រ​នេះ ក្នុង​នោះ​មាន កីឡាករ​កម្ពុជា សុខ ធី​ ផង​ដែរ។

#១ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ជាង​គេ គឺ​​កំពូល​អ្នក​ប្រដាល់​២​នាក់​ប៉ះ​គ្នា​ដើ​ម្បី​ស្វែង​រក​​ជើង​ខ្លាំង​ពិត​ប្រាកដ​ធ្វើ​ដំណើរ​ទៅ​កៀក​នឹង​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក ONE World Title។

នោះ​គឺ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី ONE Bantamweight Muay Thai Tournament ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១​មួយ​ថៃ “The Million Dollar Baby” Sangmanee Klong SuanPluResort និង​ជើង​ខ្លាំង​​ចំណាត់​ថ្នាក់​លេខ​៣​មួយ​ថៃ “Left Meteorite” Kulabdam Sor. Jor. Piek Uthai។

ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ខែ​​កញ្ញា ឆ្នាំ​មុន  Sangmanee មើល​ទៅ​​លេច​ធ្លោ​ដូច​រហស្សនាម​ប្រាក់​លាន​ដុល្លារ​នៅ​លើ​សង្វៀន។ រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​ម៉ារ៉ុក-បារាំង  Azize Hlali កាល​ពី​ខែ​វិច្ឆិកា និង​ឈ្នះ​កីឡាករ​ជប៉ុន Kenta Yamada តាម​រយៈ​ការ​ទាត់​ជើង​ឆ្វេង និង​កណ្តាប់​ដៃ។

ឥឡូវ​នេះ រូប​គេ​ប្រឈម​នឹង​ដៃ​គូ​ដ៏​តឹង​តែ​បំផុត​គឺ​ Kulabdam ដែលលេច​ធ្លោ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ពី​ខែ​កញ្ញា ឆ្នាំមុន។ ការ​ប្រើ​ស្រោម​ដៃ​គុន​ចម្រុះ​៤​អោន​ពិត​ជា​ល្អ​ឥត​ខ្ចោះ​សម្រាប់​​កីឡាករ​មក​ពី​ក្លឹប Sor. Jor. Piek Uthai ដែលជំនាញ​ខាង​​ប្រើ​កណ្តាប់​ដៃ​ឆ្វេង និង​ទាត់​ក្រោម​​ដែល​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​ចំណាត់​ថ្នាក់​លេខ​២​គឺ Bobo “The Panther” Sacko

ទាំង Sangmanee និង​ Kulabdam ជា​កីឡាករ​កម្រិត​កំពូល​ដែល​មាន​ជំនាញ​ជំហរ​វ៉ៃ​ស្តាំ​ដូច​គ្នា​​ជាមួយ​នឹង​បច្ចេកទេស កម្លាំង​ស៊ុហ្វនិង​ចលនា​ផ្លាស់​ទី​យ៉ាង​ល្អ ជា​ពិសេស​អាវុធ​ពោរ​ពេញ​ដោយ​ទម្ងន់​ដូច​គ្នា។ ​គូ​​នេះ​អាច​​បើក​ឆាក​សម្រុក​គ្នា​៣​ទឹក​ពេញ ប៉ុន្តែ​​នឹង​គ្មាន​អ្វី​ចម្លែក​ទេ បើ​នរណា​ម្នាក់​សន្លប់់​នោះ។

អ្នក​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​គូ​ឯក​នេះ​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​កីឡាករ Saemapetch Fairtex ដើម្បី​ស្វែង​រក​នរណា​ម្នាក់​​បន្ត​ដំណើរ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក ONE Bantamweight ពីកីឡាករ Nong-O Gaiyanghadao

#២​ គូ​ឯក​រង សុខ ធី ប៉ះ ម្ចាស់ផ្ទះ​ថៃ ជា​ជំនួបតឹង​តែង​

Muay Thai fighters Mongkolpetch Petchyindee Academy and Sok Thy

ស្ថិត​ក្នុង​តំណែង​គូ​ឯក​រង ជើង​ខ្លាំង​មួយ​ថៃ និង​គុន​ខ្មែរ​​សុទ្ធ​តែ​មាន​មហិច្ឆតា​ស្វែង​រក​ជ័យជម្នះ​ឲ្យ​ខាង​តែ​បាន​រៀង​ៗ​ខ្លួន​ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ​​បន្ត​ទៅ​មុខ​ទៀត។

ជើង​ឯក​មួយ​ថៃ​ពិភព​លោក​នៅ​សង្វៀន Lumpinee Stadium គឺ​ជើង​ខ្លាំង​ Mongkolpetch Petchyindee Academy ត្រូវ​ទទួល​ស្វាគមន៍​អ្នក​លេង​គុន​ខ្មែរ សុខ ធី ដែល​ជា​ជើងឯក​គុន​ខ្មែរ​ពិភព​លោក។

តារា​ប្រដាល់​ថៃ Mongkolpetch មាន​អាវុធ​ចេញ​ល្អ​ទាំង​ព្រម​ពេញ​ដោយ​កម្លាំង​តែ​ម្តង។ នៅ​ពេល​មិន​ទាន់​មាន​កម្មវិធី​ប្រកួត រូប​គេ​នៅ​មិនទំនេរ​ទេ​គឺ​ហ្វឹកហាត់​ជា​ប្រចាំ​នៅ​ផ្ទះ​ ជា​ពិសេស​គឺ​ការ​ពង្រឹង​អាវុធ​ទាត់ និង​កែង បន្ទាប់​ពី​រូប​គេ​ធ្លាប់​​មាន​ប្រវត្តិ​ឈ្នះ​ Joseph Lasiri កាល​ពី​ខែ​កញ្ញា។

សមត្ថភាព​របស់​កីឡាករ​ថៃ​ម្នាក់​នេះ​ពិត​ជា​សម​ឥត​ខ្ចោះ​ជា​មួយ​នឹង​អ្នក​លេង​គុន​ខ្មែរ សុខ ធី ដែល​មាន​​អាវុធ​ទាត់​ក្រោម​ដ៏​មាន​ទម្ងន់ និង​កណ្តាប់​ដៃ​ស្តាំ​ល្អ។ រូប​គេ​បាន​បង្ក​ព្យុះ​ការ​ភ្ញាក់​ផ្អើល​ម្តង​ហើយ​នៅ​ពេល​ប្រកួត​ជា​មួយ​ខ្លា​ចាស់ថៃ Lerdsila Phuket Top Team កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៨។ លើក​នេះ​រូប​គេ​បាន​ប្តេជ្ញា​​ស្វែង​រក​កំណត់​ត្រា​ជ័យជម្នះ​លើក​ដំបូង​នៅ​លើ​ឆាក​អន្តរជាតិ។

រាត្រី​ថ្ងៃ​សុក្រ​​នេះ អ្នក​លេង​ក្បាច់​គុន​ទាំង​ពីរ​នឹង​បង្ហាញ​ភាព​អស្ចារ្យ​រៀង​ៗ​ខ្លួនដើម្បី​ស្វែង​រក​ពិន្ទុ​ចូល​ទៅ​ក្នុង​ចំណាត់​ថ្នាក់​អត្តពលិករបស់ ONE



#៣ ជើង​ខ្លាំង Fabio Pinca បង្ហាញ​ខ្លួន​វ៉ៃ​គុន​ចម្រុះ​លើក​ដំបូង

Multiple-time Muay Thai World Champion Fabio Pinca in ONE Super Series

Fabio Pinca បាន​ឈាន​ដល់​ការ​បញ្ចប់​នៃ​ការ​ទន្ទឹង​រង់​ចាំ​​យ៉ាង​​យូរ​ដើម្បី​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​របស់​ខ្លួន។

បុរស​ញ្ជាតិ​បារាំង​ដែល​ជា​ជើង​ឯក​មួយ​ថៃ​ WBC ពិភព​លោក​២​សម័យ​កាល និង​ជើង​ឯក​ពិភព​លោក​នៅ​សង្វៀន Rajadamnern Stadium បាន​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​មួយ​ថៃ និង​ឃីកបុកសីង​ពិភព​លោក​ជា​ច្រើន​នាក់​ហើយ។

ការ​ប្រកួត​ទាំង​នោះ​ រូប​គេ​បាន​ប្រកួត​​ចាញ់​​ជើង​ខ្លាំង​ថៃ Sitthichai Sitsongpeenong ឈ្នះកីឡាករ​តួកគី Tayfun Ozcan និង​ចាញ់​ពិន្ទុ​កំពូល​ជើង​ខ្លាំង​ឃីកបុកសីង​ពិភព​លោក​ Giorgio Petrosyan ជា​ដើម។ រូប​គេ​ថែម​ទាំង​បាន​​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ថៃ Nong-O ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង ONE Super Series កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨។

Pinca បាន​នាំ​យក​បទ​ពិសោធ​ជោកជាំ​ពី​ការ​ប្រកួត​ឃីកបុកសីង និង​មួយ​ថៃ​​​ឆ្ពោះ​ទៅ​ប្រកួត​លក្ខណៈ​គុន​ចម្រុះ ហើយ​សមត្ថភាព​របស់​គេ​ពិត​ជា​មិន​ធម្មតា សូម្បី​តែ​​ចេញ​តែ​មួយ​ដៃ​​ក៏​ដៃ​គូ​ក្រោក​មិន​រួច​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា មន​ចម្ងល់​ជា​ច្រើន​អំពី​ការ​ផ្លាស់​ប្តូរ​ជំនាញ​ប្រយុទ្ធ​ឈរ​មក​វ៉ៃ​លក្ខណៈ​​គុន​ចម្រុះ​​លើក​ដំបូង​នេះ​នៅ​ពេល​​ត្រូវ​ប្រឈម​នឹង​ម្ចាស់​ផ្ទះ​ថៃ Shannon “OneShin” Wiratchai ដែល​មាន​បទ​ពិសោធ​ច្រើន​ទាំង​មួយ​ថៃ និង​គុន​ចម្រុះ។

កីឡាករ​ថៃ​ម្នាក់​នេះ​ច្បាស់​ណាស់​ថា នឹង​កំដ​ខ្លា​ចាស់​វ៉ៃ​ជំនាញ​ថ្មី​​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​មិនខាន​ឡើយ។​ វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល Pinca ផ្លាស់​ប្តូរ​ជំនាញ​ដែល​ខ្លួន​មាន​គ្រប់​សព្វ​មក​​វ៉ៃ​បែប​នេះ ប៉ុន្តែ​បើ​រូប​គេ​ឈ្នះ នោះ​រូប​គេ​នឹង​កាន់​តែ​អស្ចារ្យ។

#៤ នារី​ជើង​ខ្លាំង​មួយ​ថៃ​៤​នាក់លេច​មុខ​លើក​ដំបូង

មាន​កីឡាការិនី​មួយ​ចំនួន​​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត ONE Super Series ហើយ​ទស្សនិកជន​ពិត​ជា​​ចង់​ឃើញ​អ្នក​លេច​មុខ​ថ្មី​៤​នាក់​​​ដែលត្រូវ​កសាង​កេរ្តិ៍​ឈ្មោះ​នៅ​ស្ថាប័ន​ប្រដាល់​កំពូល​នា​ថ្ងៃ​សុក្រ​នេះ។

ជា​លើក​ទី​១ ដែល​កីឡាការិនី​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​​៦​ដង Little Tiger ដែល​នឹង​​បង្ហាញ​ខ្លួន​ជា​លើក​ដំបូងនៅ​លើ​ឆាក​អន្តរជាតិ។

នារី​ជើង​ចាស់​ជប៉ុន​រូប​នេះ​ត្រូវ​ប៉ះ​កីឡាការិនី​​របស់​ប្រទេស​អេស្តូនី Marie “Snow Leopard” Ruumet ក្នុង​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ​ ដែល​អ្នក​ឈ្នះ​ទំនង​ជា​អាច​​ក្លាយ​ជា​​ផ្ទាំង​ថ្ម​​ថ្មី​សម្រាប់​ម្ចាស់​ជើង​ឯក​ពិភព​លោក​ Stamp Fairtex ។

ជា​មួយ​គ្នា កីឡា​ការិនី​ថៃ Wondergirl Fairtex ក៏​ត្រូវ​បង្ហាញ​ខ្លួន​លើក​ដំបូង​ទល់​នឹង​​​កីឡា​ការិនី​អូស្ត្រាលី Brooke Farrell សម្រាប់​ការ​ប្រកួត​មួយ​ថៃ​ដែរ។

បច្ចុប្បន្ន​នេះ ប្រភេទ​ទម្ងន់​នេះ​នៅ​មិន​ទាន់​មាន​ម្ចាស់​​ខ្សែ​ក្រវាត់​នៅ​ឡើយ​ទេ ដូច្នេះ​​អ្នក​ទទួល​បាន​ជ័យជម្នះ​​ក្នុង​ការ​ប្រកួត​នេះ​​អាច​ត្រូវ​បាន​ចាត់​ទុក​ថា អ្នក​ឈាន​មុខ​គេ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់។

#៥ អ្នក​លេង​ជឺជិត​ស៊ូ ប៉ះ​អ្នក​ជំនាញ​ចំបាប់

Mixed martial artists Quitin Thomas and Ben Royle will fight at ONE: NO SURRENDER III

ជើង​ខ្លាំង​បរទេស​ទាំង​ពីរ​ដែល​មក​ពី​កោះ​ភូកេត ប្រទេស​ថៃ​នឹង​បង្ហាញ​​ទេពកោសល្យ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​នៃ​រាជ​ធានី​ថៃ។

សិស្ស​ក្លឹប Phuket Top Team គឺ​ Ben Royle ត្រូវ​ប៉ះ​សមាជិក​ក្លឹប​ Tiger Muay Thaiគឺ​ Quitin Thomas សម្រាប់​​ការ​ប្រកួត​បើក​ឆាក​នៃ​ការ​ប្រកូត​គុន​ចម្រុះ។

គូ​​នេះ​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ដែរ​នៅ​ពេល​​អ្នក​លេង​ក្បាច់​ជឺជិត​ស៊ូ ទល់​នឹង​អ្នក​ជំនាញ​ចំបាប់។

កីឡាករ Royle ដែល​មាន​ខ្សែ​ក្រវាត់​ជឺជិតស៊ូ​កម្រិត​ពណ៌​ស្វាយជា​មួយ​នឹង​កំណត់​ត្រា​ឈ្នះ​៤ ចាញ់​១ មាន​ក្បាច់​ឃ្លេ​ល្អ​​ណាស់ ខណៈ​រូប​គេ​បាន​​ផ្តួល​ដៃ​គូ​ឲ្យ​បោះ​បង់​ការ​ប្រកួត​៣​នាក់​ចុង​ក្រោយ​តាម​រយៈ​ក្បាច់​ឃ្លេ។

ចំណែក Thomas គឺ​ជា​ជើងឯក​គុន​ចម្រុះ​ពិភព​លោក​ម្នាក់ ​ដែល​​មាន​ជំនាញ​បោក​​​ដៃ​គូ​​ឲ្យ​ដួល រួច​ឡើង​ជិះ​​ពី​លើ​ដ៏​មាន​ប្រសិទ្ធភាព។ រូប​គេ​បាន​ប្រកួត​អាជីព​លើក​ដំបូង​​ដែល​រូប​គេ​បាន​យក​ឈ្នះ​ដៃ​គូ​តាម​រយៈក្បាច់​វាយ​សន្ធាប់​ពី​លើ។

រវាង​អ្នក​​ទាំង​ពីរ​មាន​ជំនាញ​ចំបាប់ ឃ្លេ និង​ស្នៀត​ក្រោម​ដូច​គ្នា ខណៈ​នៅ​ទឹក​ដី​ថៃ​ក៏​ពួក​គេ​បាន​កំពុង​​ហ្វឹក​ហាត់ប្រដាល់​មួយ​ថៃ​ដែរ ដូច្នេះ​គូ​នេះ​អាច​នឹង​មិន​ចប់​៣​ទឹក​ទេ៕

Read more: How To Watch ONE: NO SURRENDER III

 

 

 

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។