Features
ហេតុផលចំនួន៥ដែលគេគិតថា ONE: UNBREAKABLE ពិតជារំភើបខ្លាំង
ស្ថាប័នរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនឹងចាប់ផ្ដើមឆ្នាំ២០២១ ដោយមានគូដណ្ដើមខ្សែក្រវាត់ដែលនឹងផ្ដល់ភាពរីករាយបំផុតដល់អ្នកគាំទ្រទូទាំងពិភពលោក។
ព្រឹត្តិការណ៍ ONE: UNBREAKABLE ត្រូវរៀបចំនៅកីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រទី ២២ ខែ មករា ខាងមុខដោយមានគូដណ្ដើមខ្សែក្រវាត់ពិភពលោកជាគូឯកអមដោយតារាល្បីៗជាច្រើនទៀត។
នេះជាហេតុផលចំនួន៥ ដែលអ្នកគាំទ្រច្បាស់ជារំភើបរីករាយចំពោះការប្រកួតឃីកបុកសីង និងគុនចម្រុះនៅទីក្រុងសិង្ហបុរី។
#1 អ្នកលេងកណ្ដាប់ដៃធ្ងន់ជួបគ្នាក្នុងគូឯក
Alaverdi “Babyface Killer” Ramazanov ដែលជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight Kickboxing World Champion នឹងឡើងការពារខ្សែក្រវាត់ទល់នឹង Capitan Petchyindee Academy ក្នុងនាមជាគូឯក និងដាក់គោលដៅធ្វើឲ្យទស្សនិកជនសប្បាយរីករាយក្រៃលែង។
Ramazanov មានជំនាញកណ្ដាប់ដៃ និងប្រយុទ្ធអង់អាចមិនដកថយ ប៉ុន្តែគេនឹងជួបបុរសមានស្ទិលប្រកួតស្រដៀងៗគ្នានេះ។ Capitan ប្រើកណ្ដាប់ដៃមួយដៃពេញត្រឹម ៦ វិនាទីប៉ុណ្ណោះដើម្បីផ្ដួល Petchtanong Petchfergus នៅព្រឹត្តិការណ៍ ONE: A NEW BREED III កាលខែកញ្ញា កន្លងទៅក្នុងការប្រកួត ONE Super Series។
ការផ្ដួលដៃគូឲ្យសន្លប់នេះនាំឲ្យរូបគេកើនចំណាត់ថ្នាក់លេខ២ក្នុងប្រភេទទម្ងន់ខាងលើ និងមានឱកាសទៅដណ្ដើមខ្សែក្រវាត់ពិភពលោកទល់នឹងកីឡាកររុស្សី។ កណ្ដាប់ដៃរបស់ Capitan លឿនដូចផ្លេកបន្ទោរដែលអាចបញ្ចប់គូប្រកួតរូបណាក៏បានពេលទល់មុខដាក់គ្នា។ ក្នុងនោះគេក៏មានលទ្ធភាពអាចផ្ដួល “Babyface Killer” ផងដែរ។
Ramazanov បានផ្ដួល Andrew “Maddog” Miller និង Ognjen Topic ឲ្យសន្លប់មុនជួបជើងខ្លាំងមកពីក្លិប Petchyindee Academy ដែលមានជំនាញកណ្ដាប់ដៃល្អ និងដាក់ក្ដីរំពឹងកាន់ខ្សែក្រវាត់ ONE Bantamweight នាឱកាសនេះ។
#2 វីរបុរសស្វាគមន៍គូប្រជែងទើបទម្លាក់មកទម្ងន់ Lightweight
កីឡាករមានឈ្មោះបោះសំឡេងម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship ត្រលប់មកសង្វៀនវិញ។
Shinya “Tobikan Judan” Aoki ដែលជាគូប្រជែងលំដាប់ទី៤ក្នុងទម្ងន់ lightweight នឹងត្រលប់មកជួបកីឡាករគំរាមកំហែងខ្ពស់នៅកម្មវិធី ONE: UNBREAKABLE។ James Nakashima ដែលធ្លាប់ប្រជែងខ្សែក្រវាត់ Welterweight ផងនោះទម្លាក់ទម្ងន់មកប្រកួត lightweight លើកដំបូង និងរំពឹងថាអាចឈរជើងដើម្បីទៅដណ្ដើមខ្សែក្រវាត់នាថ្ងៃមុខ។
តាមរយៈការប្រកួតទល់នឹងម្ចាស់ខ្សែក្រវាត់ welterweight កីឡាករ Kiamrian “Brazen” Abbasov កាលខែ វិច្ឆិកា ជើងខ្លាំងអាមេរិកអាចនឹងបង្ហាញខ្លួនល្អបំផុតក្នុងការប្រកួតនេះ។ បើសិនរូបគេទទួលជ័យជម្នះទល់នឹង Aoki ជើងខ្លាំង Nakashima បានក្លាយជាគោលដៅគំរាមកំហែងខ្លាំងលើប្រភេទទម្ងន់ថ្មីនេះ។
បែបណាក្ដី “Tobikan Judan” មានបទពិសោធន៍ខ្ពស់ និងជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់។ កីឡាករជប៉ុនក៏ចង់ស្ដារមុខមាត់ឡើងវិញ ក្រោយរបូតខ្សែក្រវាត់ដោយថ្វីដៃ Christian “The Warrior” Lee កាលខែ ឧសភាពឆ្នាំ ២០១៩។ អ្នកទទួលជ័យជម្នះនឹងកាន់តែខិតជិតធ្វើដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ពី Lee មិនខាន។
- Ramazanov Vs. Capitan, Aoki Vs. Nakashima Top ONE: UNBREAKABLE
- Kickboxing World Champ Regian Eersel Wants To Stay Busy In 2021
- ‘Reug Reug’ Debuts Against Ngalani, Stamp’s MMA Return Confirmed
#3 តារាទម្ងន់ Heavyweights ប៉ះគ្នា
នេះជាតារាទម្ងន់ heavyweights ជួបគ្នានៅកម្មវិធី ONE Super Series ពោលរវាង Rade Opacic និង Patrick “Big Swiss” Schmid ។ អ្នកទាំងពីរមានជំនាញលំដាប់ពិភពលោកដែលអាចបញ្ចប់គូប្រកួតគ្រប់វិនាទី។
Opacic ដែលជាជើងខ្លាំងសញ្ជាតិស៊ែបបានផ្ដួលគូប្រកួតឲ្យសន្លប់គួរឲ្យចាប់អារម្មណ៍ក្នុងចំណោមជ័យជម្នះសន្លប់ទាំងឡាយនៅឆ្នាំ២០២០ កាលបង្ហាញខ្លួនលើកដំបូង។ អ្នកគាំទ្រនឹងបានឃើញស្នៀតល្អៗរបស់គេពេលត្រលប់មកវិញ។ ជើងឯកមួយថៃនៅប្រទេសស៊ែបបានប្រកួតយ៉ាងគឃ្លើនទល់នឹង Errol “The Bonecrusher” Zimmerman នៅព្រឹត្តិការណ៍ ONE: BIG BANG II កាលខែ ធ្នូ មុនពេលប្រើស្នៀតទាត់បង្វិលកែងជើងផ្ដួលដៃគូឲ្យសន្លប់ទឹកទី២។
ត្រឹមវ័យ២៣ឆ្នាំ Opacic ជាកីឡាករវ័យក្មេងម្នាក់ក្នុងទម្ងន់ heavyweight ប៉ុន្តែគេដាក់គោលដៅកើនចំណាត់ថ្នាក់ជាបន្តបន្ទាប់។
ចំណែក “Big Swiss” មានវ័យ ៣៤ ឆ្នាំជាអ្នកមានជំនាញមួយថៃ, ឃីកបុកសីង, សាន់ដា, និង ប្រដាល់សកល។ គេជាម្ចាស់ជើងឯក ISKA European Kickboxing Champion ពោរពេញដោយបទពិសោធន៍ និងមានបំណងផ្ដួលគូប្រកួតទៀតផង។
តើកីឡាករក្មេងឬវ័យចាស់មានប្រៀបក្នុងការប្រកួតនេះ?
#4 គូប្រកួតផ្សេងៗទៀត
គូប្រកួតផ្សេងៗទៀតសុទ្ធតែមានសក្ដានុពលខិតជិតទៅដណ្ដើមខ្សែក្រវាត់ពិភពលោក។
Zebaztian “The Bandit” Kadestam ដែលជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Welterweight នឹងត្រលប់មកវិញជួបកីឡាកររុស្សីមិនដែលចាញ់ Gadzhimurad Abdulaev។
លើសពីនេះទៅទៀត ជើងខ្លាំងលំដាប់លេខ២ Meng Bo នឹងប៉ះ Samara “Marituba” Santos អតីតគូប្រជែងខ្សែក្រវាត់ ONE Women’s Strawweight ក្នុងគូសំខាន់នៃទម្ងន់ atomweight ។ រីឯ Lito “Thunder Kid” Adiwang ជួប “Wolf of the Grasslands” Hexigetu។
Kadestam, Meng, និង Adiwang កំពុងស្វែងរកចំណុចកំពូល ខណៈដែល គូប្រជែងក៏កំពុងរៀបជើងព្រួលដើម្បីផ្ដួលគូបដិបក្ខដូចគ្នាក្នុងដំណោះឆ្ពោះទៅរកជ័យជម្នះនាថ្ងៃទី ២២ ខែ មករា។
#5 ការចាប់ផ្ដើមដ៏ស្រស់បំព្រង
មនុស្សជុំវិញពិភពលោកមានអារម្មណ៍ថាជះឥទ្ធិពលដោយសារកូវីដ-១៩ នៅឆ្នាំ២០២០។ ប៉ុន្តែពេលនេះហាក់មានពន្លឺឡើងវិញ ព្រោះអត្តពលិក និងអ្នកគាំទ្រហាក់បីដូចកំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍ធំៗជាច្រើន និង ការចាប់គូដ៏ល្អបំផុតនៅសង្វៀនលំដាប់ពិភពលោកនាឆ្នាំនេះ។
ONE Championship ត្រូវបានបង្ខំឲ្យផ្អាកព្រឹត្តិការណ៍មួយចំនួនដោយសារតែមេរោគឆ្លងប៉ុន្តែ កម្មវិធីប្រកួតបានត្រលប់មកវិញនៅឆមាសទី២នៃឆ្នាំ២០២០ ជាមួយនឹងលទ្ធផលផ្លែផ្កាជាច្រើន។
ជាថ្មីម្ដងទៀត សង្វៀនលំដាប់ពិភពលោក គ្រោងចាប់ផ្ដើមឆ្នាំថ្មីដ៏ស្រស់បំព្រងតាមរយៈព្រឹត្តិការណ៍ដំបូងឈ្មោះ ONE: UNBREAKABLE។ តើការចាប់ផ្ដើមឆ្នាំ២០២១ នឹងផ្ទុះឡើងកម្រិតណា?
ចុចអាន: How Muay Thai Gave Alaverdi Ramazanov A Purpose In Life