Features

ហេតុផល​៥​យ៉ាង​បញ្ជាក់​ថា Marat Grigorian សង្ឃឹម​ខ្ពស់​ជាង​គេ​កម្មវិធី​ខ្សែ​ក្រវាត់ GP

ទោះ​ជា​កម្មវិធី​​ប្រកួត​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight Kickboxing World Grand Prix ប្រជុំ​ដោយ​ជើង​ខ្លាំង​មក​ពី​ជុំ​វិញ​ពិភព​លោក ប៉ុន្តែ​កីឡាករ Marat Grigorian ជា​បេក្ខភាព​ម្នាក់​ដែល​ត្រូវ​បាន​គេសង្ឃឹម​ថា មានភាព​រយ​ខ្ពស់ជាង​គេ។

កីឡាករ​អាមេនី​ត្រូវ​ជួប​នឹង​ខ្លា​ចាស់​ហុល្លង់ Andy “Souwer Power” Souwer ក្នុង​វគ្គ​៨​នាក់​ដំបូង​នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: FIRST STRIKE នា​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ នៅ​ប្រទេស​សិង្ហបុរី​។ អ្នក​វិភាគ ក៏​ដូច​ជា​អ្នក​គាំទ្រ​ភាគ​ច្រើន​សង្ឃឹម​លើ​រូប​គេ​ក្នុង​ការ​គ្រង​ខ្សែ​ក្រវាត់​​ប្រាក់​នេះ។

យើង​ខ្ញុំ​សូម​លើក​យក​ហេតុផល​៥​យ៉ាង​ដែលពី Marat ដែល​អាច​ជា​កីឡាករ​មាន​សង្ឃឹម​ខ្ពស់​ជាង​បេក្ខភាព​៧​នាក់​ផ្សេង​ទៀត​ដែល​ប្រជែង Grand Prix។

ទី១៖ កណ្តាប់​ដៃ​មហា​ទម្ងន់

កីឡាករហាត់​នៅ​ក្លឹប Hemmers Gym ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ពី​កណ្តាប់​ដៃ​ដ៏​មាន​ប្រសិទ្ធភាព។ ​ឆ្លង​កាត់​ឡើង​សង្វៀន​ទទួល​បាន​ជ័យ​៦៤​ដង រូប​គេ​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៣៧​ដង​ដែលភាគ​ចក្រើន​កើត​ឡើង​តាម​រយៈ​កណ្តាប់​ដៃ។ កីឡាករ​វ៍័យ​៣០​ឆ្នាំប្រើ​កណ្តាប់​វ៉ៃ​បុក និង​អុកពីកូថ​បាន​ល្អ​ណាស់​នៅ​ពេល​ចូល​កៀក​ដៃ​គូ ហើយ​ទម្ងន់​ដៃ​របស់​គេ​ប្រៀប​ដូច​ជា​ញញួរ​ដែក​អីចឹង។ ជាក់​ស្តែង រូប​គេ​ធ្លាប់​ផ្តួលជើង​ខ្លាំង Superbon ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​កាល​ពី​ឆ្នាំ​២០១៨។

ទី​២៖ វ៉ៃ​ដាក់​សម្ពាធ​​​ដៃ​គូ​ស្ទើរ​ដក​ឃ្លា​មិន​បាន

Kickboxers Marat Grigorian and Ivan Kondratev fight at ONE: BIG BANG

និយាយ​ពី​កណ្តាប់​ដៃ​របស់ Grigorian មាន​ទម្ងន់ និង​ចំ​គោល​ដ៏​ប្រសិទ្ធភាពហើយ ប៉ុន្តែ​ចរឹត​របស់​គេ​គឺ​ជា​អ្នក​ប្រយុទ្ធ​ពិត​ៗ។ រាល់​ការ​ប្រកួត​រូប​គេ​កម្រ​ដើរ​ថយ​ក្រោយ​ ឬ​ទប់​ដើម្បី​វាយ​បក​ណាស់។ ផ្ទុយ​ទៅ​វិញ រូប​គេ​ជា​អ្នក​ដើរ​ចូល ហើយ​បើក​ការ​វាយ​លុក​តែ​ម្តង។ និយាយ​ទៅ​ស្ទើរ​គ្មាន​វិនាទី​ណា​ដែល​រូប​គេ​បន្ធូរ​ដៃ​ឡើយ​ពោល​គឺ​ដាក់​គំនាប​ខ្លាំង​ដែល​ពេល​ខ្លះ​ដៃ​គូ​ស្ទើរ​រក​ឱកាស​ត្រៀម​ខ្លួនឲ្យ​ស្រួល​មិន​បាន។ ស្មារតី​ប្រយុទ្ធ​បែប​នេះ​ហើយ​ដែល​ដៃគូ​ខ្លាច។ 



ទី​៣៖ រន្ទះ​ជើង​ផ្តាច់​ព្រលឹង

ក្រៅ​ពីកណ្តាប់​ដៃ​ពិឃាត Grigorian ក៏​ទាត់​បាន​ល្អ​ទាំង​ឆ្វេង និង​ស្តាំ ហើយ​ទាត់​បាន​ទាំង​លើ និង​ក្រោម។ អ្នក​គាំទ្រ​ខ្លះ​បាន​ហៅ​រូប​គេ​ថា​ជា រន្ទះ​ជើង​ផ្តាច់​ព្រលឹង ពី​ព្រោះ​ធ្ងន់ និងច្បាស់​គោល​ដៅ។ ដៃ​គូ​ពិបាក​ទប់​ទល់​ណាស់​នៅ​ពេល​រូប​គេ​ដើរ​ចូល ហើយ​ចេញ​ទាំង​រន្ទះ​ជើង និង​កណ្តាប់​ដៃ។  

ទី​៤៖ ឆ្លាប់​ឆ្លង​កាត់​ដៃ​គូ​ខ្លាំង​ៗ​ច្រើន​នាក់

Kickboxers Marat Grigorian and Ivan Kondratev fight at ONE: BIG BANG

កត្តាសំខាន់​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ Grigorian ដើរ​ឆ្ពោះ​ទៅ​រក​ដៃ​គូ​ដោយ​មាន​ទំនុក​ចិត្ត​នោះ​គឺ​​រូប​គេ​ធ្លាប់​បាន​ឆ្លង​កាត់​ដៃ​គូ​ខ្លាំង​ៗ​ជុំ​វិញ​ពិភព​លោក។ ក្នុង​ចំណោម​អាជីពឡើង​សង្វៀន​៧៧​ដង​គិត​ចាប់​ពី​ឆ្នាំ​២០០៨​មក រូប​គេ​បាន​​ជួប​​ដៃ​គូ​ខ្លាំង​ៗ​ច្រើន​នាក់​ហើយ​ក្នុង​នោះ​​អ្នក​ប្រដាល់​កុំព្យួទ័រ​របស់ថៃ  Yodsanklai IWE Fairtex, Sitthichai, Chingiz Allazov និង​អ្នក​ប្រដាល់​ឆ្នើម​​ផ្សេង​ៗ​ទៀត។ ដូច្នេះ​អាចនិយាយ​ថា ក្នុង​ចំណោម​បេក្ខភាព​៧​នាក់​ផ្សេង​ទៀត​ក្នុង​កម្មវិធី​ខ្សែ​​ក្រវាត់​នេះ​ដូច​ជា​មិន​មាន​អ្វី​ថ្មី​សម្រាប់​គេ​ឡើយ។  ទី​៥៖ វ៉ៃ​ដង​ខ្លួន​ដូច​ព្យុះ

ទី៥៖ វ៉ៃ​បុក​ដង​ខ្លួន​ដូច​ព្យុះ

នៅ​ពេល​ដៃគូ​ហ៊ាន​តតាំង​ជា​មួយ Grigorian ច្បាស់​ណាស់​នឹង​ទទួល​រង​សម្ពាធ​ធ្ងន់​ពី​រូប​គេ ហើយ​មិនយូរ​ទេ​នឹង​ដក​ឃ្លា​ថយ​ក្រោយ​ហើយ។ ជាក់​ស្តែង​ ជើង​ខ្លាំង​រុស្ស៊ី Ivan Kondratev បាន​ព្យាយាម​ដាក់​សម្ពាធ​តាម​រយៈ​ឡើង​ជង្គង់​ហោះលើ​កីឡាករ​អាមេនី​រូប​នេះ ប៉ុន្តែ​បែរ​ជា​ទទួល​រង​ធ្ងន់​ធ្ងរ​វិញ​ក្នុង​ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍ ONE: BIG BANG កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។

Grigorian បាន​ប្រើ​កណ្តាប់​ដៃ​វ៉ៃ​បក​លើ​ដង ហើយ​បានត្រឹម​ទឹក​ទី​២​ប៉ុណ្ណោះ Kondratev សន្លប់​ដោយ​សារ​កណ្តាប់​ដៃ​ត្រូវ​ពោះ។ ជាមួយ​គ្នា​នេះ ជើង​ខ្លាំង​ថៃ Sitthichai ក៏​ស្គាល់​បរាជ័យ​ ក្រោម​កណ្តាប់​ដៃ​ព្យុះ​ភ្លៀង​លើ​ដង​ខ្លួន៕

អាន​បន្ថែម: 5 ហេតុ​ផល​៥​យ៉ាង​ដែល​នឹង​ជក់​ចិត្ត​ពី​ព្រឹត្តិការណ៍ខ្សែ​ក្រវាត់ Featherweight Kickboxing Grand Prix

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។