Features

ឪពុកម្តាយលែងលះ ជំរុញឲ្យ ចាន់ សំអាត ដើរចូលសង្វៀនប្រដាល់

10/07/2020

កីឡាករប្រដាល់ ចាន់ សំអាត បានប្រឡូកចូលក្នុងពិភពប្រដាល់រយៈពេលជាង១០ឆ្នាំហើយដែលធ្វើឲ្យរូបគេមានគំនិតភ្លឺស្វាង និងជីវិតរស់នៅក៏សមរម្យ ថ្វីបើរូបគេមិនមែនស្ថិតក្នុងចំណោមកីឡាករប្រដាល់ល្បីៗឈានមុខក៏ដោយ។

ចាន់ សំអាត និង​ភរិយា

ប្រកួតគុនចម្រុះឈ្នះ១២ដ ចាញ់៨ដង ចាន់ សំអាត កើតមនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៣ នៅភូមិ សរសី ឃ្មុំត្បូង ស្រុកបន្ទាយស្រី សៀមរាប ដែលមានឪពុកឈ្មោះ ធាន អុល ជាអតីតនាយទាហាន និងម្តាយឈ្មោះ កុយ រឿន ដែលមានមុខនៅផ្ទះ។ រូបគេជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១)។

អ្នកប្រដាល់រូបនេះបានរៀបរាប់ពីដំណើរជីវិតគ្រួសារថា ថ្វីបើរូបគេមានដើមកំណើតនៅខេត្តសៀមរាប ប៉ុន្តែធំដឹងនៅខេត្តឧត្តរមានជ័យ។ កាលរូបគេអាយុប្រហែលជា៥ឬ៦ឆ្នាំ ឪពុកម្តាយរបស់គេបានផ្លាស់ទីលំនៅពីខេត្តសៀមរាប ទៅរស់នៅភូមិទួលក្រឡាញ ឃុំខ្លាត ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។ ឪពុករបស់គេធ្វើទាហារ និងធ្វើស្រែចម្ការ ដូច្នេះជីវិតរស់នៅមិនលំបាកខ្លាំងប៉ុន្មានឡើយ។
ទោះបីជាយ៉ាងណា រូបគេ និងប្អូនៗជួបការលំបាកខ្លាំងនៅពេលដែលឪពុកបានលាកចាកលោកនៅពេលរូបគេអាយុ១៥ឆ្នាំ ខណៈម្តាយរបស់ខ្លួនក៏មានស្វាមីថ្មី។ ពេលនោះរូបគេវ័យកាន់តែច្រើនហើយ ដូច្នេះរូបគេបានសម្រេចធ្វើអ្វីមួយដើម្បីរកលុយចាយខ្លួនឯង និងជួយប្អូនៗ។

ចាន់ សំអាត ឈ្នះ​ខ្សែក្រវាត់​ KWC

សំអាតប្រាប់ថា «ខ្ញុំពិតជាស្រលាញ់ប្រដាល់ណាស់ អីចឹងប្រហែល១៧ឆ្នាំ ខ្ញុំបានហាត់ប្រដាល់ និងបានវ៉ៃតាមបុណ្យទាន រកលុយចាយ។ តែពេលខ្ញុំនោះ ខ្ញុំចេះតែហាត់មិនច្បាស់លាស់ទេ ព្រោះអត់មានក្លឹបហាត់ ឬហាត់ជាមួយនរណា»។

ប្រហែលជាឆ្នាំ២០០៨ មានបងប្រុសម្នាក់បានឃើញរូបគេចូលចិត្តប្រដាល់ក៏យកមកឲ្យហាត់នៅភ្នំពេញ ប៉ុន្តែមិនមែនមកហាត់ជាប់លាប់យូរអង្វែងទេ។ «ខ្ញុំបានហាត់ជាមួយលោកគ្រូ ឡោ វុទ្ធី នៅក្លឹបកងពលលេខ៣ប្រាសាទព្រះវិហារ។ ពេលហាត់បានមួយរយៈពេល ខ្ញុំបានវ៉ៃគូចុងក្រោយ គឺគូអត់ផ្សាយផ្ទាល់តាមទូរទស្សន៍។ គ្មាននរណាស្គាល់ខ្ញុំទេដំបូងៗ»។

អ្វីដែលកាត់តែកម្សត់ ប៉ុន្តែទឹកចិត្តស្រឡាញ់នោះគឺ វ៉ៃដំបូងៗបានលុយមិនគ្រប់សម្រាប់អាហារ និងធ្វើដំណើរទៅខេត្តឧត្តរមានជ័យវិញផង។ «វ៉ៃគូចុងក្រោយបានលុយមិនច្រើនទេ។ ពេលខ្លះមិនគ្រប់ចំណាយលើអាហារ និងថ្លៃឡានធ្វើដំណើរទៅមកពីខេត្តឆ្ងាយផង»។ នេះជាការបញ្ជាក់របស់ ចាន់ សំអាត ប៉ុន្តែចិត្តស្រឡាញ់គឺមិនបោះបង់។

បន្ទាប់ពីមានកេរ្តិ៍ឈ្មោះគួរសមក៏បានវ៉ៃគូសំខាន់ៗដែលធ្វើឲ្យរូបគេអាចរកលុយសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបាន។ ជាពិសេសរូបគេបានចូលរួមហ្វឹកហាត់នៅជំរំគុនចម្រុះ និងប្រកួតជើងឯកគុនចម្រុះបាន២រដូវកាលនៅទូរទស្សន៍ CTN។

ចាន់ សំអាត ទទួលបានចំណាត់ថ្នាក់លេខ៣នៃការប្រកួតគុនចម្រុះ KWC រដូវកាលទី១នៅឆ្នាំ២០១៣ និងទទួលបានចំណាត់ថ្នាក់​លេខ​១​ជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនៅរដូវកាលទី៣។ នេះជាសមិទ្ធផលធំបំផុតក្នុងអាជីពប្រដាល់គុនចម្រុះរបស់ខ្លួន ប៉ុន្តែប្រដាល់គុនខ្មែរមិនធ្លាប់បានខ្សែក្រវាត់ទេដោយធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងក្នុងការប្រកួតខ្សែក្រវាត់នៅសង្វៀនអាស៊ីអាគ្នេយ៍កាលពីដើមឆ្នាំ២០១៩។

ចាន់ សំអាត (ឈរ) វ៉ៃនៅ ONE Super Series

ដោយសារធ្លាប់ប្រឡូកក្នុងឆាកគុនចម្រុះរហូតឈ្នះជើងឯកទើបធ្វើឲ្យ ចាន់ សំអាត មានមុខប្រកួតនៅសង្វៀនធំអន្តរជាតិ ONE Championship ប៉ុន្តែពេលនោះបានចាញ់កីឡាករ មាស ម៉ើ នៅឆ្នាំ២០១៥ដែលព្រឹត្តិការណ៍ររៀបចំការប្រកួតនៅប្រទេសកម្ពុជា ONE Championship: Kindom of Khmer។ បន្ទាប់មករូបគេបានប្រកួតនៅកម្មវិធី ONE Warrior Series របស់ស្ថាប័ន៣ដងទៀតគឺសិង្ហបុរី២ដង និងនៅជប៉ុន១ដងដែលលទ្ធផលគឺឈ្នះ១ និងចាញ់២។ ជាមួយគ្នានេះ ចាន់ សំអាត ធ្លាប់ទៅប្រកួតក្នុងទ្រុងនៅប្រទេសថៃគឺ SMD បាន២ដង ក្នុងនោះឈ្នះ១ដង និងចាញ់១ដង។

ចាន់ សំអាត ដែលប្រកួនគុនខ្មែរប្រហែល១៣០ដង (ឈ្នះ៨០ដង ចាញ់៣៨ដង និងស្មើ១២ដង) បានរៀបការជាមួយអ្នកនាង សាន ឆេងហួង កាលពីឆ្នាំ២០១២ដែលពេលនេះទទួលបានកូន២នាក់គឺ កូនទី១ប្រុសអាយុ៧ឆ្នាំ និងកូនទី២ស្រីអាយុ៥ឆ្នាំហើយ។ ភរិយារបស់ខ្លួនធ្វើការនៅអង្កការក្រៅរដ្ឋាភិបាលផ្នែកជួយអប់រំសុខភាពសហគមន៍។

អ្នកលេងគុនចម្រុះម្នាក់នេះនិយាយថា ៖«ទោះជាខ្ញុំមិនមែនជាកីឡាករល្បីជួរមុខ តែសម្រាប់គុនខ្មែរពិតជាមានន័យណាស់សម្រាប់ខ្ញុំ។ ប្រដាល់បានផ្តល់ឲ្យខ្ញុំមានតម្លៃក្នុងសង្គម។ ផ្តល់ឲ្យខ្ញុំមានជីវភាពរស់នៅសមរម្យដូចគេឯង។ ប្រដាល់ជួយខ្ញុំមានសុខភាពល្អមាំមាំ។ ទោះជាខ្ញុំក្រ ឬមានគឺក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រដាល់គុនខ្មែរមានតម្លៃសម្រាប់ខ្ញុំបំផុត»។

ចាន់ សំអាត បន្តថា នេះជាឱកាសសម្រាប់រូបគេអាចរកចំណូលបានពីប្រដាល់ ដូច្នេះការសន្សំសំចៃ និងកែច្នៃលុយពីប្រដាល់គឺជារឿងសំខាន់។

ចាន់ សំអាត ជាមួយអ្នក​ប្រដាល់​ខ្មែរ (ពី​ឆ្វេង៖ ចាន់ រតនា, វី ស្រីខូច, នៅ ស្រីពៅ, ចាន់ សំអាត, អេ យ៉ានុត និង​គ្រូ ហ៊ុន ចាន់រាជ្យ

«ទោះបានតិចក្តី ច្រើនក្តីគឺយើងត្រូវចេះសន្សំទុកដាក់។ ខ្ញុំនិងប្រពន្ធបានយកលុយទៅចងការគេដើម្បីទុកទៅថ្ងៃក្រោយ ក៏ដូចជាសន្សំប្រើប្រាស់ផ្សេងៗ។ ខ្ញុំមិនហ៊ានយកលុយពីប្រដាល់ទៅចាយសប្បាយហួសហេតុ ប្រើប្រាស់សម្ភារៈទំនើប ហឺហារទេ»។ បើទោះជារកចំណូលបានច្រើនយ៉ាងណាក៏ដោយ បើមិនចេះសន្សំទុកដាក់ទេគឺគ្មានសល់ទេ។

តាមចិត្តចង់ ចាន់ សំអាត អាចនឹងធ្វើជាគ្រូបង្ហាត់ ឬបើកក្លឹបប្រដាល់ផ្ទាល់ខ្លួននៅពេលរូបគេប្រកួតលែងកើត ប៉ុន្តែអ្វីៗមិនទាន់ប្រាកដក្នុងចិត្តទេ ពីព្រោះអាចនឹងធ្វើការងាររកស៊ីផ្សេងទៀត៕

ចាន់ សំអាត ថត​ភាពយន្ត