Features

មិន​ធម្មតា ស៊ឹម ប៊ុនស៊្រន់ រកស៊ីដំបូងមានទុន១ពាន់ដុល្លារ តែឥឡូវកើនដល់៧ម៉ឺនដុល្លារ

08/07/2020

ស៊ឹម ប៊ុនស្រ៊ន ជាម្ចាស់ខ្សែក្រវាត់ប្រដាល់ក្នុងទ្រុង Khmer Warrior Championship រដូវកាលទី៣ និងបានធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍នៅពេលរូបគេលេចមុខលើឆាកប្រកួតអន្តរជាតិ ONE Championship

ស៊ឹម ប៊ុនស្រ៊ន់ ពេល​ឈ្នះ​កីឡាករ​ចិន Pengshuai Liu

កីឡាករដើមកំណើតខេត្តកំពង់ចាមរូបនេះបានបង្កើតកំណត់ត្រាជ័យជម្នះលើកីឡាករបរទេសលើកដំបូងនៅស្ថាប័ន ONE Championship នៅពេលរូបគេបានយកឈ្នះកីឡាករចិន Pengshuai Liu កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍ ONE : Age of Domination នៅប្រទេសហ្វីលីពីន។ ជ័យជម្នះនេះហើយធ្វើឲ្យរូបគេបានរបួសបាក់ប្រអប់ដៃ ហើយសម្រាកព្យាបាលរយៈពេលយូរ។

ក្រោយជាសះស្បើយ ស៊ឹម ប៊ុនស៊្រន់ បានហក់ចូលសង្វៀនគុនចម្រុះក្នុងទ្រុងធំលំដាប់ពិភពលោកនេះវិញ ប៉ុន្តែ២ប្រកួតចុងក្រោយមិនទទួលបានលទ្ធផលល្អប្រសើរឡើយក្នុងនោះចាញ់កីឡាករឥណ្ឌូណេស៊ី Stefer Rahardian និងកីឡាករចិន Li Tao Miao ក្នុងឆ្នាំ២០១៧។
ដោយសារឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ កីឡាកររូបនេះមានគំនិតរកស៊ីផ្ទាល់ខ្លួន។  ប៊ុនស៊្រន់និយាយថា ៖«ខ្ញុំស្អប់ភាពក្រីក្រ។ ខ្ញុំស្អប់ពាក្យគេថា ខ្ញុំធ្វើអីមិនកើត។ អីចឹងខ្ញុំមានគំនិតរកស៊ីផ្ទាល់ខ្លួនដោយបើក«កសិដ្ឋានបណ្តុះកូនឈើ»កាលពីចុងឆ្នាំ២០១៨»។

កីឡាករ ស៊ឹម ប៊ុនស្រ៊ន់

អ្នកលេងគុនខ្មែររូបនេះធ្លាប់មានបទពិសោធន៍ធ្វើការឲ្យគេនៅកសិដ្ឋានបណ្តុះកូនឈើ ដូច្នេះហើយទើបបានរូបគេស្រឡាញ់ការងារនេះ និងយល់ដឹងពីទីផ្សារច្រើន។ កីឡាករបានជួលដីគេមួយកន្លែងចុះពីផ្លូវជាតិលេខ៦ប្រហែលជា១០០ម៉ែត្រ (ម្តុំផ្លូវវាងរង្វង់មូលស្គន់)ទំហំប្រហែលជា២ហិចតា។

ស៊ឹម ប៊ុនស្រ៊ន់ បានឲ្យដឹងថា ៖«ដំបូងឡើយ ខ្ញុំចាប់ផ្តើមរកស៊ីនេះមានដើមទុនប្រហែលជា១ពាន់ដុល្លារទេ ប៉ុន្តែក្រោយបើកដំណើរ មានអតិថិជនមករកទិញកូនឈើច្រើន។ អីចឹងខ្ញុំបានប្រើលុយបង្កើនលុយជាបន្តបន្ទាប់ដែលរហូតដល់ឆ្នាំ២០២០នេះ បើគិតជាដើមទុនសរុបប្រហែលជា៦ទៅ៧ម៉ឺនដុល្លារអាមេរិក»។

«ខែខ្លះមានអតិថិជនត្រូវការកូនឈើ ឬដើមឈើដំណាំហូបផ្លែច្រើន ខ្ញុំអាចរកចំណូលបាន៥ទៅ៦ពាន់ដុល្លារអាមេរិកក្នុងមួយខែ តែខែខ្លះមិនសូវមានអតិថិជន ក៏អាចរកលុយបាន២ទៅ៣ពាន់ដុល្លារអាមេរិកដែរ»។ ស៊ឹម ប៊ុនស៊្រន់ បានប្រាប់ពីចំណូល និងបានបញ្ជាក់ថា បញ្ហាប្រឈមមិនសូវមានទេ ខណៈកូនឈើកាន់តែធំ កាន់តែថ្លៃ។

«និយាយទៅ ហានិភ័យដូចគ្មានទេ។ បើកូនឈើលក់អត់ដាច់ កូនឈើកាន់តែធំ កាន់តែបានថ្លៃ។ រាល់ថ្ងៃហ្នឹង កន្លែងខ្ញុំរកកូនឈើលក់ឲ្យគេសឹងមិនគ្រប់ផង»។

ស៊ឹម ប៊ុនស៊្រន់ នៅ​ក្នុង​កសិដ្ឋាន​របស់​ខ្លួន

ម្ចាស់ខ្សែក្រវាត់ KWC បានឲ្យដឹងថា កសិដ្ឋានបណ្តះកូនឈើរបស់ខ្លួនមានកូនឈើ និងដំណាំហូបផ្លែជាច្រើនប្រភេទដែលគ្រាប់ពូជនាំយកមកពីប្រទេសចិន និងកូនឈើហូបផ្លែនាំយកមកពីប្រទេសថៃ។ តាមផែនការរូបគេនឹងពង្រីក កសិដ្ឋានឲ្យកាន់តែធំដែលមានកូនឈើ និងកូនឈើហូបផ្លែរាប់លានដើម និងដើមទុនអាចកើនដល់ខ្ទង់សែនដុល្លារអាមេរិកថែមទៀត៕

កសិដ្ឋាន​បណ្តុះ​កូន​ឈើ​របស់ ស៊ឹម ប៊្រុនស៊្រន់

កសិដ្ឋាន​បណ្តុះ​កូន​ឈើ​របស់ ស៊ឹម ប៊្រុនស៊្រន់