Features

ផ្តើមពីលុយ៣ម៉ឺនរៀល ធ្វើឲ្យ សុខ ធី ក្លាយ​ជា​ជើង​ខ្លាំង​គុនខ្មែរលើឆាកអន្តរជាតិ

20/07/2020

អ្នកលេងគុនខ្មែរ សុខ ធី ហៅ កាកា ជាកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញនៅលើឆាកអន្តរជាតិតាមរយៈស្ថាប័នប្រដាល់ ONE Championship ប៉ុន្តែមុនពេលមានកេរ្តិ៍ឈ្មោះល្បីល្បាញ កីឡាករមាឌល្អិតចិត្តក្លាហានបានឆ្លងកាត់ឧបសគ្គ និងវេទនាជាច្រើនតាំងពីកុមារភាពទាំងនៅលើទឹកដីប្រទេសកំណើត និងនៅលើទឹកដីប្រទេសថៃ។

សុខ ធី ទើបអាយុ២៣ឆ្នាំដែលមានដើមកំណើតនៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ស្ថិតក្នុងគ្រួសារក្រីក្រ រូបគេជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ (ប្រុសទាំង៣) ដែលមានឪពុកឈ្មោះ សុខ ញិល និងម្តាយឈ្មោះ ពឹង រុំ។  ជីវភាពគ្រួសាររបស់គេភាគច្រើនពឹងលើការងារសំណង់នៅប្រទេសថៃ។

កីឡាករ​គុន​ខ្មែរ សុខ ធី

កាលពីកុមារភាព សុខ ធី បានចូលរៀននៅសាលាបឋមសិក្សាវត្តអូរប្រាសាទ ប៉ុន្តែរៀនបានត្រឹមតែថ្នាក់ទី៤ប៉ុណ្ណោះក៏បោះចោលសាលាទាំងអាយុមិនទាន់ដល់១០ឆ្នាំផង។ ដោយសារដើរទាត់ខ្យល់ក្រោយពេលឈប់រៀនឪពុកម្តាយរបស់គេក៏បានយកទៅរស់នៅជាមួយឯប្រទេសថៃនៅពេលឪពុកម្តាយរបស់គេទៅធ្វើកម្មករសំណង់នៅទីនោះ។ ការរស់នៅប្រទេសថៃ សុខ ធី ក៏បានចូលរៀននៅសាលារដ្ឋរបស់ថៃ និងចេះនិយាយភាសាថៃបានយ៉ាងល្អ។

លុយ៣ម៉ឺនរៀលធ្វើឲ្យរូបគេជាប់ចិត្តគុនខ្មែរ

លោក សុខ ញិល ឪពុករបស់ សុខ ធី បានទម្លាយឲ្យដឹងថា ជីវភាពគ្រួសាររបស់លោកមានការលំបាកខ្លាំង។ លោកបានខិតខំធ្វើការសំណងដើម្បីរកលុយចិញ្ចឹមគ្រួសារ ប៉ុន្តែមិនគ្រប់គ្រាន់ទេ សម្ភារៈប្រើប្រាស់ក៏គ្មាន លុយក៏គ្មានចាយ សូម្បីតែឲ្យលុយកូនទៅរៀនក៏គ្មាន។ អីចឹងហើយបានជាកូនៗរបស់លោកមិនបានរៀនសូត្រច្រើនឡើយ។

លោក និងប្រពន្ធបានសម្រេចដើរផ្សងព្រេងទៅធ្វើជាកម្មករសំណង់នៅជាយដែន និងប្រទេសថៃ។ ពេលនោះលោកមិនចង់យកកូនទៅថៃទាំងវ័យក្មេងទេ ប៉ុន្តែនៅផ្ទះគ្មានអ្នកមើលថែ ហើយកូនឈប់រៀនទាំងនៅក្មេង ដូច្នេះលោកក៏បានយកកូនៗទៅប្រទេសថៃជាមួយ។

មុនពេលលោកទៅប្រទេសថៃ សុខ ធី ធ្លាប់បានប្រកួតជាច្រើនលើករួចមកហើយក្នុងពិធីបុណ្យទានតាមវត្ត និងក្នុងភូមិនានាតាំងពីអាយុ៦ឆ្នាំ។  ពេលមួយនោះបងប្រុសរបស់គេគឺ សុខ រិទ្ធិ បានប្រកួតក្នុងពិធីបុណ្យ និងទទួលបានប្រាក់ប្រហែលជា៣ម៉ឺនរៀល។ ដោយសារឪពុកម្តាយគ្មានលុយឲ្យរូបគេចាយ និងចង់បានលុយចាយច្រើន រូបគេក៏បានប្រកួតដែរ ប៉ុន្តែមិនដែលឈ្នះគេសោះ។ ទោះជាមិនទទួលបានលទ្ធផលល្អ ក៏មូលហេតុដំបូងដែលជំរុញឲ្យរូបគេស្រឡាញ់កីឡាប្រដាល់គុនខ្មែរទាំងនៅក្មេងមិនទាន់ស្គាល់ពិភពប្រដាល់យ៉ាងណាផង។

សុខ ធី (ឆ្វេង) ពេល​វ៉ៃ​ជាមួយ Lerdsila (ស្តាំ)

កេរ្តិ៍ឈ្មោះល្បីផ្តើមចេញពីក្រៅប្រទេស

ការទៅរស់នៅជាមួយឪពុកម្តាយនៅប្រទេសថៃនោះហើយជាឱកាសធ្វើឲ្យរូបគេបោះជំហានចូលពិភពប្រដាល់ជាប់លាប់។ សុខ ធី បានប្រាប់ថា នៅប្រទេសថៃទាំងខ្លួនក្មេងខ្ចីធ្វើអ្វីមិនបានដើម្បីជួយដល់គ្រួសារ រូបគេបានទៅហាត់ប្រដាល់ក្លឹបមួយដែលថៅកែរបស់ឪពុកបានស្គាល់ម្ចាស់ក្លឹបហាត់ប្រដាល់។

សុខ ធី ប្រាប់ថា ៖«ដំបូងឡើយ ខ្ញុំពិតជាវេទនាណាស់ ពេលហាត់ម្តងៗ ចង់យំរាល់ថ្ងៃ ចង់ឈប់។ ខ្ញុំនៅក្មេង ខ្លួនតូច ហាត់ជាមួយសិស្សច្បងពិបាកណាស់»។

ក្រោយហ្វឹកហាត់បានមួយរយៈពេលមក សុខ ធី ត្រូវបានចាប់ឲ្យឡើងវ៉ៃនៅប្រទេសថៃដែលពេលនោះស្រុកខ្មែរមិនទាន់ស្គាល់រូបគេឡើយ។ ការឡើងប្រកួតដំបូងៗ រូបគេមិនទទួលបានប្រាក់កម្រៃច្រើនឡើយពោលគឺប្រហែលជា៣០០ទៅ៥០០បាតប៉ុណ្ណោះក្នុងមួយប្រកួត។  នៅពេលទទួលបានជ័យជម្នះជាបន្តបន្ទាប់ ទីផ្សាររបស់គេក៏កាន់តែធំទូលាយសម្រាប់សង្វៀនប្រដាល់ថៃ។ ពេលនោះហើយដែលរូបគេឡើងវ៉ៃទទួលបានប្រាក់កម្រៃច្រើនរាប់ម៉ឺនបាតរហូតសែនបាតក៏មាននៅពេលរូបគេឡើងប្រកួតសម្រាប់ការភ្នាល់លុយ និងប្រកួតខ្សែក្រវាត់ទៀតផង។

«ខ្ញុំបានដើរវ៉ៃស្ទើរគ្រប់សង្វៀនធំៗនៅប្រទេសថៃ មិនថានៅក្រុង ឬតាមខេត្តឡើយគឺវ៉ៃអស់ហើយ ព្រោះគេឃើញខ្ញុំល្អ គេចង់បានទៅវ៉ៃ»។ កីឡាករអាយុ២៣ឆ្នាំបាននិយាយបែបនេះ។ រូបគេជាកីឡាករកម្ពុជាទី១ដែលបានប្រកួតនៅសង្វៀនធំរបស់ប្រទេសថៃ Lumpinee Stadium និង Channel 7 Boxing Stadium ។

ជីវិតជោគជ័យនៅលើទឹកដីថៃនោះហើយជាឱកាសធ្វើឲ្យអ្នកគាំទ្រខ្មែរចាប់អារម្មណ៍រូបគេខ្លាំង និងចង់ឃើញរូបគេមកប្រកួតនៅប្រទេសកំណើត។ ក្រោយមក រូបគេបានមកប្រកួតនៅខ្មែរជាមួយកីឡាករខ្មែរដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គេកាន់តែល្បីខ្ទរខ្ទារ​ទូទាំងប្រទេសនៅពេលរូបគេបានយកឈ្នះជើងខ្លាំងខ្មែរ និងថៃស្ទើររាប់មិនអស់ហើយដែលប្រកួតនៅស្រុកខ្មែរ។

ជោគជ័យលើដីប្រទេសកំណើត

តាមរយៈសមត្ថភាពប្រកួតពោរពេញដោយបច្ចេកទេស សុខ ធី កម្រចាញ់ណាស់សម្រាប់ការប្រកួតទល់នឹងអ្នកឆ្លងដែនដែលមកប្រកួតនៅប្រទេសកម្ពុជា។  នៅឆ្នាំ២០១៨ រូបគេទទួលបានឱកាសចូលរួមប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរអន្តរជាតិនៅសង្វៀមបាយ័នដែលមានកីឡាករកម្ពុជា៤នាក់ និងកីឡាករបរទេស៤នាក់។ បន្ទាប់ពីប្រើពេលជាង៣ខែក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល វគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រ ទីបំផុត សុខ ធី បានក្លាយជាជើងឯកគុនខ្មែរអន្តរជាតិនៅលើទឹកដីប្រទេសកំណើត។

សុខ ធី ឈ្នះ​ក្រវាត់​គុនខ្មែរ​អន្តរជាតិ និង​ឪពុក​

ជាមួយគ្នានេះដែរ កំពូលអ្នកលេងគុនខ្មែរ សុខ ធី បានឈ្នះមេដាយមាសថ្នាក់ជាតិពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨។

កេរ្តិ៍ឈ្មោះល្បីលើឆាកអន្តរជាតិ ONE Championship

តាមរយៈបទពិសោធឈ្នះ២២៣ដង ចាញ់៣៦ និងស្មើ ១២ដង សុខ ធី បានជំហានចូលឆាកអន្តរជាតិគឺ ONE Championship ដែលជាសង្វៀនប្រដាល់ធំបំផុតនៅអាស៊ី និងលំដាប់ពិភពលោក។ រូបគេត្រូវបានផ្គូផ្គងឲ្យជួបខ្លាចាស់ថៃ Lerdsila Phuket Top Team ក្នុង​ព្រឹត្តិការណ៍ ONE : Pinnacle of Power ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នៅទីក្រុងម៉ាកាវ ប្រទេសចិន។ ពេលនោះគឺជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្រកម្ពុជា និងថៃ ដែលទីបំផុត សុខ ធី ចាញ់ពិន្ទុដោយទាំងចម្រូងចម្រាស ហើយរៀបចំឲ្យប្រកួតគ្នាម្តងទៀតនៅប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតលើកទី២គឺថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សុខ ធី ចាញ់ Lerdsila ដោយពិន្ទុ ក្នុង​ព្រឹត្តិការណ៍​ ONE : Warrior’s Dream

រឹតតែកក្រើកទៀតនោះគឺ​សិស្ស​របស់​ក្លឹប Cambodia Top Team មានឱកាសជួបប្រកួតជាមួយកំពូលអ្នកប្រដាល់ថៃលំដាប់ A ដែលគេហៅថា មនុស្សដែក Rodtang Jitmuangnon។ ការជួបជាមួយជើងខ្លាំងលំដាប់ប្រទេសរបស់ថៃនេះពិតជាលំបាកខ្លាំងសម្រាប់រូបគេដែលតស៊ូបានតែ២ទឹកប៉ុណ្ណោះ ក៏ទៅលែងរួច បន្ទាប់ពីត្រូវ Rodtang ទាត់ជើងក្រោមខ្លាំង។

សុខ ធី បានឲ្យដឹងថា ៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានប្រកួតនៅ ONE។ វាជាឱកាសដែលពលរដ្ឋកម្ពុជាពិតជាចង់ឃើញ និងចង់បង្ហាញពិភពលោកឲ្យស្គាល់គុនខ្មែរ»។

កីឡាករ​គុន​ខ្មែរ សុខ ធី

ដោយសារនៅក្មេង រូបគេនៅមានពេលវេលាច្រើនទៀតដើម្បីពង្រឹងសមត្ថភាព ជាពិសេសធ្វើយ៉ាងណាដើម្បីរកប្រាក់ជួយជីវភាពគ្រួសារដែលខ្វះខាតខ្លាំង។ «ឆន្ទៈរបស់ខ្ញុំគឺធ្វើយ៉ាងជួយឲ្យគ្រួសារខ្ញុំមានជីវិតរស់នៅល្អប្រសើរ។

សព្វថ្ងៃនេះ សុខ ធី កំពុងខិតខំហ្វឹកហាត់យ៉ាងខ្លាំងនៅប្រទេសថៃដែលជាកន្លែងរូបគេអភិវឌ្ឍខ្លួនក្លាយជាកីឡាករជោគជ័យម្នាក់។ ការខិតខំងហ្វឹកហាត់នេះដើម្បីត្រៀមខ្លួនប្រកួតនៅសង្វៀន ONE Championship ដែលគ្រោងដំណើរនាពេលខាងមុខ៕