Features

ខ្សែ​ជីវិត​របស់​កូន​ខ្មែរ​នៅ​អាមេរិក​​ អែម សុវណ្ណារី​ ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​ពិភព​ក្បាច់គុន

អែម សុវណ្ណារី ​​ឬ ​គេ​ស្គាល់​តាម​រយៈ​ឈ្មោះ​ក្រៅ​ “The Sweet Savage”​ ​បាន​បង្ហាញ​ខ្លួន​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​បង្ហាញ​​ខ្លួន​ដំបូង​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​នា​ពេល​កន្លង​មក។ សុវណ្ណារី​ ​​កំពុង​អភិវឌ្ឍ​អាជីព​​​​ក្បាច់​គុន​ចម្រុះ​របស់​​ខ្លួន ​បន្ទាប់​​​ពី​​ឈ្នះ​៣​លើក និង​ចាញ់​មួយ​លើក​គិត​ត្រឹម​​ពាក់​កណ្ដាល​ឆ្នាំ ២០២០​ នេះ។

អ្វី​​កាន់​តែ​ពិសេស​គឺ​ ​ជ័យជម្នះ​ ៣ ​លើក​​ដំបូង​បើ​បូក​​ថិរវេលា​​ចូល​គ្នា​មិន​​ដល់ ៣​នាទី​ផង​ ពោល​​​​សុទ្ធ​តែ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​អស់។ ​មុន​ពេល​​ប្រឡូក​ចូល​សង្វៀន​ ​ONE ​ សុវណ្ណារី ​មាន​ដំណើរ​ដើម​ទង​នៃ​ជីវិត​ឆ្លង​កាត់​ឧបសគ្គ​​រាប់​រយ​​​ទម្រាំ​​​បាន​​ដល់​ចំណុច​ដែល​​អ្នក​​គាំទ្រ​​កីឡា​នៅ​​កម្ពុជា​​ទទួល​ស្គាល់។

សុវណ្ណារី មាន​ឈាម​ជ័រ​​​ជា​ខ្មែរ

ជីដូន-​​​ជីតា​​និង​​ម្ដាយ​របស់​ អែម សុវណ្ណារី​ ​បាន​​ជម្លៀស​ខ្លួន​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​​ទសវត្ស​​​ឆ្នាំ​១៩៨០​។ សុវណ្ណារី​ ​​កើត​នៅ​ឆ្នាំ​១៩៩២​ ​​នា​ក្រុង​ ឡុងប៊ិច​ សហរដ្ឋ​អាមេរិក ​ដែល​ជា​ទី​ក្រុង​​​ធំ​ និង​ ​សម្បូរ​ដោយ​​​​​ពលរដ្ឋ​​ខ្មែរ​រស់​​នៅ​ទីនោះ​។ ​

កាល​នៅ​ក្មេង​ រូប​គេ​​​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ជីដូន ​និង​ជីតា​ដោយ​និយាយ​ភាសា​​​​​ដូន​តា​ គឺ​ ភាសា​ខ្មែរ​ដែល​ជួយ​ឲ្យ​រូប​គេ​​​បាន​ដឹង​ច្រើន​អំពី​កម្ពុជា។ ​សុវណ្ណារី​ រំលឹក​​ដូច្នេះ ៖«​យើង​បាន​មើល​ថែ​​​ជីតា និង ​ជីដូន ​ហើយ​ពួក​គាត់​និយាយ​តែ​ភាសា​ខ្មែរ​ ប៉ុណ្ណោះ។ ​ខ្ញុំ​និយាយ​ខ្មែរ​កាល​នៅ​ក្មេង​ ប៉ុន្តែ ខ្ញុំ​បាត់បង់​ភាសា​ដើម​​របស់​ខ្ញុំ​ពេល​ខ្ញុំ​កាន់​តែ​ធំ​ឡើង។ ​យើង​​​បាន​ដឹង​​​វប្បធម៌​ខ្មែរ​ជា​ច្រើន​ពី​​ប្រទេស​កម្ពុជា ​ពេល​ខ្ញុំ​នៅ​ក្មេង ​ព្រោះ​​ខ្ញុំ​ឧស្សាហ៍​ទៅ​​វត្ត​អារ៉ាម​, ញុំា​អាហារ​ខ្មែរ​ និង ស្ដាប់​​​ភ្លេង​ខ្មែរ​ទៀត​ផង»។

សុវណ្ណារី ​លែង​ចេះ​និយាយ​ភាសា​ខ្មែរ ​ព្រោះ​មិន​​មាន​ទំនាក់ទំនង​ជា​មួយ​ជីដូន និង ជីតា​របស់​ខ្លួន​ទៀត​ឡើយ​​ដោយ​សារ​ពួក​គេ​ទទួល​មរណភាព។ ​​​វា​ជា​រឿង​ដ៏​សោកសៅ​សម្រាប់​គ្រួសារ​ ព្រោះ​​តែ​ពេល​វេលា​មិន​ដូច​មុន​ដែល​​រស់​នៅ​ជុំ​គ្នា​​ល្អ​ជា​មួយ​​ពួក​​លោក​ទាំង​ពីរ​ និង​ អាច​និយាយ​ភាសា​​ដើម​បាន។

«​ពេល​ខ្ញុំ​កាន់​តែ​ធំ​ ​ជា​ពិសេស​ពេល​ខ្ញុំ​ផ្លាស់​​ចេញ​ពី​​ឡុងប៊ិច​ ​ខ្ញុំ​ទទួល​ស្គាល់​ថា​ វា​ដាច់​ទំនាក់ទំនង​ជា​មួយ​​ពល​រដ្ឋ​​​​មាន​ដើម​កំណើត​ខ្មែរ។ ​ខ្ញុំ​អត់​មាន​ទំនាក់ទំនង​ជា​​ជីដូន​ជីតា​​ដោយ​សារ​ពួក​គាត់​លា​​ចាក​ចោល​ពួក​យើង»។ ​កីឡាការិនី​សម្បុរ​ស្រអែម​​ បង្ហាញ​ភាព​សោក​ស្ដាយ។

ចូល​ហាត់​ប្រដាល់​សកល​ដំបូង

​សុវណ្ណារី​ ​ចូល​ចិត្ត​ក្បាច់​គុន​​តាំង​​នៅ​ក្មេង​និង​​ចូល​ចិត្ត​​លេង​ច្រើន​ ប៉ុន្តែ​ ​គ្រួសារ​របស់​គេ​មិន​​​មែន​ជា​អ្នក​ធូរធារ​នោះ​ទេ។ ​ដូច្នេះ​​ហើយ​ទើប សុវណ្ណារី ​មិន​មាន​​ឱកាស​​​​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​​​កីឡា​ ឬ ​ក្លិប​ប្រដាល់​ដូច​​ក្មេងៗ​​ដទៃ​នោះ​​ឡើយ។

កូន​ខ្មែរ​​កើត​នៅ​អាមេរិក​រូប​នេះ​មាន​ក្ដី​ស្រលាញ់​ក្បាច់​គុន​តាម​រយៈ​វីដេអូ​ហ្គេម និង ​ខ្សែ​​ភាព​យន្ត​ ប៉ុន្តែ​ ​ប៉ុន្តែ​គេ​គ្មាន​សិទ្ធិ​​ធ្វើ​អ្វី​ឲ្យ​​បាន​ច្រើន​លើស​ពី​ក្ដី​ស្រលាញ់​ឡើយ។ ​ឳ​ពុក​ម្ដាយ​របស់​​គេ​​​ក៏​គ្មាន​​លទ្ធភាព​ដើម្បី​ឲ្យ​កូន​ទៅ​ហ្វឹកហាត់​​ក្លិប​ផ្លូវ​ការ​ដែរ។

សុវណ្ណារី ​បាន​រៀបរាប់​​​​បែប​នេះ​ ​៖«​​​​ខ្ញុំ​អត់​មាន​មធ្យោបាយ​ដើម្បី​ហ្វឹកហាត់​ ឬ ​ធ្វើ​អ្វី​នោះ​​ទេ។ ​ខ្ញុំ​​ក៏​អត់​មាន​ជម្រើស​អ្វី​ដែរ…​អត់​មាន​ជម្រើស​ចូល​ហាត់​ទេ។ ​ ប៉ុន្តែ​វា​បាន​​ផ្លាស់​ប្ដូរ​ខ្ញុំ​រហូត​ដល់​​ពេល​​ខ្ញុំ​មាន​វ័យ​ ២០ ​ឆ្នាំ។ ​ ខ្ញុំ​​បាន​ហ្វឹកហាត់​​ប្រដាល់​សកល​​ដែល​ជា​វិធី​ធ្វើ​ឲ្យ​រាងកាយ​​​នៅ​ស្រឡូន​​ ​និង​​​​​មាំមួន​កម្លាំង​ខ្លាំងក្លា»។

ដំបូង​ឡើយ​ សុវណ្ណារី​ ​អត់​មាន​​​​​មហិច្ឆតា​​ដើម្បី​បន្ត​អាជីព​ផ្នែក​កីឡា​នេះ​ឲ្យ​រីក​​ចម្រើន​នោះ​ទេ។ ​ យ៉ាង​ណា​ក្ដី​ ​គេ​បាន​​ដក់​ជាប់​​ក្ដី​ស្រលាញ់​​ទៅ​នឹង​ភាព​ថ្នឹក​​​ក្នុង​ការ​​ហ្វឹកហាត់ ឬ ​វ៉ៃ​​ដើម្បី​ឲ្យ​ចេញ​​ញើស​​​សម្រាប់​​សុខភាព​ប៉ុណ្ណោះ។

សុវណ្ណារី ​ពន្យល់​ទៀត​ថា ៖«​កាល​នោះ​មាន​មិត្ត​ភ័ក្ដិ​របស់​ខ្ញុំ ​តែ​​ឥឡូវ​ជា​​សង្សារ​របស់​ខ្ញុំ​ ​បាន​ណែ​នាំ​ឲ្យ​​ទៅ​ហ្វឹកហាត់​ប្រដាល់​សកល​នៅ​​​ក្លិប​មួយ​នា​ក្រុង​ឡុងប៊ិច។ ​​ខ្ញុំ​គ្រាន់​តែ​ទៅ​សាក​ល្បង​ព្រោះ​មិត្ត​ប្រុស​របស់​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ទី​នោះ។ ​ប៉ុន្តែ​ ខ្ញុំ​​នៅ​តែ​មិន​អាច​បង់​លុយ​ដើម្បី​ក្លាយ​ជា​សមាជិក​ដដែល។ ​ខ្ញុំ​បាន​ព្យាយាម​ហាត់។ ​​យ៉ាង​ណា​​ក៏​ដោយ​ គ្រូ​របស់​ខ្ញុំ​ចិត្ត​ល្អ​ណាស់​ និង​ ឲ្យ​ខ្ញុំ​ហាត់​ជា​មួយ​គាត់​ដោយ​ឥត​គិត​ថ្លៃ»។

សុវណ្ណារី ​បន្ត​ថា ៖«​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ ខណៈ​ដែល​ខ្ញុំ​ជា​​គ្រាន់​តែ​​ជា​អ្នក​ធ្វើ​ត្រាប់​​តាម​គេ​ ឬ ​​មើល​​​ខ្សែ​ភាព​យន្ត​ក្បាច់​​កុងហ្វូ ​ប៉ុណ្ណោះ។ ​ខ្ញុំ​មិន​ដែល​នឹក​ភ្នក​​ថា​​បាន​ហាត់​ប្រដាល់​សកល​នោះ​ទេ។ វា​ជា​ក្ដី​ស្រលាញ់​របស់​ខ្ញុំ»។

ការ​ផ្លាស់​ប្ដូរ​ក្បាច់​គុន

​ទោះ​ជា​ស្រលាញ់​​​ប្រដាល់​សកល​យ៉ាង​​ជក់ចិត្ត​ប៉ុន្តែ​ ​ក៏​ចង់​​​​ហាត់​ប្រភេទ​កីឡា​ផ្សេង​ដែរ។ ​​បន្ទាប់​មក​គេ​ចាប់​​ផ្ដើម​ហាត់​​​​ក្បាច់​ជឺជិតស៊ូ និង​ចំបាប់​ទៀត​ផង។

កីឡាការិនី​កីឡាកាស​ Ronda Rousey ​ជា​អ្នក​​ជំរុញ​​ទឹក​ចិត្ត​ដល់​រូប​គេ​ឲ្យ​ប្ដូរ​ក្បាច់​គុន​នេះ។ ​​វា​មិន​លំបាក​​ប៉ុន្មាន​ ពេល​​​ប្ដូរ​ពី​ប្រដាល់​សកល​ទៅ​​ហាត់​ក្បាច់​គុន​ចម្រុះ។ ​គេ​​​រៀន​ឆាប់​ចេះ​ឆាប់​ចាំ​ និង​ផ្លាស់​ប្ដូរ​បាន​លឿន។

កូន​ខ្មែរ​នៅ​​អាមេរិក​​​បាន​បង្ហាញ​ទស្សនៈ​ថា ​៖«​វា​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​វែង​ឆ្ងាយ​ ព្រោះ​ខ្ញុំ​​​ជា​កីឡាការិនី​ប្រដាល់​សកល។​ ​វា​ខុស​ពី​ការ​​គិត​បន្តិច​ ​​ព្រោះ​ធ្លាប់​តែ​ឈរ​វ៉ៃ​ ​បែរ​​​មក​​ហាត់​ក្បាច់​ចាប់​ និង​ ​​ប្រើ​ក្បាច់​ចំបាប់ ​ហើយ​គេ​​ប៉ង​ផ្ដួល​ខ្ញុំ​ឲ្យ​ដួល​​ជា​ហូរ​ហែ។ ​វា​ពិត​ជា​ខក​ចិត្ត​ណាស់ ​ព្រោះ​ខ្ញុំ​តែង​តែ​គិត​អំពី​ប្រដាល់»។

​​ទោះ​​លំបាក​បែប​ណា​ក៏​ដោយ​ សុវណ្ណារី​ ​​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​​អភិវឌ្ឍ​ខ្លួន​លើ​ក្បាច់​ចាប់ និង​ ​​សំលៀង​ស្នៀត​​ថ្មី​ៗ​ជា​ប្រចាំ។ ​​គេ​បន្ត​​ហ្វឹកហាត់ ​ និង​ធ្វើ​ឲ្យ​ខ្លួន​រីកចម្រើន​​ឡើង​ជា​បន្ត​បន្ទាប់។

សុវណ្ណារី និយាយ​ទាំង​សំណើច ៖«​​​វា​ជា​ពេល​យូរ​មួយ​។ តែ​ខ្ញុំ​ត្រូវ​តែ​បញ្ចូល​ក្បាច់​​ចំបាប់​មួយ​ទៀត។ ​ខ្ញុំ​ក៏​​ធ្លាប់​អនុវត្តន៍​​វា ​​ហើយ​ក៏​​ស្អប់​ក្បាច់​នេះ​ដែរ។ ​​បែប​ណា​ក៏​ដោយ​​ ខ្ញុំ​​​​បាន​ទទួល​វា និង​មាន​អារម្មណ៍​ល្អ​ ​ដែល​​អាច​​​ផ្សំ​​គ្នា​ដើម្បី​ប្រកួត​បាន»។

ដំណើរ​នៃ​ក្ដី​សុបិន

ពេល​ចូល​រួម​ប្រកួត​នៅ​សង្វៀន​ The Home Of Martial Arts(ONE)​ ​កីឡាការិនី​រហស្សនាម​​ “The Sweet Savage” ពិត​ជា​​រំភើប​ខ្លាំង​​ណាស់​ជា​ពិសេស​ជ័យជម្នះ​ធំធេង​​ពេល​បង្ហាញ​ខ្លួន​ដំបូង​​​ដោយ​ផ្ដួល​​កីឡាការិនី​អ៊ុយក្រែន​ Iryna Kyselova ​ឲ្យ​សន្លប់​ត្រឹម៨១​ វិនាទី​ប៉ុណ្ណោះ​ កាល​ខែ​ ​​ធ្នូ​ ឆ្នាំ ២០១៨។

ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ សុវណ្ណារី ​កាន់​តែ​​មាន​ការ​តាំង​ចិត្ត​​ទ្វេ​​ ព្រោះ​រូប​​គេ​ទើប​ប្រឡូក​​ក្នុង​អាជីព​គុន​ចម្រុះ​​ ​៤​លើក​ប៉ុណ្ណោះ​​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០២០​ នេះ​ និង ​បន្ត​​​​​គោល​ដៅ​ទៅ​មុខ​ទៀត។
សុវណ្ណារី ​បង្ហាញ​​ផ្នត់​គំនិត​​បែប​នេះ​​​ ៖«​​ខ្ញុំ​​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​​តាម​​តែ​អាច​ធ្វើ​​ទៅ​បាន។ ​ខ្ញុំ​នឹង​មាន​ការ​ប្រកួត​បន្ត​បន្ទាប់​ជា​មួយ​ ONE​ ហើយ​ ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​អាច​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ថ្ងៃ​ណា​មួយ។ ​ខ្ញុំ​​ក៏​អាច​ទម្លាក់​គី​ឡូ​មក​ប្រកួត​​ទម្ងន់​ strawweight​ ផង​ដែរ។ ​​ប៉ុន្តែ​​នេះ​​គ្រាន់​តែ​ជា​​​​​គំនិត​ប៉ុណ្ណោះ​។ ​បច្ចុប្បន្ន​​ខ្ញុំ​ខិត​ខំ​​ផ្ដោត​លើ​​​គូ​ប្រកួត​ទម្ងន់​ flyweight សិន»។

ទោះ​បាន​មក​ប្រកួត​នៅ​​ម៉ាឡេស៊ី ពីរ​លើក​ ប៉ុន្តែ សុវណ្ណារី​ មិន​ទាន់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កំណើត​​ដូន​តា​នៅ​ឡើយ​ទេ។ ​ថ្ងៃ​ណា​មួយ​ ​សុវណ្ណារី ​​​​នឹង​មក​​​​​លេង​នៅ​ស្រុក​ខ្មែរ​ជា​លើក​ដំបូង។

សុវណ្ណារី ​បន្ត​ថា​ ៖«​ការ​​ឡើង​ប្រកួត​ គឺ​ជា​ផ្នែក​មួយ​​ដ៏​​ធំ​បំផុត​របស់​ខ្ញុំ​តំណាង​ឲ្យ​វប្បធម៌​របស់​កម្ពុជា ដែល​ខ្ញុំ​ទើប​​តែ​បាន​ឈ្វេង​យល់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​បើ​សិន​មាន​​​ឱកាស​មក​​ប្រកួត​នៅ​ស្រុក​ខ្មែរ ​និង​តំណាង​ជាតិ​នៅ​​លើ​សង្វៀន​ដ៏​ធំ​ហើយ​ផ្សារភ្ជាប់​ទៅ​​នឹង​វប្បធម៌​ខ្មែរ ​​និង​ ​ប្រពៃ​ណី​ ​នោះ​​វា​​ជា​រឿង​​ដ៏​​​អស្ចារ្យ​ខ្លាំង​ណាស់»។

ចុចអាន៖ ONE: NO SURRENDER ​បង្ហាញ​គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ​និង​គូ​​ខ្លាំង​ៗ​បំផុត