Features

ខ្លោចចិត្តជីវិតអ្នកប្រដាល់ សរ សី កម្សត់រកអ្វីប្រៀបពុំបាន

07/07/2020

ជីវិតអ្នកប្រដាល់គុនខ្មែរ និងគុនចម្រុះនៅសង្វៀន ONE Championship សរ សី ឃើញពន្លឺថ្ងៃ​កាល​ណា​ជួប​តែ​កម្សត់វេទនា រហូតដល់ពេលបច្ចុប្បន្នហើយក៏នៅតែមិនធូរស្បើយដែលបញ្ហាជីវិត​តាំង​ពីកុមារ​ភាព​នេះ​មិន​អាច​រក​ពាក្យ​ពេចន៍​អ្វី​មក​អត្ថាធិប្បាយ​ឲ្យ​សម​បាន​ឡើយ។​

សរ សី ដែលកំពុងបង្ហាត់ប្រដាល់គុនខ្មែរបាននិយាយថា ៖«ពេលខ្ញុំឡើងវ៉ៃម្តងៗ មានគេច្រើនណាស់និយាយបែបនេះ បែបនោះ ពីសមត្ថភាពរបស់ខ្ញុំ។ អ្នកខ្លះថា ខ្ញុំវ៉ៃមិនសមជាកីឡាករ អ្នកខ្លះថា ខ្ញុំវ៉ៃយកតែលុយ។ ខ្ញុំមិនបន្ទោសពួកគាត់ទេ ពីព្រោះពួកគាត់មិនបានដឹងពីជីវិតពិតរបស់ខ្ញុំ។ ថាតើខ្ញុំត្រូវរស់យ៉ាងណា? ខ្ញុំមានពេលវេលាហ្វឹកហាត់បែបណា?

សរ សី ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Victorio Senduk

ប្រវត្តិគ្រួសារ

សរ សី បានកើតនៅឆ្នាំ១៩៨២ ក្នុងភូមិស្វាយជ្រំ ឃុំព្រែកដំបង មុខកំពូល ខេត្តកណ្តាល ប្រទេសកម្ពុជាដែលមានឪពុកឈ្មោះ ហាត សី និងម្តាយឈ្មោះ មាន ស័ក្តិ ដែលបានក្លាយជាស្ត្រីមេម៉ាយតាំងពីរូបគេនៅក្នុងផ្ទៃ។

អ្នកប្រដាល់គុនខ្មែរអាយុ៣៨ឆ្នាំរូបនេះរៀបរាប់ថា ពេលដែលរូបគេកើតឡើង ឪពុកបង្កើតបានចាកចេញពីម្តាយរបស់ខ្លួនទៅហើយ។ លោកចាំបានថា ចន្លោះឆ្នាំ១៩៨២ទៅឆ្នាំ១៩៩០ ម្តាយរបស់ខ្លួនពិតជាលំបាកវេទនាខ្លាំងណាស់។

«ពេលខ្ញុំចេះដើរ ខ្ញុំមិនដែលស្គាល់ពាក្យថា ស្រួល សប្បាយរីករាយ មានរបស់ឆ្ងាញ់ ឬរស់នៅស្រួលទេ។ ខ្ញុំដើរតាមម៉ែលក់នំ ដើរលក់ត្រី និងលក់អ្វីៗផ្សេងទៀតដើម្បីបានលុយកាកតិចតួច សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ដឹងស្រាប់ហើយ រកលុយឯណាបានច្រើន បើម៉ែខ្ញុំមានតែដៃពីរ កាន់ល្អីលក់នំ ដើររកត្រីនោះ»។ នេះជាការឲ្យដឹងរបស់ សរ សី ដែលមានទឹកមុខក្រៀមក្រំ។

សរ សី បន្តថា ពេលរូបគេធំបន្តិចពេលខ្លះបានដើរលក់នំតែម្នាក់ឯង ឬទៅរកត្រីក្តាមខ្យងតែម្នាក់ឯង ជាពិសេសដើរចាប់កណ្តុរពេលយប់ ពីព្រោះម្តាយរបស់ខ្លួនក៏ទៅលក់ម្នាក់ឯងដែរ។ ទន្ទឹមជាមួយគ្នានេះ រូបគេក៏បានចូលរៀនដែរ ប៉ុន្តែទៅសាលារៀនមិនបានទៀងទាត់ទេ។ ថ្ងៃខ្លះបានទៅសាលារៀន ហើយថ្ងៃខ្លះក៏មិនបានទៅសាលារៀន។

សរ សី ជាមួយ​ម្តាយ

រស់នៅម្នាក់ឯងទាំងកុមារភាព

ពេល សរ សី ចូលរៀនថ្នាក់ទី៦នៃបឋមសិក្សាគឺជាពេលដែលធ្វើឲ្យរូបគេជួបទុក្ខកម្សត់ខ្លាំងរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
សរ សី រំលឹកថា ៖«ពេលខ្ញុំអាយុប្រហែលជាជាង១០ឆ្នាំ ម្តាយរបស់ខ្ញុំបានទៅធ្វើការនៅស្រែអំបិល ខេត្តកោះកុង។ ខ្ញុំមានបងប្អូន៥នាក់ តែបងស្រីខ្ញុំខ្លះមានគ្រួសារ ខ្លះអត់ទាន់មានពេលនោះ។ ពេលម្តាយខ្ញុំទៅឆ្ងាយ ខ្ញុំបានទៅរស់នៅជាមួយបងស្រី តែនៅអត់សុខស្រួល។ ពេលខ្លះទៅរស់នៅជាមួយពូមីង ក៏រឹតតែមិនស្រួលចិត្តថែមទៀត»។

«ពេលខ្ញុំអាចដាំបាយស្លខ្លួនឯង បោកខោអាវខ្លួនឯងបាន ខ្ញុំក៏រស់នៅតែម្នាក់ឯងនៅផ្ទះរបស់ខ្ញុំដែលម៉ែខ្ញុំមិននៅ។ យូរៗទើបម៉ែផ្ញើលុយឲ្យម្តង។ ខ្ញុំមិនហ៊ានចាយផ្តេសផ្តាសទេ ព្រោះប្រហែលជា១ខែ ឬជាង១ខែទើបម៉ែផ្ញើលុយឲ្យម្តង ហើយខ្ញុំបានដើរចាប់កណ្តុរពេលយប់ដើម្បីយកទៅលក់គ្រាន់បានលុយខ្លះ»។ នេះជាសំដីរបស់ សរ សី។

ជីវិតរស់នៅម្នាក់ឯងពិតជាជួបរឿងកម្សត់ឯកោ ក្តៅរងារ ប៉ុន្តែពេលខ្លះក៏ប្រសើរជាងនៅជាមួយគេដែលទទួលរងការស្តីបន្ទោស និងមើលងាយដែរ។

ប្រហែលជា៣ឆ្នាំក្រោយមកទើបម្តាយបង្កើតរបស់ខ្លួនបានវិលត្រឡប់មកស្រុកកំណើតវិញដែលធ្វើឲ្យរូបគេបានរស់នៅជុំជាមួយសម្តាយមេម៉ាយ។ ទោះបីជាយ៉ាងណា បញ្ហានៅតែកើតមានមិនចេះចប់ដោយសារម្តាយអាយុកាន់តែច្រើន ការងារក៏គ្មានពិតប្រាកដ។ ម្តាយរបស់កីឡាកររូបនេះបានបន្តដើរលក់នំចំណី និងទៅស៊ីឈ្នួលដាំបាយឲ្យគេ។ ពេលចូលថ្នាក់ទី៩ រូបគេបានឈប់រៀន បន្ទាប់ពីប្រឡងមិនជាប់ឌីប្លូម។

ជីវិតតស៊ូលើសង្វៀនគុនខ្មែរ

ក្រោយពេលឈប់រៀន សរ សី មិនមានការងារអ្វីច្បាស់លាស់ទេ ក្រៅតែជួយលក់នំចំណីបន្តិចបន្តួចដល់ម្តាយរបស់ខ្លួន ដូច្នេះនៅឆ្នាំ២០០៣ រូបគេបានសម្រេចចិត្តចូលហាត់ប្រដាល់គុនខ្មែរ។ កីឡាករម្នាក់នេះនៅចាំបានថា បានចូលហាត់ដំបូងនៅក្លឹបកងទ័ពជើងទឹក ប៉ុន្តែហាត់មួយឆ្នាំនោះអត់បានចេញប្រកួតសោះទាំងនៅសង្វៀនទូរទស្សន៍ ឬកម្មវិធីផ្សេងៗ។

កីឡាករវ៉ៃនៅស្ថាប័ន ONE Championship ៤ដងគឺឈ្នះ២ និងចាញ់២ បន្តរៀបរាប់ទៀតថា ក្រោយមករូបគេបានទៅសុំលោកគ្រូ អេ ភូថង ហ្វឹកហាត់។ នៅទីនោះហើយដែលជាឱកាសរូបគេបានចេញប្រកួត។

សរ សី និយាយថា ៖«ពេលទៅហាត់នៅក្លឹបលោកគ្រូ អេ ភូថង ខ្ញុំអត់បានវ៉ៃនៅទូរទស្សន៍ភ្លាមៗទេ ប៉ុន្តែបានដើរវ៉ៃកម្មវិធីបុណ្យទាននៅតាមខេត្ត។ ឲ្យតែមានគេហៅទៅវ៉ៃ គឺខ្ញុំទៅហើយ មិនថា ខេត្តជិតឬឆ្ងាយទេ។ វ៉ៃតាមខេត្តបានលុយមិនច្រើនទេ ពេលខ្លះសូម្បីតែថ្លៃជិះឡានក៏មិនគ្រប់ផង។ ពេលខ្លះខ្ញុំបានសុំលោកគ្រូ អេ ភូថង ផ្ញើលុយឲ្យថ្លៃឡានទៀតផង»។ ក្រោយមករូបគេក៏បានឡើងវ៉ៃនៅតាមកម្មវិធីទូរទស្សន៍ ប៉ុន្តែមិនទាន់ស្ថិតក្នុងគូសំខាន់ឡើយ។

សរ សី និង​កូន

ការចូលប្រឡូកប្រដាល់បានប្រហែលជា៣ឆ្នាំប៉ុណ្ណោះ សរ សី ក៏សម្រេចចិត្តមានគូស្រករ។ កីឡាកររូបនេះបញ្ជាក់ថា រូបគេបានរៀបការនៅឆ្នាំ២០០៧។ ទាំងខ្លួនក៏ខ្វះលុយ ម្តាយក៏ខ្វះលុយ ហើយប្រពន្ធក៏ក្សត់ដូចគ្នា ដូច្នេះមង្គលការរបស់ខ្លួនចំណាយអស់ប្រហែលជា១ពាន់ដុល្លារប៉ុណ្ណោះដែលជាលុយរូបគេសន្សំពីប្រដាល់។ សព្វថ្ងៃនេះមានកូន៤នាក់គឺប្រុស២ និងស្រី២សម្រាប់ជាចំណងដៃនៃអាពាហ៍ពិពាហ៍។

សរ សី បរិយាយទៀតថា កាលខ្លួននៅម្នាក់ឯង មានពេលវេលាច្រើនដើម្បីហ្វឹកហាត់ ប៉ុន្តែពេលមានគ្រួសារមិនសូវមានពេលវេលាច្រើនហ្វឹកហាត់ទេ ពីព្រោះជីវិតពឹងលើរូបគេទាំងស្រុង។ រូបគេហ្វឹកហាត់បានតែ២ឬ៣ថ្ងៃមុនប៉ុណ្ណោះដើម្បីឡើងប្រកួត ហើយបន្ទាប់មកទៅជិះម៉ូតូលក់ទឹកអំពៅ ទឹកសណ្តែក ការ៉ែមជាដើម ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ។

ឪពុកកូន៤នាក់នេះរៀបរាប់ថា ៖«ពេលខ្ញុំបានវ៉ៃគូសំខាន់ៗ ខ្ញុំមានកូន ហើយអត់មានពេលហាត់គ្រប់គ្រាន់ អីចឹងពេលឡើងប្រកួតម្តងៗមិនល្អដូចដែលកីឡាករខ្លាំងៗទេ។ បែបនេះហើយបានជាអ្នកគាំទ្រខ្លះរិះគន់ខ្ញុំខ្លាំង តែពួកគាត់មិនដឹងថា ខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជីវិតប្រពន្ធកូន»។

មាគ៌ាលើនៅសង្វៀន ONE Championship

កីឡាប្រដាល់បានជួយឲ្យកីឡាករ សរ សី ស្គាល់ពិភពខាងក្រៅទាំងខ្លួនមិនដែលគិតស្រមៃថា បានចេញក្រៅប្រទេស។ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ កីឡាកររូបនេះបានប្រកួតនៅលើឆាកអន្តរជាតិដ៏ធំនេះដោយទទួលបានជ័យជម្នះលើកីឡាករ ជឹម ចិត្រា ដែលរៀបចំការប្រកួតនៅប្រទេសកម្ពុជា។

បន្ទាប់មកនៅឆ្នាំ២០១៨ សិស្សរបស់ក្លឹប Cambodian Top Team បានចេញទៅប្រកួតនៅក្រៅប្រទេស៣ដងគឺ ប្រទេសមីយ៉ាន់ម៉ា និងនៅប្រទេសឥណ្ឌូណេស៊ីដែលជាពេលរូបសាងកំណត់ត្រាជ័យជម្នះលើកីឡាករម្ចាស់ផ្ទះ Victorio Senduk ហើយចុងក្រោយប្រកួតនៅប្រទេសហ្វីលីពីន។ កីឡាករកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅប្រទេស ដោយសារវ័យកាន់តែច្រើន សមត្ថភាពនៅល្អ។

សរ សី (ឆ្វេង) និង​កីឡាករ Victoria (ស្តាំ)

ក្លាយខ្លួនជាគ្រូបង្ហាត់

សរ សី បានចាប់អាជីពបង្ហាត់កីឡាប្រដាល់ពេញម៉ោងដើម្បីរកលុយចិញ្ចឹមគ្រួសារ ពីព្រោះគ្មានការងារអ្វីផ្សេង និងវ័យកាន់តែចាស់ដែលពិបាកឡើងប្រកួត។ សព្វថ្ងៃនេះលោកកំពុងបង្ហាត់ប្រដាល់នៅក្លឹបរបស់លោកគ្រូ ហ៊ុន ចាន់រាជ្យ Cambodia Top Team។ រយៈពេលកន្លះខែ ឬ១ខែទើបផ្ញើលុយទៅឲ្យប្រពន្ធ ហើយពេលខ្លះមួយខែទើបបានទៅជួបមុខប្រពន្ធកូនម្តង។

មុនពេលធ្វើជាគ្រូបង្ហាត់នៅខ្មែរ សរ សី ក៏ធ្លាប់បានទៅផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ និងបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ។ ជាពិសេសទៀតនោះ លោកក៏បានបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយដែលទទួលស្គាល់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រឹមត្រូវ ប៉ុន្តែដោយសារបញ្ហាខ្វះខាតផងនោះទើបលោកផ្អាកជាបណ្តោះអាសន្នសិន។ លោកមានគោលបំណង៣គឺទី១ បើកក្លឹបបង្ហាត់ប្រដាល់ដោយខ្លួនឯង ទី២ចង់ក្លាយជាអាជ្ញាកណ្តាល និងចៅក្រមពេញសិទ្ធិរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទី៣ចង់ក្លាយទាហាន ឬប៉ូលិសដែលមានក្របខណ្ឌពិតប្រាកដ៕

ក្លឹប​ប្រដាល់​របស់ សរ សី

កូន​សិស្សនៅ​ក្លឹប​របស់​ខ្លួន