Features

កីឡាការិនី​ពហុ​ជំនាញ​ នៅ​ ស្រីពៅ​ ជម្នះ​សំដី​​អ្នក​ដទៃ​ រហូត​ទទួល​បានការ​កោត​សរសើរ

03/07/2020

មុន​ពេល​ផ្តល់​ឲ្យ​ក្រុម​គ្រួសារ​មាន​មោទកភាព​ និង​ការ​កោត​សរសើរ​ពី​អ្នក​ដទៃ​ស្ទើរ​ទូទាំង​តាម​រយៈ​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​នៃ​សង្វៀន​ធំ​លំដាប់​ពិភពលោក ​ONE Championship​ នៅ​ ស្រីពៅ​ បាន​ទទួល​រង​ពាក្យ​សំដីមើល​ស្រាល​ មិន​ឲ្យ​តម្លៃ​ក្នុង​នាម​ជាស្ត្រី​ភេ​ទ​​ដែល​ប្រឡូក​ចូល​ក្នុង​អាជីព។

ក្នុង​គ្រួសារ​ដែល​មាន​​បង​ប្អូន​បង្កើត​៨​នាក់​ (ស្រី៦​ និង​ប្រុស​២) នៅ​ ស្រីពៅ​ កើត​ថ្ងៃ​ទី​​១​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៥​ នៅ​ភូមិ​ជើង​ឯក​ សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ដែល​មាន​ឪពុក​ឈ្មោះ​ គង់​ នៅ​ និង​ម្តាយ​ឈ្មោះ​ គឹម​ សយ។ ជីវភាព​គ្រួសារ​ពឹង​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​ និង​ម្តាយ​លក់​ត្រី​។

Nou Srey Pov beats Rika Ishige

កីឡាការិនី នៅ​ ស្រីពៅ ពេល​ឈ្នះ​កីឡាការិនី Rika

ពី​កម្មការិនី​រោង​ចក្រ​កាត់ដេរ​ក្លាយ​ជា​អ្នក​ប្រដាល់​

នៅ​ ស្រីពៅ​ ជា​ក្មេង​ស្រី​ដែល​ស្អប់​ខ្ពើម​នឹង​ការ​ស្តី​បន្ទោស​ពី​អ្នក​ដទៃ​តាំង​ពី​តូច​ និង​ចង់​ធ្វើ​អ្វី​ដែល​ជា​ចំណង់​ចំណូលចិ​ត្ត​របស់​ខ្លួន​ឯង។ ក្រោយ​ពេល​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៩​ នៅ​ ស្រីពៅ​ បាន​ចូល​ធ្វើ​ការ​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ដើម្បី​រក​ចំណូល​ជួយ​គ្រួសារ។ ស្រីពៅ​ រំលឹក​ថា​ ៖«ពេល​ខ្ញុំ​ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់ដេរ​ ខ្ញុំ​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ជា​ច្រើន​លើក។ ខ្ញុំ​ពិត​ជាឈឺ​ចាប់។ ខ្ញុំ​មិន​ចង់​ឮ​ពាក្យ​បែប​នោះ​ទេ។ ខ្ញុំ​ធ្វើ​ការ​នៅ​រោង​ចក្រ​បាន​ជាង​មួយ​ឆ្នាំ​ក៏​បាន​ឈប់»។

ពេលកញ្ញាបានចាកចេញពីការងារនៅរោង​ចក្រ​កាត់​ដេរ កញ្ញា​បាន​ចាប់​អារម្មណ៍​នឹង​កីឡា​ប្រដាល់​ដោយសារ​លោក​ឪពុក​ជា​អ្នក​បង្ហាត់​ប្រដាល់ ​ប៉ុន្តែ​ម្តាយ​បាន​ជំទាស់។ «ខ្ញុំ​ចូល​ចិត្ត​ប្រដាល់​តាំង​ពី​តូច​ អីចឹង​ខ្ញុំ​សុំ​ប៉ាម៉ាក់​ហាត់​ប្រដាល់​ តែ​ម៉ាក់​មិន​ព្រម។ ខ្ញុំ​បាន​អង្វរ​ម៉ាក់​ ហើយ​គាត់​ក៏​បាន​យល់​ព្រម។ ខ្ញុំ​បាន​តាំង​ចិត្ត​ថា​ ត្រូវ​តែ​ចាប់​អាជីព​នេះ​ឲ្យ​ពិត​ប្រាកដ»។ នៅ​ ស្រីពៅ​ បាន​ប្រាប់​ក្រុម​ការងារ​ ONE Championship។

ជម្នះ​សំដី​អ្នក​ដទៃ​រហូត​ទទួល​បាន​ការ​កោត​សរសើរ

ពេល​ទទួល​បាន​ការ​យល់​ព្រម​ពី​អ្នក​មាន​គុណ​ឲ្យ​ចូល​ប្រឡូក​ប្រដាល់​ នៅ ស្រីពៅ​ បាន​ឮ​ផ្ទាល់​ត្រចៀក​ផ្ទាល់​ដែល​និយាយ​ពី​ស្ត្រី​ភេទ​មិន​គួរ​ធ្វើ​ជា​អ្នក​ប្រដាល់​ និង​មើល​មិន​ឃើញ​ពី​តម្លៃ​សម្រាប់​ស្ត្រី​ផ្នែក​ជំនាញ​វ៉ៃ​តប់។

យ៉ាង​ណា នៅ ស្រីពៅ បាន​យក​ប្តេជ្ញា​យក​ឈ្នះ​សំ​ដី​ទាំង​នោះ​ពី​អ្នក​ដទៃ​ឲ្យ​បាន។ អ្នក​លេង​គុន​ខ្មែរ​វ័យ​២៥​ឆ្នាំ​បាន​និយាយ​ថា​ ៖​«​ខ្ញុំ​បាន​តាំង​ចិត្ត​ថា​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ហើយ​ត្រូវ​យក​ឈ្នះ​អ្នក​មិន​ឲ្យ​តម្លៃ​ទាំង​នោះ»។ ព្រម​ដោយ​ចំណង់​ចំណូល​ចិត្ត​ និង​ប្តេជ្ញា​យក​ឈ្នះ​ចិត្ត​អ្នក​ដទៃ​ផង​នោះ​ នៅ​ ស្រីពៅ​ បាន​ខិត​ខំ​ហ្វឹកហាត់​ទាំង​យប់​-​ថ្ងៃ​ដោយ​មិន​គិត​ពី​ការ​នឿយហត់។ កញ្ញា​បាន​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ​ ម៉ាក ​សាខន​ នៅ​ក្លឹប​តាឡីដំរីមានរិទ្ធិ មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ក៏​ឆាប់​ចេះ​ចាំ​ យល់​ និង​ចាប់បាន​លឿន​ពី​អ្វី​ដែល​គ្រូ​បាន​បង្ហាត់​បង្រៀន។

នៅ ស្រីពៅ (ឈរ) ពេល​វ៉ៃ​ជាមួយ Rika (ដេក)

ស្រីពៅ​ បាន​​ឲ្យ​ដឹង​ថា ៖​«​ខ្ញុំហ្វឹក​ហាត់​ប្រដាល់​បាន​ប្រហែល​​មួយ​ខែ​ប៉ុណ្ណោះ​ លោក​គ្រូ​បាន​ចាប់​ឲ្យ​ខ្ញុំ​ឡើងវ៉ៃ​។​ ពេល​ឡើង​វ៉ៃ ​ខ្ញុំ​ទទួល​បាន​ជ័យជម្នះ ជា​​បន្ត​​បន្ទាប់​​រហូត​​បាន​​វ៉ៃ​​អន្តរជាតិ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ ជា​ពិសេស​ខ្ញុំ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក។ ពេល​ខ្ញុំ​ប្រកួត​ឈ្នះ​ខ្សែក្រវាត់ ​ឈ្នះ​មេដាយ​មាស​ងថ្នាក់​ជាតិ​ និង​ឈ្នះការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ប៉ាម៉ាក់​របស់​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។ ពិសេស​ម៉ាក់​របស់​ខ្ញុំ​មាន​មោទកភាព​ចំពោះ​ខ្ញុំ។ ជាង​នេះ​ទៀត​នោះ អ្នក​ដ​ទៃ​លែង​មើល​ស្រាល​ខ្ញុំ និង​បាន​កោត​សរសើរ​ខ្ញុំ​គ្រប់​ៗ​គ្នា»។ បន្ទាប់​មកកីឡា​ការិនី​រូប​នេះ​ហាត់​នៅ​ក្លឹប Cambodia Top Team ដើ់ម្បី​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។

ឪពុក​​មាន​​ជំងឺ​​ប្រចាំ​​កាយ​

កីឡាការិនី​ជំនាញ​ច្រើន​ នៅ​ ស្រីពៅ​ បាន​​ប្រាប់​ថា​ លោក​ឪពុក​ គង់​ នៅ​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វ​ថ្ងៃ​នេះ​លោក​មាន​អាយុ​៦១​ឆ្នាំ​ដោយ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ក្រពះ​ និង​មាន​ជំងឺ​បំពង​ក​ស្តើង​ថែម​ទៀត​ដែល​មាន​តាំង​ពី​មុន​ពេល​​កញ្ញា​​បាន​ក្លាយ​ជា​អ្នក​ប្រដាល់​មក​ម្ល៉េះ។ កញ្ញា​បាន​ប្រាប់​ថា​ ពេល​ខ្លះ​លោក​ឪពុក​មាន​អាការៈ​ធ្វើ​ទុក្ខ​ខ្លាំង​ត្រូវ​ចំណាយ​លុយ​រាប់​ពាន់​ដុល្លារ​ដើម្បី​ព្យាបាល។ ជំងឺ​បែប​នេះ​នឹង​កើត​មាន​អាការៈ​ធ្ងន់ធ្ងរ​ភ្លាម​ៗ​ ប្រសិន​បើ​មិនប្រឹង​ប្រយ័ត្ន​ជា​ប្រចាំ។

នៅ ស្រីពៅ ជាមួយ​ប៉ាម៉ាក់របស់​នាង (រូបភាព​ផ្តល់​ឲ្យ)

ស្រីពៅ​ បាន​និយាយ​ថា ៖«មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ត្រូវ​យក​ប៉ា​ទៅ​ពិនិត្យ​តាម​ដាន​សុខភាព​នៅ​មន្ទីរ​ពេទ្យ​ជា​រៀង​រាល់​ខែ​ ពីព្រោះ​បើ​មិន​ទៅ​ពិនិត្យ​ព្យាបាល​រាល់​ខែ​ទេ​ អាចបណ្តាល​ឲ្យ​ក្អួត​ចេញ​ឈាម។ រាល់​ខែ​នេះ​​ ​ទៅ​ពេទ្យ​ម្តង​ៗ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់២០០​ដុល្លារ»។

ចំណែក​ ម្តាយ​របស់​កីឡាការិនី​រូប​នេះ​ក៏​មាន​សុខភាព​មិន​សូវ​ល្អ​ប្រសើ​ដែរ។ ស្ថិត​ក្នុង​វ័យ​៥៩​ឆ្នាំ​ អ្នក​ស្រី​ គឹម​ សយ​ មាន​សុខភាព​ទ្រុឌ​ទ្រោម​ដោយ​នៅ​តែ​ផ្ទះ​មើល​ថែ​ចៅ​ និង​មិន​អាច​ធ្វើ​ការងារ​អ្វី​ធ្ងន់​បាន​ឡើយ។

ជាប់​ជម្រើស​ជាតិ

បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​តែ​ប្រហែល​ជា​២​ឆ្នាំ​ប៉ុណ្ណោះ​ នៅ​ ស្រីពៅ​ បាន​ជាប់​ជម្រើស​ជាតិ​ផ្នែក​កីឡាប្រដាល់​សកល​​​ពី​ឆ្នាំ​២០១៨​រហូត​ដល់​បច្ចុប្បន្ន​ ប៉ុន្តែ​បើ​និយាយ​ពី​ជំនាញ​គឺ​កញ្ញា​ចេះ​ច្រើន​មាន​ គុន​ខ្មែរ​ គុន​ចម្រុះ​ ប្រដាល់​សកល​ និងឃីក​បុកសីង។​ កញ្ញា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០១៩​ នៅ​ប្រទេសហ្វីលីពីន​ និង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ ​ដូច​ជា​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០១៨​ នៅ​ប្រទេស​ ថៃ​ មីយ៉ាន់ម៉ា​ ឥណ្ឌូណេស៊ី​ និង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន។

នៅ ស្រីពៅ (កណ្តាល​ពាក់​វែន​តា) ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា (រូប​ភាពផ្តល់​ឲ្យ)

​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​លើ​ឆាក​អន្តរជាតិ

ជាមួយ​នឹង​បទ​ពិសោធ​លើ​សង្វៀន​៦៥​ដង​ (ឈ្នះ​៤៥​ដង ចាញ់​១៧​ដង និង​ស្មើ ៤​ដង) នៅ​ ស្រីពៅ​ បាន​ប្រឡូក​ក្នុង​​អាជីព​​ប្រដាល់​ប្រហែល​​​ជា​​៥​ឆ្នាំ​​ហើយ។ ក្នុង​​រយៈ​​ពេល​នេះ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​គឺ​ជា​ជោគជ័​យ​ធំ​ធេង​​ សម្រាប់​ខ្លួន​ឯង​ គ្រួសារ​ និង​ប្រទេស​ជាតិ។

ស្រីពៅ​ បាននិយាយ​ថា​ ៖«ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ខ្លួន​ឯង​ធ្វើ​បាន​សម្រេច​ដល់​កម្រិតនេះទេ។ ខ្ញុំ​ទទួល​បាន​ជោគជ័យ​ប្រកួត​នៅ​កម្មវិធី​ World​ Lethwei Championship ២​ដង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ឆ្នាំ​២០១៨-២០១៩ ក៏​បាន​ជាប់​ឈ្មោះ​ជា​«កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ»។

«ជោគជ័យ​បំផុត​របស់​ខ្ញុំ​លើ​កីឡាការិនី​ថៃ​ Rika​ “Tiny ​Doll”​ Ishige​ ក្នុង​ការប​ង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្មវិធី​ប្រដាល់​ធំ​ ONE Championship​ បាន​ធ្វើ​ខ្ញុំ​ទទួល​បាន​ការ​កោត​សរសើរ​ពី​គ្រប់​មជ្ឈាន​ទូទាំង​ប្រទេស​ និង​ក្រៅ​ប្រទេស​ថែម​ទៀត។ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ ONE​ Championship​ ដែល​ផ្តល់​ឪកាស​ដល់​ខ្ញុំ​ជា​បន្ត​បន្ទាប់»។

នៅ ស្រីពៅ ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ (រូបភាព​ផ្តល់​ឲ្យ)

សមិទ្ធផល

  • ឈ្នះ​មេដាយ​មាស​ប្រដាល់​សកល​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨
  • ឈ្នះ​មេដាយ​មាស​ប្រដាល់​សកល​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩
  • ឈ្នះ​ខ្សែក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​ឆ្នាំ​២០១៩
  • កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ World Lethwei Championship

នៅ ស្រីពៅ បង្ហាញ​ពី​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ និង​ស្លាក​សញ្ញា​ប្រកួត​ឈ្នះ​នៅ ONE Championship (រូបភាព​ផ្តល់​ឲ្យ)

តាម​រយៈ​លទ្ធផល​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​បាន​ផ្តល់​ឲ្យ​ នៅ​ ស្រីពៅ​ ទទួល​បាន​កម្រៃ​គួរ​សម​ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវិត​គ្រួសារ​ដែល​ត្រូវ​ការ​ថវិកា​ចាំ​បាច់​រាល់​​ខែ​​ដើម្បី​ព្យាបាល​ជំងឺ​លោក​ឪពុក។ កញ្ញា​បញ្ជាក់​ថា​ ដើរ​មក​ដល់​ថ្ងៃ​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​ក៏​ដូច​ជា​សង្គម​ជាតិ​ឡើយ​។ កញ្ញា​ចង់​ទទួល​លទ្ធផល​ពី​ឆាក​អន្តរជាតិ​ឲ្យ​បាន​ធំ​ជាង​នេះ​ថែម​ទៀត​មុន​ពេល​អាយុ​កាន់​តែ​ច្រើន​ដែល​ចុង​ក្រោយ​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​ប្រដាល់៕

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionshipនិង ​​ហ្វេសប៊ុកONEChampionship